ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​ក្នុង​ការ​ដាំ​ត្រឡាច​បាន​ផ្លែ​ច្រើន

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ការ​ដាំ​ដំណាំ​ទៅ​តាម​ទម្លាប់​ដែល​គ្មាន​ចំណេះ​ជំនាញ​ខាង​បច្ចេកទេស មិនមែន​ថា​មិន​ទទួលផល​ទេ គ្រាន់តែ​មិន​បាន​ដូច​បំណង​របស់​យើង ។ ប៉ុន្តែ​បើ​យើង​មានបទពិសោធន៍ គួប​ផ្សំ​នឹង​បច្ចេកទេស ប្រាកដ​ណាស់​ថា​នឹង​ទទួល​បាន​ផល​គួរ​ជាទី​គាប់ចិត្ត​មិន​ខាន ។…

ខេត្តតាកែវ ៖ ការ​ដាំ​ដំណាំ​ទៅ​តាម​ទម្លាប់​ដែល​គ្មាន​ចំណេះ​ជំនាញ​ខាង​បច្ចេកទេស មិនមែន​ថា​មិន​ទទួលផល​ទេ គ្រាន់តែ​មិន​បាន​ដូច​បំណង​របស់​យើង ។ ប៉ុន្តែ​បើ​យើង​មានបទពិសោធន៍ គួប​ផ្សំ​នឹង​បច្ចេកទេស ប្រាកដ​ណាស់​ថា​នឹង​ទទួល​បាន​ផល​គួរ​ជាទី​គាប់ចិត្ត​មិន​ខាន ។

កសិករ​សម្បូរ​គំនិត​ច្នៃប្រឌិត​ខាង​កសិកម្ម​ដែល​ល្បីឈ្មោះ​បោះ​សំឡេង​យូរ​មក​ហើយ រស់នៅ​ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ លោក រស់ ម៉ៅ បាន​ប្រាប់​កោះសន្តិភាព​ម្តងទៀត​ថា គាត់​មាន​បច្ចេកទេស​ដាំ​ដំណាំ​ត្រឡាច​ឱ្យ​ទទួល​បាន​ផ្លែ​ច្រើន ។

លោក​លើក​ឡើង​ថា ជា​ទូទៅ​ដំណាំ​ត្រឡាច​ក្នុង​១​គុម្ព វា​ផ្តល់​ផល​ច្រើន​បំផុត​តែ​៥​ផ្លែ​ប៉ុណ្ណោះ ហើយ​ភាគច្រើន​វា​រួញ​ទង ឬ​មាន​ត្រណមផ្សេង​ៗ​។ ក្រោយមក​លោក​បាន​ដក​ពិសោធ​ទៅ​លើ​ត្រឡាច់​១​គុម្ព​ដែល​ដុះ​ដោយ​ខ្លួនឯង ហើយ​ឃើញ​ថា​មាន​ផ្លែ​យ៉ាងច្រើន​ខុស​ពី​យើង​ដាំ​តាម​ទម្លាប់ ។ លោក​ថា ដើម្បី​ដាំ​ត្រឡាច​ឲ្យ​មាន​ផ្លែ​ច្រើន​ដូចនេះ យើង​ត្រូវ​កាប់​រណ្តៅ​ទំហំ​៤០​សង់ទីម៉ែត្រ​៤​ជ្រុង ក្នុង​ជម្រៅ​កន្លះ​ម៉ែត្រ ហើយ​បើ​យើង​ដាំ​នៅ​ខែប្រាំង​ត្រូវ​យក​កម្ទេចកម្ទី​សំរាម​ដុត​ដាក់​ក្នុង​រណ្តៅ តែបើ​នៅ​ខែវស្សា​ត្រូវ​បាច​កំបោរ​.​ស​ក្នុង​រណ្តៅ​មុន​ពេល​ដាំ ។ ដោយឡែក​គ្រប់​ពូជ​មុន​ពេល​ដាក់​បណ្តុះ យើង​ត្រូវ​យក​ទៅ​ហាល​ថ្ងៃជា​មុន​សិន​ដើម្បី​ជា​ការ​ដាស់​ដំណេក​វា បន្ទាប់​មក​យក​ទៅ​ត្រាំ​ទឹក​មួយ​យប់​រួច​យក​ទៅ​កប់​ក្នុង​ដី​កន្លះ​ថ្ងៃ​ថែម​ទៀត ។ ការ​ធ្វើ​បែប​នេះ​គ្រាប់​ត្រឡាច​នឹង​អាច​ឆាប់​ដុះ​គឺ​ក្នុង​ចន្លោះ​ពេល​ពី​៨​ទៅ​១២​ថ្ងៃ​ប៉ុណ្ណោះ ហើយ​នៅ​ពេល​វា​ដុះ​បាន​ស្លឹក​ពីរ ទើប​យើង​យក​វា​ទៅ​ដាំ​ក្នុង​រណ្តៅ​ដែល​យើង​បាន​រៀបចំ​នោះ ។ ក្រោយ​ដាំ​រួច យើង​ត្រូវ​អនុវត្ត​៣​ជំហាន​គឺ ៖

-​ជំហាន​ទី​១ ពេល​កូន​ត្រឡាច​ដុះ​លូតលាស់​បាន​៧​សន្លឹក​យើង​ត្រូវ​ក្ដិចត្រួយ​វា​ម្តង ក្រោយមក​យើង​នឹង​ទទួល​បាន​ទង​ថ្មី​ចំនួន​៣​បន្ថែម ។

-​ជំហាន​ទី​២​ទង​ដែល​បែកចេញ​នោះ នៅ​ពេល​វា​លូតលាស់​បាន​៧​ស្លឹក​យើង​បន្ត​អនុវត្ត​ដូច​ជំហាន​ទី​១​ទៀត ពេល​នោះ​យើង​នឹង​ទទួល​បាន​ទង​ថ្មី​ចំនួន​៧​បន្ថែម​ទៀត ។

– ជំហាន​ទី​៣ យើង​នៅ​តែ​បន្ត​អនុវត្ត​ដូច​ជំហាន​ទី​១ និង​ទី​២​ដដែល ហើយ​ពេល​នោះ​យើង​នឹង​ទទួល​បាន​ទង​ថ្មី​ពី​៣០​ទៅ​៣៥​ទង ដូច្នេះ​វា​ជា​ដំណាក់​កាលដែល​យើង​ត្រូវ​បន្ថែម​ជីធម្មជាតិ​ដើម្បី​ជួយ​ទ្រ​ង្រ​ង់ ការ​លូតលាស់​របស់​វា ។ ការ​ដាក់​ជី​នេះ យើង​ត្រូវ​វាស់​ចេញពី​រណ្តៅ​ត្រឡាច​ពី​៣០​ទៅ​៥០​សង់ទីម៉ែត្រ ជម្រៅ​និង​មាត់​រណ្តៅ​៥០​សង់ទីម៉ែត្រ រីឯ​បណ្តោយ​១​ទៅ​២​ម៉ែត្រ ធ្វើ​បែប​នេះ​ត្រឡាច់​លូតលាស់​បាន​ល្អ​រយៈពេល​យូរ​រហូត​ដល់​ជាង​២​ខែ ហើយ​ក៏​ជា​ដំណាក់​កាលដែល​ត្រឡាច​ចាស់​ទង និង​ចាប់ផ្តើម​ចេញ​ផ្កា និង​ផ្លែ​ដែរ ។ លោក​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១០-២០១១ លោក​ដាំ​ត្រឡាច​១​គុម្ព​ទទួល​បាន​ផល​ត្រឹមតែ​៥០​ផ្លែ​ប៉ុណ្ណោះ តែ​ឆ្នាំ​២០១៤ កន្លង​ទៅ ក្នុង​១​គុម្ព លោក​ទទួល​បាន​ផល​រហូត​ដល់​១៥០​ផ្លែ ។

លោក​បន្ត​ថា ការ​ដាំ​ត្រឡាច​ទទួល​បាន​ផល​ច្រើន​នេះ​លោក​បាន​ដក​ពិសោធ​ឃើញ​ដោយ​ខ្លួនឯង​កាលពី​ឆ្នាំ​២០០៦-២០០៧ បូក​រួម​នឹង​ការ​ចូលរួម​វគ្គ​សិក្សា​ខ្លះ​ៗ​ពី​អង្គការ​សេ​ដាក ហើយ​ពេល​នេះ​លោក​បាន​យក​ជំនាញ​ទាំងនេះ​ទៅ​បង្រៀន​តាម​សហគមន៍​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដោយ​ពួក​គេ​អនុវត្ត​តាម​ទទួល​បាន​ជោគជ័យ ដូច​ជា​នៅ​ខេត្តស្វាយរៀង ទទួល​បាន​១០០​ផ្លែ ខេត្តក្រចេះ និង​ស្ទឹង​ត្រែង បាន​១២០​ផ្លែ និង​ខេត្តសៀមរាប បាន​១៦០​ផ្លែ និង​ក្រៅពី​នេះ​បាន​ត្រឹមតែ​៦០​ផ្លែ​ប៉ុណ្ណោះ ។ រហូត​មក​ដល់​ពេល​នេះ បើ​គិត​ជា​សមាជិក​ដែល​បាន​ចូល​រៀន​ពី​បច្ចេកទេស​កសិកម្ម​ជាមួយ​លោក មាន​ប្រហែល​១​ម៉ឺន​នាក់​ហើយ ៕