ខេត្តកំពង់ចាម ៖ ដីក្រហមក្រៅពីមាន ជីជាតិសម្រាប់ដំណាំកៅស៊ូ ក៏ត្រូវបានប្រជាពលរដ្ឋកែច្នៃដាំឃ្លោកនៅលើផ្ទៃដីជិត៣ហិកតា ដែលពេលនេះកំពុងតែហុចផលបណ្តើរៗ ស្ថិតនៅភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ និងត្រូវបានម៉ូយមកប្រមូលទិញដល់ចំការតែម្តង ដឹកមកលក់នៅតាមផ្សារក្នុងក្រុងកំពង់ចាម ផ្សារនៅខេត្តកំពង់ធំ និងរហូតដល់ខេត្តស្វាយរៀងផងដែរ ។
ឈ្មោះ ហយ ហេន អាយុ៣៨ឆ្នាំ នៅឃុំបុសខ្នុរ ស្រុកចំការលើប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ធ្នូថា គាត់និងប្រពន្ធបានធ្វើដំណើរចេញពីផ្ទះជាមួយនឹងប្រពន្ធមកស៊ីឈ្មួលបេះផ្លែឃ្លោកឲ្យម្ចាស់ចំការម្នាក់ឈ្មោះ ឡែន ដោយក្នុង១ថ្ងៃបានកម្រៃចំនួន២០.០០០រៀល ។ រួមទាំងប្រពន្ធបាន៤០.០០០រៀល ការបេះនេះត្រូវបានដើរមើលផ្លែឃ្លោកណា ដែលរីកធំធាត់ល្អនិងត្រូវប្រើកាំបិតកាត់ទងដោយថ្មមៗដើម្បីជៀសវាងប៉ះពាល់ដើមដែលវារនៅលើដីមានផ្លែតូចធំជាច្រើនទៀត ។ ឈ្មោះ ហយ ហេន ប្រាប់បន្តថា ក្នុងពេលដែលឃ្លោកបានហុចផលឱ្យដំបូងពួកគាត់បានដើរបេះរាល់ថ្ងៃ តែក្រោយមករាងស្កាលបន្តិច ក៏ត្រូវបានបេះ១ថ្ងៃរំលង១ថ្ងៃទើបបេះទៀតដោយបានដើរប្រមូលផលដាក់កន្ត្រក់ប្រមូលបានយកទៅដាក់ជាគំនរនៅចិញ្ចើមថ្នល់ ដើម្បីរង់ចាំម៉ូយមកទទួលយក ។
ចំពោះសកម្មភាពប្រមូលផលឃ្លោកនេះ ត្រូវបានប្រើពេលវេលាយ៉ាងហោចណាស់២ខែទៀតទើបប្រមូលផលអស់ ហើយដើមឃ្លោកក៏នឹងត្រូវងាប់ ។ បន្ទាប់មកម្ចាស់ចំការនឹងបានចាប់ផ្តើមដាំដុះនៅដំណាំបន្តទៀតទៅតាមរដូវកាលនីមួយៗ ។ ផុតពីនេះទៅគាត់នឹងដើរស៊ីឈ្មួលកាច់ពោត និងជម្រះស្មៅចំការឲ្យគេម្តង ។
បុរសឈ្មោះ នូ ឡែន អាយុ៥១ឆ្នាំ ម្ចាស់ចំការរស់នៅភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំការលើ ប្រាប់ឲ្យដឹងដែរថា ផ្ទៃដីរបស់គាត់ជិត៣ហិកតា ដែលនៅជាប់នឹងផ្លូវថ្នល់នោះ គាត់បានជួលពីគេក្នុង១ហិកតាតម្លៃ៥០០ដុល្លារក្នុង១ឆ្នាំ នៅដើមរដូវគាត់ដាំសណ្តែកដី លុះពេលផុតពីនេះដាំឃ្លោកនៅចុងរដូវ ដែលកំពុងតែហុចផលបណ្តើរ ជាមធ្យមក្នុង១ហិកតាឃ្លោកហុចផលពី៣០ទៅ៥០ឡូត៍ផងដែរ ។ នៅពេលដែលកម្មករប្រមូលបានផលហើយនោះ គឺមានម៉ូយមកទិញដល់ចំការ ដោយក្នុង១ឡូត៍អាចលក់បានក្នុងតម្លៃ៥.០០០រៀល ត្រូវបានគេទិញយកទៅលក់នៅខេត្តកំពង់ធំ ផ្សារក្រុងកំពង់ចាម និងផ្សារនៅខេត្តស្វាយរៀង ជាប់ព្រំប្រទល់ជាមួយនឹងប្រទេសវៀតណាម ។
គាត់ប្រាប់បន្តថា សម្រាប់ដី១ហិកតាជួលគេ៥០០ដុល្លារ ក្នុងពេលដែលដាំសណ្តែកដី ផលដែលបានមកគ្រាន់នឹងទូទាត់ការជួលថ្លៃដី លុះផុតពីនេះបានដាំឃ្លោកត្រូវបានទទួលផលចំណេញ តែមិនបានច្រើននោះទេគឺគ្រាន់តែនឹង ដោះស្រាយជីវភាពគ្រួសារ និងឧបត្ថម្ភដល់កូនៗបានទៅរៀនសូត្រផងដែរ ៕
ចែករំលែកព័តមាននេះ