កូរ៉េខាងជើង ៖ តាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានព្រមានពលរដ្ឋរបស់ខ្លួនឱ្យស្នាក់នៅក្នុងផ្ទះ ដោយនិយាយថា ការហើរធូលីពណ៌លឿង ពីប្រទេសចិន ដែលមានលក្ខណៈជារដូវកាល អាចនាំយកមកនូវជំងឺកូវីដ១៩ មកតាម។
កាសែតផ្លូវការរបស់គណបក្សកូរ៉េខាងជើង Rodong Sinmun បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ដោយសារការឆ្លងវីរុសថ្មីនេះ បានរីករាលដាលពាសពេញពិភពលោក យើងត្រូវតែធ្វើការដោះស្រាយជាមួយនឹងធូលីលឿងនេះឱ្យបានម៉ត់ចត់»។
គេបានអះអាងថា វីរុសដែលបង្កឱ្យទៅជាកូវីដអាចរាលដាលមកកូរ៉េខាងជើងតាមរយៈដីខ្សាច់ពីវាល Gobi ដែលស្ថិតនៅចម្ងាយ ១,៩០០គីឡូម៉ែត្រ។ គេនៅតែអនុវត្តការរក្សាគម្លាតសុវត្ថិភាពចម្ងាយ២ម៉ែត្រពីគ្នា ដើម្បីការពារការឆ្លង។
កាសែតកូរ៉េខាងជើងបាននិយាយថា ពលរដ្ឋគួរតែចៀសវាងពីសកម្មភាពខាងក្រៅហើយត្រូវធ្វើតាមគោលការណ៍ណែនាំការពារដូចជាពាក់ម៉ាសពេលពួកគេចេញទៅខាងក្រៅ។ កូរ៉េខាងជើងមិនបានរាយការណ៍ថាមានករណីឆ្លងវីរុសនេះទេ។
ទីក្រុងព្យុងយ៉ាង បានដាក់ការត្រួតពិនិត្យតាមព្រំដែនយ៉ាងតឹងរឹង និងវិធានការដាច់ខាតដើម្បីការពារការផ្ទុះឡើង។ ក្រុមអ្នកវិភាគនិយាយថា ការផ្ទុះឡើងមួយអាចធ្វើឱ្យអន្តរាយដល់ប្រទេសដែលមានភាពឯកោខាងសេដ្ឋកិច្ចនិងនយោបាយមួយនេះ៕
ចែករំលែកព័តមាននេះ