អ្នកមានផ្ទះក្នុងបុរីលិចទឹកជំនន់ខ្លះបារម្ភពីការបាក់ស្រុតផ្ទះនិងគ្មានថវិកាជួសជុលផ្ទះឡើងវិញ


រាជធានីភ្នំពេញ ៖ ទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ ដែលលិចផ្ទះពលរដ្ឋនៅតាមបុរីជាច្រើននៅជាយ​ក្រុងនិងកណ្តាលក្រុងតំបន់ខ្លះនោះ បានស្រក់បណ្តើរៗហើយ។ ពលរដ្ឋមួយចំនួន​បានវិលទៅមើលផ្ទះសម្បែងដែលលង់លិចអស់រយៈពេលច្រើនថ្ងៃ ដើម្បីត្រៀមចូលទៅរស់នៅវិញក្នុងការឆាប់ៗនេះ។

ជាមួយគ្នានេះពលរដ្ឋបានសម្តែងការព្រួយបារម្ភពីការបាក់ស្រុតផ្ទះ និងការចំណាយ​ថវិកាជាច្រើនក្នុងការជួសជុលផ្ទុះទើបអាចចូលទៅរស់នៅបាន។

សុផល ពលរដ្ឋនៅក្នុងខណ្ឌដង្កោបានទៅមើលផ្ទះរបស់គាត់កាលពីថ្ងៃទី២២តុលា កន្លងទៅ។ លោកបានពោលថាកម្រិតទឹកជនន់នៅផ្ទះគាត់បានស្រកពីត្រឹមកមនុស្សចាស់មកនៅត្រឹមជង្គង់ក្នុងពេលនេះ។ ប្រសិនគ្មានភ្លៀងធ្លាក់ទៀត ប្រហែលមួយសប្តាហ៍ទៀតលោកនឹងអាចចូលទៅរស់នៅក្នុងផ្ទះបានវិញហើយ ។

លោកសុផល និយាយថាប្រសិនផ្ទះនៅត្រាំទឹកច្រើនថ្ងៃទៀត លោក​បារម្ភថាផ្ទះ​លោក ឬផ្ទះពលរដ្ឋផ្សៀងទៀតនឹងបាក់ស្រុត។ បាក់ស្រុតដោយសារផ្ទះនៅក្នុង​បុរីភាគច្រើន​គេមិនឲ្យសង់បន្ត ឬអនុញ្ញតឲ្យសង់បានតែមួយជាន់ទៀតប៉ុណ្ណោះ។ ប៉ុន្តែដោយសារសមាជិកគ្រួសារច្រើន ផ្ទះតូច ពលរដ្ឋមួយចំនួនបានសង់​ឡើងជាន់ខុសគោលការណ៍កំណត់ ដែលអាចនឹងបាក់ស្រុតនៅពេលគ្រឹះ ឬដីសើមជ្រាយដោយសារលិចទឹកនោះ។

លោក បានបន្ថែមថា នៅក្នុងបុរីដែលលោករស់នៅសំណងបន្ថែមជាន់ជាច្រើនជាន់ ឡើងត្រូវបានសាងសង់ ដូច្នេះជាការប្រារម្ភមួយទៅថ្ងៃអនាគតបើសិនជាពេលនេះមិនមានអ្វីកើតឡើងក្តី។ លោកសុផលបញ្ជាក់ថា គ្រឹះផ្ទះបុរីភាគច្រើនជាដីចាក់ថ្មីៗ វានឹង ហើមបើត្រូវទឹកអាចធ្វើឲ្យបាក់ផ្ទះ។

អ្នកស្រី សំ អុន ពលរដ្ឋរងគ្រោះជំនន់ទឹកលិចផ្ទះដែលទើបបានទៅ​មើលផ្ទះគាត់ដែលការពីម្សិលមិញ។ ស្រ្តីរូបនេះ បានជម្លៀសកូនៗរបស់កូនមករស់នៅកណ្តាលក្រុងភ្នំពេញជាង១០ថ្ងៃហើយ។ អ្នកស្រីត្អូញត្អែរថា នៅពេលទឹកជំនន់នេះ​ ធ្វើឲ្យគ្រួសារគាត់មានការចំណាយច្រើនប្រចំាថ្ងៃខុសពីពេលទឹកមិនទាន់ជន់លិច។

ក្នុងមួយថ្ងៃៗ ង អ្នកស្រីបានចំណាយប្រាក់ប្រហែលជា៥០ដុល្លារ លើការជួយកន្លែងគេស្នាក់នៅនិងថ្លៃអាហារ។ ដោយសារសម្ភារៈផ្ទះបាយ និងសម្ភារៈប្រើប្រាស់ជាច្រើនមិនបានយកមកជាប់ខ្លួនទេពេលទឹកលិចភ្លាមៗនោះ។ អ្នកស្រីថាសម្ភារៈក្នុងផ្ទះ មានទូរទឹកកក ទូរទស្សន៍ ម៉ូតូពីរគ្រឿង និងរថយន្តមួយបានលិចលង់ត្រាំក្នុងទឹកជាច្រើនថ្ងៃ។

«គ្រឿងអគ្គិសនីទំាងនោះខូចខាតអស់ហើយ។ រថយន្តខ្ញុំបានអូសទៅឲ្យជាងជួសជុលកាលពីម្សិលមិញ។ យើងមិនស្មានថាទឹកឡើងខ្លំាងបែបនោះទេ» ។ អ្នកស្រី សំ អុន បានពោលបញ្ជាក់យ៉ាងដូច្នេះ ។

ស្រ្តីដែលមានកូនបីនាក់រូបនេះ និយាយថាបន្ថែមថា កាលពីរាត្រីថ្ងៃទី១៤តុលា ពេលទឹកផ្តើមចូលផ្ទះ អ្នកស្រីនិងក្រុមគ្រួសារ នាំគ្នាទៅស្នាក់នៅក្នុងផ្ទះសំណាក់ដោយគិតថាពេលព្រឹកនឹងត្រឡប់ទៅវិញ ប៉ុន្តែដល់ព្រឹកថ្ងៃទី១៥តុលា ទឹកជំនន់មិនស្រកនោះទេ តែទឹកបានចូលផ្ទះជិតផុតក្បាលមនុស្សចាស់។ អ្នកស្រីសំ អុនថា ពលរដ្ឋជាច្រើនរស់នៅក្នុងបុរីជាមួយគាត់ បានទុករបស់របរក្នុងផ្ទះមិនបានយក​ទៅជាមួយខ្លួនពេលជម្លៀស​ចេញពីផ្ទះទៅរកសុវត្ថិភាពនោះ។

ពលរដ្ឋរងគ្រោះដោយទឹកជំនន់បានត្អូញត្អែរថា ក្រៅពីការខូចខាតសម្ភារៈប្រើប្រាស់ហើយ ពួកគាត់ប្រហែលជាត្រូវចំណាយថវិកាច្រើនទៀតក្នុងការជួសជុលផ្ទះ មុនចូលស្នាក់នៅ។ ដូចជាត្រូវប្តូរឥដ្ឋការ៉ូបាតផ្ទះ លាបថ្នាំផ្ទះឡើងវិញ និងជួសជុល ផ្លាស់ប្តូរប្រព័ន្ធភ្លើងនិងទឹកឡើងវិញ​ ជាដើម។

ជាមួយការត្អូញត្អែរ ពីការខូចខាតទ្រព្យសម្បត្តិ ចំណាយថវិកាច្រើន បារម្ភគ្មានលុយជួសជុលផ្ទះ និងបង់ប្រាក់រំលោះប្រចំាខែឲ្យម្ចាស់បុរី ។ ពលរដ្ឋអ្នកមានផ្ទះលិចទឹកនៅខណ្ឌដង្កោមួយចំនួន បានលើកឡើងថាពួកគាត់មិនទទួលបានជំនួយពីរដ្ឋទេ ដោយសារពួកគាត់បានជម្លៀសខ្លួនទៅទីសុវត្ថិភាពដោយខ្លួនហើយអ្នកទទួលបានជំនួយនិងការសង្រ្គោះភាគច្រើនជាកម្មករសំណង់ ដែលធ្វើការនៅតាមបុរីដែលលិចលុង៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ