ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូវីដ៖អ្នករកចំណូលមួយថ្ងៃហូបថ្ងៃមួយសឹងដាច់បាយ

1 ខែ មុន

រាជធានីភ្នំពេញ ៖ ជំងឺកូវីដ១៩ បានបង្កការលំបាកនៅក្នុងការប្រកបរបរចិញ្ចឹមជីវិត សម្រាប់ពលរដ្ឋដែលក្រីក្រី ពិសេសអ្នករកប្រាក់មួយថ្ងៃសម្រាប់ហូបមួយថ្ងៃនោះ។ ដូចជាអ្នករើសអេតចាយ អ្នកសុំទាន ឬជនពិការច្រៀងសូមប្រាក់តាមទីសាធារណ និងអ្នករត់ម៉ូតូកង់បី…

រាជធានីភ្នំពេញ ៖ ជំងឺកូវីដ១៩ បានបង្កការលំបាកនៅក្នុងការប្រកបរបរចិញ្ចឹមជីវិត សម្រាប់ពលរដ្ឋដែលក្រីក្រី ពិសេសអ្នករកប្រាក់មួយថ្ងៃសម្រាប់ហូបមួយថ្ងៃនោះ។ ដូចជាអ្នករើសអេតចាយ អ្នកសុំទាន ឬជនពិការច្រៀងសូមប្រាក់តាមទីសាធារណ និងអ្នករត់ម៉ូតូកង់បី ជាដើមនោះ។

សុផល ជាអ្នករើសអេតចាយម្នាក់នៅភ្នំពេញ។ គាត់បានប្រកបរបរនេះជាង៦ឆ្នាំមកហើយ ។ គាត់និយាយថា នៅក្នុងរយៈពេលប្រកបការងារចិញ្ចឹមជីវិតនេះ មិនដែលជួបផលលំបាកក្នុងការរកប្រាក់ដូចពេលសព្វថ្ងៃនេះ នោះទេ។ បុរសដែលមានកូនពីររូបនេះបាននិយាយថា នៅពេលមានវត្តមានកូវីដ១៩នេះ តម្លៃអេតចាយបានធ្លាក់ថ្លៃយ៉ាងខ្លំាង ហើយមានពេលខ្លះថៅកែធ្លាប់ទិញអេតចាយគេមិនព្រមទិញទៀត។

សុផល រៀបរាប់ថា ជាទូទៅតម្លៃអេតចាយបានធ្លាក់ថ្លៃច្រើនជាងពាក់កណ្តាល។ ដូចជាក្រដាសកាតុង ដែលមុនមានកូវីដ១៩ បានថ្លៃមួយកីឡូក្រាម៦០០រៀល តែពេលនេះថ្លៃតែ២០០ឬ៣០០រៀលប៉ុណ្ណោះ។  “កាលមុខខ្ញុំធ្លាប់រកប្រាក់បាន៥ទៅ៦ម៉ឺនរៀល តែចាប់ពីមេសាមុនចូលឆ្នាំខ្មែរ ខ្ញុំរកប្រាក់មួយថ្ងៃសឹងមិនបាន២ម៉ឺនរៀលផង”។

នៅភ្នំពេញលោកសុផលជួលផ្ទះគេតម្លៃ៣០ដុល្លារក្នុងខែស្នាក់នៅបួននាក់ប្រពន្ធកូន។ លោកថាគ្រាន់តែថ្លៃអាហារក្នុងមួយថ្ងៃគាត់ចំណាយពី១ម៉ឺនទៅ១ម៉ុន៥ពាន់រៀល។ ដូច្នេះក្រៅពីការចំណាយលើម្ហូបគាត់ត្រូវរកប្រាក់បង់ថ្លៃផ្ទះ ទឹក និងភ្លើង ដែលសរុបក្នុងមួយខែៗ អស់ប្រ​មាណ៣០ម៉ឺនរៀលទៀត។

ចំណែកអ្នកស្រី ទុំ មាន ជាអ្នករើសអេតចាយម្នាក់ទៀត ។ស្រ្តីរូបនេះជាទម្លាប់គាត់ចេញរើសអេតចាយពីម៉ោង៥ល្ងាច រហូតដល់ទាបភ្លឺ ម៉ោង៥ឬម៉ោង៦ទើបសម្រាក។ អ្នកស្រីបានត្អូញត្អែរថាចាប់ពីមានជំងឺកូវីដ១៩មកគាត់ ថ្ងៃខ្លះគាត់រកប្រាក់សឹងទិញអង្ករហូបមិនបានផង។

ក្នុងសម្លៀកបំពាក់ចាស់ៗ ក្បាលទទួរក្រមា អង្គុយកាយគំនរសំរាមដែលគរលើដងផ្លូវដើម្បីរករបស់ដែលមានតម្លៃដូចជាសំដបទឹកសុទ្ធជាដើមនោះ។ គាត់ឆ្លៀតមកនិយាយប្រាប់ថា «ពិបាកណាស់ក្មួយអើយ។ពេលខ្លះអ៊ំរកប្រាក់ទិញអង្ករសឹងមិនបានផង។ ថៅកែអេតចាយគេមិនទិញ ដោយសារគេទិញគរច្រើន។ អេតចាយមិនអាចនាំចេញទៅក្រៅប្រទេសបាន» ។

ដើម្បីដោះទាល់ម្តងម្តាល អ្នកស្រី មាន បានខ្ចីប្រាក់ពីថៅកែអេតចាយ មកទិញអង្ករហូប។ ស្រ្តីវ័យ៥៧ឆ្នាំនេះ មានកូន៣នាក់នៅក្នុងបន្ទុក។ គាត់ជួលបន្ទប់គេស្នាក់នៅក្នុងមួយយប់៥ពាន់រៀល​។

ថៅកែទិញអេតចាយម្នាក់នៅម្តុំសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថាអេតចាយជាទូទៅទ្រូវគេនាំចេញទៅលក់នៅប្រទេសវៀតណាម និងថៃ។ ចាប់ពីមានជំងឺកូវីដ១៩មក អេតចាយមិនបាននាំចេញទៅប្រទេសទំាងពីរបាន ហើយគាត់ក៍ផ្អាកទិញមួយរយៈ។

ថៅកែទិញអេតចាយ បានទទួលស្គាល់ថា ពេលមានជំងឺកូវីដ១៩នេះ អ្នករើសអេតចាយជាច្រើន បានជួបផលលំបាកខាងជីវភាពរស់នៅ។ អ្នកទទួលទិញអេតចាយថា មានអ្នករើសអេតចាយមួយចំនួន បានត្រឡប់ទៅស្រុកកំណើតវិញ នៅពេលលំបាកនេះ។

ក្រៅពីអ្នករើសអេតចាយ អ្នករកទទួលទានក្រៅប្រព័ន្ធជាច្រើនទៀតបានត្អូ្ញត្អែរពីការប្រាក់ចិញ្ចឹមជីវិត ផងដែរ។ អ្នករត់ម៉ូតូកងបី អ្នកដើរសុំប្រាក់តាមទីសាធារណៈ ជនពិការដែលប្រមូលផ្តុំគ្នាច្រៀងតាមដងផ្លូវ ដើម្បីរកប្រាក់ជាដើមនោះ សុទ្ធតែនិយាយថា នៅពេលពលរដ្ឋជាទូទៅពិបាករកប្រាក់ណាស់។  នៅពេលការរកចំណូលលំបាក ការចំណាយរបស់ពួកគាត់លើការធ្វើដំណើរ និងនៅក្នុងសកម្មភាពមនុស្សធម៌ ក៍បានកាត់បន្ថយដែរ។

លោកសុខ សុភា អ្នករត់ម៉ូតូកង់បី ម្នាក់បាននិយាយថា គាត់ទើបរកប្រាក់បានខ្លះក្រោយពីមិនបានរកចំណូលអ្វីទាល់តែសោះទំាងដើមឆ្នាំ២០២០មក។ លោកបាននិយាយថាតំាងពីដើមឆ្នាំមកគាត់រស់អាស្រ័លើភរិយាដែលធ្វើកម្មករកាត់ដេរ ដោយសារគ្មានអ្នកជិះបង់បីរបស់គាត់។ ទើបតែនៅពាក់កណ្តាលខែសីហាដែលសាលាឯកជនបើកទ្វាឡើងវិញ មានកូនសិស្សជិះម៉ូតូកង់បីរបស់ប្រចំាខែ ប៉ុន្តែពេលនេះ ចំណូលមិនទៀងទាត់ទៅវិញ ដោយសារម្តងសាលារៀនបិទទ្វារម្តងសាលារៀនបើកទ្វា។សាលាបើកនិងបិទទ្វាដោយសាតែកូវីដ១៩នោះ៕  

dig