លោកយាយប៉ែន អន អាយុ៥៧ឆ្នាំ ជាកសិកររស់នៅភូមិជ្រេស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ គាត់មានបទពិសោធន៍នេះ ដោយគាត់បានចេះតពីឪពុកម្តាយរបស់គាត់មក ព្រមទាំងតាមរយៈទស្សនាវដ្តីកសិកររបស់អង្គការសេដាក ។ នៅលើផ្ទៃដី២៣០ម៉ែត្រការ៉េ គាត់ទទួលបានចំណូល៤៥០.០០០រៀល ក្នុងរយៈពេល៣ខែ ។ បទពិសោធន៍ល្អៗ ក្នុងការដាំប៉េងប៉ោះមាន ៖
១-ការរៀបចំធ្វើសួន និងការបណ្តុះកូន
គាត់បានរៀបចំកន្លែងដាំនៅក្បែរផ្ទះ ស្រឡះមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមានទំហំបណ្តោយ២៣ម៉ែត្រ ទទឹង១០ម៉ែត្រ និងធ្វើរបងព័ទ្ធជុំវិញ ដោយមានបាំងស្លឹកដូងកំពស់១ម៉ែត្រ ។
ការសាបកូន គាត់បានយកគ្រាប់ប៉េងប៉ោះទៅសាបនៅលើថ្នាល ដែលមានទំហំបណ្តោយ១ម៉ែត្រ ទទឹង០,៧ម៉ែត្រ ។ នៅលើរងថ្នាល មានលាយជីធម្មជាតិ ដូចជា ជីអង្កាមដុត លាមកគោ ច្របល់ឱ្យសព្វនៅលើថ្នាល បន្ទាប់់មកយកគ្រាប់ទៅសាបពីលើ និងយកជីធម្មជាតិរោយពីលើស្តើងៗ រួចស្រោចទឹកឱ្យជោគនៅលើថ្នាល ។
២-ការរៀបចំដីសំរាប់ដាំ
ក្នុងការរៀបចំដី គាត់បានកាប់រងជាចង្អូរជំរៅ១តឹក បណ្តោយ៣ម៉ែត្រ ទទឹង៣តឹក គំលាតពីរងមួយ ទៅរងមួយ០,៥ម៉ែត្រ ហើយនៅតាមរងនីមួយៗគាត់បានដាក់ជីលាមកគោចំនួន២-៣បង្គី និងដុតអង្កាមលាយផងដែរ ។ បន្ទាប់មក គាត់បានយកចបជីកខួងជារណ្តៅតូចនៅក្នុងចង្អូររងនោះសំរាប់ដាំកូនប៉េងប៉ោះ ដែលមានគំលាតពីរណ្តៅមួយទៅមួយ០,៧ម៉ែត្រ ។
៣-ការថែទាំ
ក្រោយពីដាំហើយ គាត់ស្រោចទឹកឱ្យជោកល្មមមួយថ្ងៃ២ដង (ព្រឹក និងល្ងាច) រហូតដល់ ប៉េងប៉ោះចេញផ្កា ។ នៅពេលប៉េងប៉ោះចាប់ផ្តើមបែកមែក និងចេញផ្កា គាត់បានដោតឈើ ដើម្បីទប់ដើមកុំឱ្យបាក់នៅពេលមានផ្លែ ។ គាត់ឧស្សាហ៍ជ្រោយដី ដាក់ជីធម្មជាតិ ដើម្បីជួយឱ្យប៉េងប៉ោះលូតលាស់បានល្អ ។ ប្រភេទជីធម្មជាតិ ដែលគាត់បានដាក់បំប៉នមានដូចជា លាមកសត្វ អង្កាមដុត ។
៤-ការប្រមូលផល
ក្រោយពីដាំបានរយៈពេល៣ខែ គាត់ចាប់ផ្តើមប្រមូលផល ដោយបេះយកផ្លែទុំស្រគាលយកទៅលក់ និងបរិភោគ ។ នៅលើផ្ទៃដីតូចល្មមនេះ គាត់អាចប្រមូលផលម្តងពី១៥ទៅ២០គីឡូក្រាម ដែលទទួលបានប្រាក់ចំណូលសរុបស្មើនឹង៤៥០.០០០រៀល ។
៥-ចំណាប់អារម្មណ៍
លោកយាយមានចំណាប់អារម្មណ៍ថា នៅពេលគាត់បានដាំដំណាំប៉េងប៉ោះនេះ ធ្វើឱ្យមានបន្លែសំរាប់បរិភោគក្នុងគ្រួសារ អាចរកប្រាក់ចំណូលបានខ្លះ ដោយមិនចំណាយប្រាក់ ងាយស្រួលថែទាំ ។ មិនតែប៉ុណ្ណោះ គាត់គិតថា គាត់នឹងដាំបន្លែទាំងនេះទៀត ព្រោះវាអាចធ្វើឱ្យគ្រួសារគាត់ទទួលបានប្រាក់ចំណូលបន្ថែមក្រៅពីការងារធ្វើស្រែ ហើយសូមឱ្យគ្រួសារកសិករដទៃទៀត បើមិនទាន់ធ្វើការដាំដុះដំណាំទេ គួរចាប់ផ្តើមដាំដុះ ដើម្បីចូលរួមចំណែកជួយបង្កើនសេដ្ឋកិច្ចគ្រួសារ ដូចគ្រួសារគាត់ដែលកំពុងអនុវត្តផងដែរ ។
សរុបមក បច្ចេកទេសសំខាន់ក្នុងការដាំប៉េងប៉ោះមាន ៖
-រៀបចំថ្នាលសាប ដោយមានលាយលាមកគោពុកផុយ អង្កាមដុត ដើម្បីឱ្យដីធូរងាយស្រួលដកកូន
-សាបគ្រាប់ស្តើងៗ (កុំឱ្យញឹក) ដើម្បីឱ្យកូនលូតលាស់ល្អ
-រៀបចំរណ្តៅដាំ ដោយដាក់លាមកសត្វ និងអង្កាមដុត
-ថែទាំស្រោចទឹក និងដោតឈើទប់ដើមកុំឱ្យដើមដួលពេលមានផ្លែ ៕ (ដកស្រង់ចេញពីទស្សនាវដ្តីកសិករ)
ចែករំលែកព័តមាននេះ