រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលធ្វើការឃាត់ខ្លួនយកទៅសាកសួរភ្លាមៗ បន្ទាប់ពីជនសង្ស័យសទាំង២នាក់នេះ គ្រាន់តែឃើញសមត្ថកិច្ចភ្លាមក៏មានកាយវិការគួរឱ្យសង្ស័យ ថែមទាំងព្យាយាមរត់គេចខ្លួន និងបោះកាបូបចោល ក៏ត្រូវសមត្ថកិច្ចដេញតាមឃាត់ខ្លួនឆែកឆេររកឃើញនូវឧបករណ៍សម្រាប់កាច់កម៉ូតូ និងឆ្កឹះសោមួយឈុត កាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៩ ជិតបុរីប៉េងហួតវេងស្រេង ស្ថិតក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ១-ឈ្មោះ យន ភឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ធ្លាប់ជាប់ពន្ធនាគារ និង២-ឈ្មោះ ស៊ឹម សៀប អាយុ៣៩ឆ្នាំ មុខរបររើសអេតចាយ ភូមិខ្វា ចំណែក វត្ថុតាងដែលដកហូតបានមាន ឧបករណ៍សម្រាប់កាច់កម៉ូតូ និងឆ្កឹះសោមួយឈុត ព្រមទាំងម៉ូតូសង់កូរ៉េកញ្ចាស់មួយគ្រឿង ។
តាមសម្ដីសមត្ថកិច្ចបានឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះបាន គឺកម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋានខណ្ឌមានជ័យ បានសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដើម្បីទប់ស្កាត់ បទល្មើសផ្សេងៗ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈមកដល់ចំណុចក្នុងភូមិខាងលើ ក៏ប្រទះឃើញបុរស២នាក់ជិះសង់កូរ៉េកញ្ចាស់១គ្រឿង ព្រមទាំងស្ពាយកាបូប ។
ប្រភពដដែលបន្តថា ខណៈពេលឃើញសមត្ថកិច្ចភ្លាម ជនសង្ស័យទាំងនោះមានអាកប្បកិរិយាគួរឲ្យសង្ស័យ ទើបសមត្ថកិច្ចដេញតាមឃាត់សួរនាំ ស្រាប់តែជនសង្ស័យទាំងនោះ បែរជាព្យាយាមបើកម៉ូតូរត់គេច ហើយបោះកាបូបចោល រួចរត់គេចរហូតដល់ជិតនឹងបុរីប៉េងហួត ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ព្រមទាំងឆែកឆេររកឃើញនូវឧបករណ៍សម្រាប់កាច់កម៉ូតូ និងឆ្កឹះសោមួយឈុត ក៏ត្រូវកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ តែម្តង ។
ក្រោយពេលកើតហេតុនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ឧបករណ៍ទាំងនេះពិតជារបស់ពួកគេពិតប្រាកដ ។ បន្ទាប់ពីសាកសួររួចហើយ ជនសង្ស័យ ព្រមវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ