ខេត្តស្វាយរៀង ៖ ឈើប្រណីតដែលគេនិយាយថា ដឹកចេញពីព្រៃឡង់ធ្វើជាគ្រឿងសង្ហារិមនាំចេញទៅប្រទេសវៀតណាម តាមម៉ូតូរ៉ឺម៉កជាច្រើនគ្រឿងតាមច្រករបៀងក្រសាំងជ្រំទាំងថ្ងៃយ៉ាងរលូននោះ ទំនងជាឈ្មួញដាក់សំណែនអ្នកតាហើយទើបអាចនាំចេញបានដោយរលូនបែបនេះ ។ បើតាមប្រជាពលរដ្ឋដែលរស់នៅជិតព្រំដែនឱ្យដឹងថា ករណីឈ្មួញនាំគ្រឿងសង្ហារិមពីឈើប្រណីតទៅស្រុកយួននេះ កើតមានជាច្រើនខែមកហើយ តាមច្រករបៀងក្រសាំងជ្រំ ស្ថិតក្នុងភូមិក្រសាំងជ្រំ ឃុំក្រួស ស្រុកស្វាយជ្រំ ។
ចំណែកក្រុមអ្នករកស៊ីឈើគ្រឿងសង្ហារិមនាំចេញទៅប្រទេសវៀតណាមនេះនិយាយថា ពួកគេដឹកគ្រឿងសង្ហារិមយកទៅលក់នេះគឺទិញពីអ្នកធ្វើគ្រឿងសង្ហារិមតាមផ្ទះនៅស្រុកពញាក្រែក និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ឈើប្រណីតទាំងនោះគឺមានអ្នកដឹកចេញពីព្រៃឡង់ ឆ្លងមកស្រុកឆ្លូង ខេត្តក្រចេះ រួចឆ្លងកាត់វចូលមកស្រុកក្រូចឆ្មារ ដើម្បីយកទៅលក់ឲ្យជាងធ្វើគ្រឿងសង្ហារិមនៅខេត្តត្បូងឃ្មុំ ។ ពួកគេទៅទិញគ្រឿងសង្ហារិមនោះដឹកយកមកខេត្តស្វាយរៀង រួចបន្ដយកទៅលក់នៅប្រទេសវៀតណាម ។
ប្រភពព័ត៌មាននិយាយថា ឈើដឹកមកពីព្រៃនេះ មិនមានមន្ត្រីជំនាញណាម្នាក់មកសួរនាំឬចាប់បង្ក្រាបឡើយ ដោយទុកឱ្យដឹកបានយ៉ាងរលួន គ្រាន់តែបង់ថ្លៃផ្លូវជូនសមត្ថកិច្ចខ្លះៗប៉ុណ្ណោះ ។ ក្រុមឈ្មួញដឹកឈើមកដាក់រោងជាង ហើយចាំយកគ្រឿងសង្ហារិមទៅលក់បន្តតែម្តង ។
ក្រុមអ្នករកសុីឈើគ្រឿងសង្ហារិមទាំងនោះនិយាយទៀតថា គ្រឿងសង្ហារិមនាំចេញទៅវៀតណាមនេះ រត់ការឲ្យសមត្ថកិច្ចព្រំដែនតាមច្រករបៀងក្រសាំងជ្រំ ភូមិក្រសាំងជ្រំ ឃុំក្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ដំបូងឡើយ សមត្ថកិច្ចមិនអនុញ្ញាតឲ្យដឹកគ្រឿងសង្ហារិមពីឈើប្រណីតចេញទៅប្រទេសវៀតណាមទេ តែក្រោយពីចរចាយូរៗទៅក៏តឲ្យដឹកចេញបាន ដោយអនុញ្ញាតឲ្យដឹកចេញនៅពេលថ្ងៃត្រង់តែម្តង គឺកំណត់ពេល១ម៉ោងដឹកចេញឲ្យផុតពីព្រំដែននិងល្ងាចត្រឡប់មកវិញ ។
ជុំវិញករណីឈ្មួញដឹកគ្រឿងសង្ហារិមនាំចេញទៅវៀតណាមតាមច្រករបៀងព្រំដែននេះ លោក ម៉ៅ ភិនរតនា នាយប៉ុស្តិ៍នគរបាលវរៈការពារព្រំដែនច្រករបៀងក្រសាំងជ្រំ បានប្រាប់តាមទូរស័ព្ទថា ពិតជាមានប្រជាពលរដ្ឋដឹកគ្រឿងសង្ហារិមចេញទៅលក់នៅប្រទេសវៀតណាមមែន ដោយពួកគាត់ដឹកទៅនៅពេលព្រឹក ដើរលក់នៅតាមភូមិក្នុងប្រទេសវៀតណាម ។ បើលក់មិនអស់គាត់ដឹកត្រឡប់មកខ្មែរយើងវិញ រួចដេកនៅជិតច្រកទ្វារព្រំដែន ស្អែកឡើងពួកគាត់សុំដឹកចូលទៅប្រទេសវៀតណាមលក់បន្តទៀតរហូតអស់ទើបត្រឡប់ទៅផ្ទះវិញ ។
ចំណែកប្រជាពលរដ្ឋរស់នៅក្បែរសាលាឃុំក្រួស ជិតច្រកព្រំដែនក្រសាំងជ្រំ និយាយថា មានម៉ូតូរ៉ឺម៉កដឹកគ្រឿងសង្ហារិមពីឈើប្រណីតយកទៅលក់នៅខេត្តឡុងអាន ប្រទេសវៀតណាមក្នុងមួយថ្ងៃៗពី៤ទៅ៥រ៉ឺម៉ក មិនឃើញត្រឡប់វិញទេ ដោយមានថៅកែវៀតណាមគេរត់ការសម្រួលផ្លូវទាំងខាងខ្មែរ ទាំងខាងវៀតណាមអស់ហើយ ។
រ៉ឺម៉កខ្មែរដឹកចូលវៀតណាមដាក់ក្នុងឃ្លាំងវៀតណាមតែម្តង យកតែរ៉ឺម៉កទទេ ឆ្លងព្រំដែនត្រឡប់ចេញមកវិញប៉ុណ្ណោះ ។ ប្រភពដដែលបន្តទៀតថា នៅជិតច្រករបៀងក្រសាំងជ្រំនេះ មានឃ្លាំងស្តុកអេតចាយដ៏ធំ ហើយមានគ្រឿងចក្រសម្រាប់ចាប់អេតចាយដាក់ក្នុងរ៉ឺម៉កត្រាក់ទ័រដឹកចេញទៅប្រទេសវៀតណាម និងសម្បកកង់រថយន្តចាស់ៗ ដែលសង្ស័យមានបង្កប់ឈើប្រណីត និងស្ពាន់ក្រហមក្រោមអេតចាយ និងសម្បកកង់រថយន្តផងក៏មាន ។
ទាក់ទិននឹងករណីនេះ មន្ត្រីនគរបាលព្រំដែនច្រករបៀងក្រសាំងជ្រំ បានបដិសេធថាគ្មានបង្កប់ឈើប្រណីតឬស្ពាន់ក្រហមទេ អេតចាយគឺអេតចាយសម្បកកង់រថយន្តចាស់ៗ បើគ្រឿងសង្ហារិមពីឈើគឺមានដោយប្រជាពលរដ្ឋសុំឆ្លងទៅលក់នៅប្រទេសវៀតណាម ។ មិនអាចរកការបភ្លឺពីលោកនាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយរៀងបានទេ រហូតមកដល់ល្ងាចថ្ងៃទី២៣ ខែធ្នូ ៕
ចែករំលែកព័តមាននេះ