ខេត្តកំពង់ចាម ៖ ថៅកែតន្ត្រីសម័យឈ្មោះ«ហេង សម្បត្តិ» ត្រូវបានលោកចៅក្រម ធន់ ដារិទ្ធ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារខេត្តនៅថ្ងៃទី ១៦ធ្នូ២០១៩ ដោយសារតែបានប្រើអំពើហិង្សាវាយដំទៅលើអ្នកចម្រៀងជាស្ត្រីភេទម្នាក់រស់នៅរាជធានីភ្នំពេញបណ្ដាលឱ្យរងរបួសមានស្នាមជាំពេញខ្លួនប្រាណ ហើយត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅដាក់ពន្ធនាគារខេត្តជាបណ្ដោះអាសន្នដើម្បីរងចាំការវិនិច្ឆ័យតាមក្រោយ ។
លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀមបានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ មានពិធីមង្គលការមួយ នៅភូមិស្ដេចនន ឃុំក្រឡា ស្រុកកំពង់សៀម ពេលល្ងាចមានភ្ញៀវជិតឆ្ងាយច្រើនកុះករ បានមកចូលរួមពិសាភោជនីយអាហារជាមួយនោះក៏មានក្រុមតន្ត្រីសម័យច្រៀងកំដរសប្បាយផងដែរ ។
លោកអធិការនគរបាលស្រុកកំពង់សៀមបានប្រាប់បន្តថា រហូតដល់ពេលយប់អ្នកចម្រៀងឈ្មោះ ចាន់ លក្ខិណា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោងពាយ សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានមកច្រៀងក្នុងកម្មវិធីមង្គលការនេះនៅក្នុងវង់តន្ត្រីសម័យខាងលើដើម្បីយកថវិកាមកដោះស្រាយជីវភាពគ្រួសារ ។
នាយប់ថ្ងៃកើតខេត្តនោះថៅកែវង់តន្ត្រីឈ្មោះ ជុន យ៉ារី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានឱ្យអ្នកចម្រៀងស្រីរូបនេះក្រៅពីច្រៀងត្រូវជួយរាំជាមួយនឹងស្រីៗផ្សេងទៀត ។ បន្តែការរាំនោះមិនបានឱ្យមានការពេញចិត្តពីសំណាក់ថៅកែវង់តន្ត្រីនេះដែលលើកឡើងថា រាំមិនបានឱ្យលះៗ ក្នុងគ្រានោះក៏មានបញ្ហាជម្លោះពាក្យសម្ដីបានកើតឡើងរហូតដល់ថៅកែវង់តន្ត្រីប្រើអំពើហិង្សាលើអ្នកចម្រៀងបណ្ដាលឱ្យមានស្នាមជាំពេញខ្លួនប្រាណ ។ រហូតមកដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ អ្នករងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀមដើម្បីឲ្យជួយអន្តរាគមន៍សូមប្ដឹងពីថៅកែវង់តន្ត្រីដែលបានប្រើអំពើហិង្សាមកលើខ្លួន ។
ក្រោយពីទទួលបណ្ដឹងភ្លាមកម្លាំងសមត្ថកិច្ចក៏បានកោះហៅថៅកែវង់តន្ត្រីមកសួរនាំនៅអធិការរដ្ឋានជុំវិញការប្រើអំពើហិង្សាប៉ុន្តែពេលដែលសួរនាំភាគីដើមបណ្ដឹង និងចុងបណ្ដឹងហាក់បីដូចជាមានសុខភាពចុះខ្សោយទើបនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ៧”D”ស្រុកកំពង់សៀម ជាមួយនោះសមត្ថកិច្ចក៏បាននៅយាមប្រចាំការជាប់ក្រែងថៅកែវង់តន្ត្រីនេះលួចរត់ចេញពីមន្ទីរពេទ្យ ។ អ្នករងគ្រោះក្រោយពីសម្រាកមានសុខភាពប្រសើរគ្រាន់បើ ក៏សូមគ្រូពេទ្យចេញត្រឡប់ទៅផ្ទះវិញនៅរាជធានីភ្នំពេញ។
លោកអធិការបានបញ្ជាក់ថា ម្ចាស់តន្ត្រីសម័យ ហេង សម្បត្តិ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃខាងលើ ស្ថិតនៅចំណុចភូមិស្តេចនន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ថៅកែឈ្មោះ ជុន យ៉ារី បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសរយះចំលើផ្ទៃមុខ និងត្រូវរបួសស្នាមចំលើភ្លៅខាងក្នុងទាំងសងខាង និងកំភួនជើងទាំងសង ។ ដោយឃើញសុខភាពរបស់ថៅកែតន្ត្រីធម្មតាវិញហើយនៅថ្ងៃទី១៦ ធ្នូ លោកចៅក្រម ធន់ ដារិទ្ឋ បានចេញដីកាឃុំខ្លួន និងបញ្ជូនទៅពន្ឋនាគាររួចហើយរងចាំការវិនិច្ឆ័យទោសតាមក្រោយ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ