ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ប្រាសាទ​នគរ​បា​ជ័យ​» ទាក់ទាញ​ភ្ញៀវ​មក កម្សាន្ត​មិន​ដាច់ ពិសេស​កូនក្រមុំ​កូន កំលោះ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ ស្ថិត​នៅ​ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម ជាប់​​នឹង​ផ្លូវជាតិ​លេខ​៧ ហើយ​មាន​ចម្ងាយ​ប្រមាណ​២​គ​.​ម ខាងលិច​ក្រុង​កំពង់ចាម​។ ជា​រៀង​រាល់ថ្ងៃ គេ​បាន​សង្កេត​ឃើញ​មាន​ភ្ញៀវ​ជាតិ…

ខេត្តកំពង់ចាម ៖ រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ ស្ថិត​នៅ​ក្នុង​ឃុំ​អំពិល ស្រុក​កំពង់សៀម ជាប់​​នឹង​ផ្លូវជាតិ​លេខ​៧ ហើយ​មាន​ចម្ងាយ​ប្រមាណ​២​គ​.​ម ខាងលិច​ក្រុង​កំពង់ចាម​។ ជា​រៀង​រាល់ថ្ងៃ គេ​បាន​សង្កេត​ឃើញ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត​លេង​មិន​ដាច់​នោះ​ទេ​។

បើ​តាម​កូនកំលោះ​ម្នាក់​ឈ្មោះ រិ​ន ធា​រ៉ា អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​កន្លែង​ចក ឃុំ​ឃុំ​មៀន ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ទាំង​ទឹកមុខ​ស្រស់ញញឹម​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៩ ថា មុន​នឹង​ចូល​រោងការ រូបគេ និង​ប្រពន្ធ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​រថយន្ត​ចេញពី​ខេត្ត​ត្បូងឃ្មុំ ដោយ​ឆ្លងកាត់​ស្ពាន​គី​ហ្សូ​ណា ដើម្បី​មក​ថតរូប​នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ ដែល​ជា​ស្នាដៃ​ដូនតា​របស់​យើង​បាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ដោយ​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ​។

កូនកំលោះ រិ​ន ធា​រ៉ា បាន​ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​ឈាន​ជើង​ចុះ​ពីលើ​រថយន្ត​ចូល​មក​ដល់​តំបន់​រមណីយដ្ឋាន​នេះ​ឃើញ​ថា មាន​ផ្ទាំង​ថ្មបាយក្រៀម​ជា​ដុំ​ៗ ត្រូវ​បាន​បុព្វបុរស​សាងសង់​ជា​របង និង​ប្រាសាទ ពិតជា​គួរ​ឱ្យ​គយគន់​។ ពួក​គេ​នាំ​គ្នា​មក​ថតរូប ដើម្បី​បង្កើត​ជា​អនុស្សាវរីយ៍​មួយ ដោយ​មិន​អាច​បំភ្លេច​បាន ហើយ​នៅ​ពេល​ខាង​មុខ គ្រា​ដែល​មានកូន​នឹង​គេ គឺ​បាន​រៀបរាប់​ពី​តំបន់​រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ ឱ្យ​កូន​បានដឹង​ថា ស្នាដៃ​របស់​ដូនតា​យើង គឺ​ពិតជា​មិនធម្មតា ដែល​បាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វថ្ងៃ សូ​ម្បី​តែ​ជនបរទេស​ដែល​មក​មើល ហើយ​ក៏​គេ​កោតស្ញប់ស្ញែង​ផង​ដែរ​។

បើ​និយាយ​ពី​ទិដ្ឋភាព​នៅ​តំបន់​នេះ គេ​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​បើក​ចូល​ក្នុង​បរិវេណ​ប្រាសាទ​ឡើយ ដោយ​ខ្លាច​បាក់បែក ឬ​ក៏​ស្រុត​ខូចខាត​ដោយ​ប្រការ​ណាមួយ​។ ដូច្នេះ​ហើយ​ប្រសិនបើ​មាន​ភ្ញៀវ​ជាតិ ឬ​អន្តរជាតិ​មក​លេង គេ​នឹង​ផ្ទុក​រថយន្ត​ចត​នៅ​ខាងក្រៅ ហើយនឹង​នាំ​គ្នា​ដើរ​ចូល​ទៅ​មើល​ប្រាសាទ ។ រាល់​ថ្ងៃនេះ​នៅ​នឹង​ខ្លោងទ្វារ​ចូល​ប្រាសាទ គឺ​មាន​កម្លាំង​នគរបាល​ទេសចរណ៍​ខេត្ត បាន​ដាក់​យាម​ប្រចាំការ​រាល់ថ្ងៃ ដើម្បី​ការពារ​សុវត្ថិភាព​ដល់​អ្នក​ដែល​មក​លេង​។

សូម​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ​នេះ មានកូន​កំលោះ​កូនក្រមុំ​មក​ពី​ស្រុក​តំបែរ ស្រុក​ត្បូងឃ្មុំ ស្រុក​ព្រៃឈរ បាន​នាំ​គ្នា​មក​ថតរូប​ជា​កម្រង​អនុស្សាវរីយ៍​ដែល​មាន​សភាព​អ៊ូអរ អ្នកខ្លះ​ទៀត​បាន​ស្កាត់​មក​ពី​ស្រុក​មុខកំពូល ខេត្តកណ្ដាល ឆៀង​មក​ចូល​លេង​រមណីយដ្ឋាន​នេះ​ដែរ​។ រួច​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង ដើម្បី​ចាក់​គម្ពីរ​មើល​ពី​ជោគ​ជាតា​រាសី និង​អុជ​ធូប​បួងសួង​សុំ​សេចក្តីសុខ​ក្នុង​គ្រួសារ​ថែម​ទៀត​ផង​។

ដោយឡែក​នៅ​ច្រកចូល​ខាងក្រៅ​ផ្លូវ ត្រូវ​បាន​គេ​ចាក់​បេតុង​ឡើង​រលោង​ស្អាត​ងាយស្រួល​ជិះ​ទាំង​ម៉ូតូ និង​រថយន្ត ហើយ​បរិវេណ​មើលទៅ​មាន​អនាម័យ មិន​មាន​សំរាម​ចោល​ពាស វាល​ពាស​កាល ព្រម​ជាមួយ​នោះ​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​លើក​ស្លាក​ដើម្បី​ពញ្ញាក់​ស្មារតី​ថា «​រួម​គ្នា​ដើម្បី​រមណីយដ្ឋាន​ស្អាត សូម​អរគុណ​ដែល​ចោល​សំរាម​ក្នុង​ធុង​» ជាមួយ​គ្នា​នោះ​ក៏​មាន​សួន​ដាំ​ឈើ​អនុស្សាវរីយ៍ និង​សួន​អាពាហ៍ពិពាហ៍​ដែល​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​១០ ខែមីនា ២០១៦ ក្នុង​គ្រា​ដែល​ខេត្តកំពង់ចាម រៀបចំ​បុណ្យ​ទន្លេ ដើម​ក្រ​ញូ​ង និង​ដើមឈើ​ប្រណីត​ផ្សេង​ៗ​ទៀត កំពុង​តែ​ចោល​ម្លប់​ជា​បណ្ដើរ​ៗ​នា​រដូវប្រាំង​នេះ​។

ជួន​មាន​ពេល​ខ្លះ​ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត​នគរ​បា​ជ័យ​ក្រៅ បាន​ដឹកនាំ​ព្រះសង្ឃ និង​កូនសិស្ស​សំអាត​ក្នុង​តំបន់​រមណីយដ្ឋាន​នគរ​បា​ជ័យ ឱ្យ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ឲ្យ​មក​កម្សាន្ត​លេង​។ ជូន​មាន​អ្នកខ្លះ​ទៀត បាន​មក​អុជ​ធូប​លាបំណន់ ឬ​ក៏​បួងសួង​សុំ​កូន និង​ប្រាថ្នា​អ្វី​ផ្សេង​ទៀត​នៅ​អាស្រម​តា​ព្រហ្ម​។

ដោយឡែក​លោក សឹង ភារ​ម្យ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​ថា យោង​តាម​ឯកសារ​ប្រាសាទវត្តនគរ​ត្រូវ​បាន​កសាង​ឡើង​នៅ​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ ដោយ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដើម្បី​ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះពុទ្ធ​សាសនា​មហាយាន ។

ហើយ​បើ​យោង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ប្រាសាទវត្តនគរ បាន​រុះរើ​ជួសជុល​កសាង​តួ​ប៉ម​កណ្ដាល ប្រែ​ក្លាយទៅជា​ចេ​តិ​យ៏ នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​ស្រី​សុគន្ធ​បទ និង​ព្រះបាទ​អង្គចន្ទ​ទី​១ សតវត្ស​ទី​១៦ ដោយ​បង្វែរ​ជំនឿ​មក​កាន់​ព្រះពុទ្ធ​សាសនា​ហីនយាន​និកាយ​ហេ​វា​វិញ​។ ប្រាសាទ​វត្តនគរ មាន​ប្លង់​រាង​ចតុកោណ បណ្ដោយ​ពី​លិចទៅ​កើត ប្រវែង​៤២១​ម៉ែត្រ ទទឹង​ពី​ជើង​ទៅ​ត្បូង​៣៧១​ម៉ែត្រ ។

ប្រាសាទ​នេះ មាន​តួ​ប៉ម​ចំនួន​៥ មាន​កំពែង​៤​ជាន់ ចំពោះ​ប្រាសាទវត្តនគ​របា​ជ័យ គឺជា​ប្រាសាទ​ព្រះពុទ្ធ​សាសនា​មហាយាន ឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះ​ជ័យ​ពុទ្ធ មហា​នាថ មាន​អត្ថន័យ​ដូច​គ្នា​នឹង​ប្រាសាទតាព្រហ្ម​ទន្លេបាទី​ដែរ​។ ជ័យ​ពុទ្ធ គឺ​សំដៅ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​ត្រូវ​គេ​បាន​លើក​ដំ​កើន​រូប​កាយ​ព្រះ​អង្គជា​ព្រះពុទ្ធ ភាគច្រើន​រូបចម្លាក់​ព្រះពុទ្ធ ដែល​គង់​លើ​នាគ​មុជ​លិ​ន មាន​រូបរាង និង​ព្រះ​ភ័​ក្រ​ដូច​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​។

ចំពោះ​ពាក្យ​មហា​នាថ តំណាង​ឱ្យ​ការ​សង្គ្រោះ​ដ៏​ធំធេង​។ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​កសាង​ប្រាសាទ​នេះ ដើម្បី​បង្រួបបង្រួម​សាសនា​នៅ​តាម​តំបន់​រវាង​និកាយ​ព្រះពុទ្ធ​សាសនា និង​និកាយ​ព្រហ្មញ្ញសាសនា ដូច​មាន​រូបចម្លាក់​គ្រុឌ​អោប​នាគ ជា​តំណាង​និកាយ​សាសនា​ទាំង​២ (​គ្រុឌ​តំណាង​ឲ្យ​និកាយ​ព្រហ្មញ្ញសាសនា នាគ​តំណាង​អោយ​និកាយ​ព្រះពុទ្ធ​សាសនា​)​។ ការ​កសាង​ស្រះ​នៅ​ក្នុង​ប្រាសាទវត្តនគរ​តំណាង​ឱ្យ​អាទិទេព​ភេទ​ស្រី​ទាំង​២​ព្រះ​អង្គ ព្រះ​នាង​សរៈស្វតី​នៅ​ខាងស្ដាំ បោ​ក្ខ​ណី​ទេព ធីតា នៅ​ខាងឆ្វេង​។ ស្រះ​សរ​:​ស្វ​តី ទឹក​សម្រាប់​ផ្ដល់​នូវ​ចំណេះដឹង​ខាង​ផ្នែក​វិចិត្រសិល្បៈ ចំណែក​ស្រះ​បោ​ក្ខ​ណី ទឹក​សម្រាប់​លាង​ជម្រះ​គ្រឿង​មន្ទិល​ទាំងអស់​។ នៅ​ក្នុង​តម្លៃ​ព្រះពុទ្ធ​សាសនា ស្រះ​ទាំង​អស់នោះ តំណាង​ឲ្យ​អនវតប្ត​ទាំង​៥ នៅ​លើ​កំពូលភ្នំ​ហែម​ពាន សម្រាប់​ដល់​សិរី​សួ ស្ដី​ជ័យ​មង្គល​បំបាត់​ជំងឺ​តម្កាត់​គ្រប់​ប្រភេទ​។

លោក​សឹង ភារ​ម្យ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​បាន​បញ្ជាក់​ថា ដោយ​ឆ្លងកាត់​ជា​ច្រើន​​សតវត្សរ៍ និង​ភ្លើងសង្គ្រាម បាន​ធ្វើ​ឱ្យ​ប្រសាទ​បុរាណ​នៅ​ផ្នែក​ខាងក្នុង និង​ខាងក្រៅ ត្រូវ​បាន​រង​ការ​ខូចខាត​បែកបាក់ ដោយ​មានការ​យកចិត្តទុកដាក់​ពី​ក្រសួង​វប្បធម៌ ក៏​បាន​ចាត់​ឱ្យ​ក្រុម​មន្ត្រី​ជំនាញ​ចុះ​មក​ជួសជុល​ចំនួន​ព​២​លើក ក្នុង​នោះ​មាននៅ​ឆ្នាំ​២០១៦ និង ២០១៧ ដើម្បី​បង្កើត​ឲ្យ​មាន​សោភ័ណ​ភាព​ដូច​ទម្រង់​ដើម​សម្រាប់​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​កំសាន្ត​លេង៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ