ខេត្តកំពង់ចាម ៖ ក្រោមការរៀបចំយ៉ាងដិតដល់ពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តដោយរៀបចំសង្ក្រាន្តសម្រាប់អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងរយៈពេលបីថ្ងៃ ដោយចាប់ពីថ្ងៃទី១៣ ដល់១៥ មេសា ឆ្នាំ២០២៤គឺនៅតាមបណ្ដាអង្គភាពវត្តអារាម ត្រូវបានគណៈកម្មការវត្តរៀបចំដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកលេងកម្សាន្តបានយ៉ាងច្រើនកុះករ ដែលមានរហូតដល់ចំនួន ៣.៤៣១.២២៤នាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន៣៥៦នាក់ ។ បើប្រៀបធៀបតាមបណ្ដារាជធានី-ខេត្តទូទាំងប្រទេស គឺខេត្តកំពង់ចាម មានភាពលេចធ្លោជាងគេជាប់ចំណាត់ថ្នាក់លេខមួយ ។
លោកស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងនារសៀលថ្ងៃទី១៦ មេសាថា ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំពីសំណាក់ឯកឧត្តមអភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្តអង្គភាពពាក់ព័ន្ធជុំវិញខេត្តបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនោះឲ្យមានលេងល្បែងប្រជាប្រិយដូចជា បោះអង្គុញចោលឈូង ទាញព្រ័ត្រ វាយក្អម ឡើងសសរខ្លាញ់…គឺកាន់តែមានភាពប្លែកៗរាល់ឆ្នាំតែម្ដង ។ ប្រយោជន៍ ដើម្បីបង្កើតនូវបរិយាកាស និងភាពសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងភ្ញៀវជាតិអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តកំពង់ចាមបង្កើតនូវភាពសប្បាយរីករាយ ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍បន្តថា ជាក់ស្ដែងមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ចាមបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើផេកបណ្ដាញសង្គម ព្រមទាំងព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក៏ដូចជា ក្រៅខេត្តបានយល់ដឹងជ្រួតជ្រាប និងត្រៀមលក្ខណៈសម្បត្តិនាំគ្នាមកលេងកម្សាន្ត ។ ជាមួយនោះនៅតាមរមណីយដ្ឋាននានាដូចជា ព្រះអង្គគុហ៌ ភ្នំហាន់ជ័យ ឆ្នេរខ្សាច់កោះប៉ែន ប្រាសាទនគរបាជ័យ ភ្នំប្រុសភ្នំស្រី ទឹកឆា ព្រមទាំងតំបន់កែច្នៃផ្សេងៗមួយចំនួនទៀតត្រូវបានបង្កើនការយកចិត្តទុកដាក់ ។ ដោយមានប្រជាការពារកម្លាំងនគរបាល ទាហានអាវុធហត្ថ ត្រូវបានដាក់ពង្រាយគ្រប់ទីកន្លែងទាំងអស់ ដើម្បីពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ដល់បងប្អូនប្រជាពលរដ្ឋដែលមកកម្សាន្តលេងនៅតាមតំបន់ណាមួយ ។ ដោយសារតែមានភាពឈ្លាសវៃ និងការដឹកនាំល្អពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត គឺមានការរៀបចំបានល្អដោយទាក់ទាញបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដាខេត្តដែលមានព្រំប្រទល់ជាប់ជាមួយនឹងខេត្តកំពង់ចាម ក្នុងនោះមានត្បូងឃ្មុំ ព្រៃវែង កណ្ដាល…បាននាំគ្នាធ្វើដំណើរតាមម៉ូតូ និងរថយន្តមកលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរលើទឹកដីខេត្តកំពង់ចាមបានច្រើនកុះករ ។
ពិសេសដោយមានការរៀបចំនៅទីលានមុខសាលាខេត្ត គឺបានទាក់ទាញយុវជនយុវនារីមកពីគ្រប់ទិសទីលេងកម្សាន្តដោយមានបាញ់ទឹក ដើម្បីឲ្យមានភាពត្រជាក់ត្រជុំស្របពេលដែលអាកាសធាតុកំពុងតែក្តៅ ហើយនៅតាមដងផ្លូវក៏មានដាក់ពាងទឹកសម្រាប់ឱ្យប្រជាពលរដ្ឋដងទឹកជះកម្សាន្តលេងសប្បាយឯកម្លាំងសមត្ថកិច្ចវិញ គឺបានខិតខំពង្រឹងការពារសន្តិសុខយ៉ាងដិតដល់ទៀតផង ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម មានប្រសាសន៍បញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៥ មេសា ឆ្នាំ២០២៤ ភ្ញៀវជាតិ និងអន្តរជាតិដែលមកកម្សាន្តលេងលើទឹកដីខេត្តកំពង់ចាម មានរហូតដល់ជាងបីលាននាក់ ឯណោះ បើប្រៀបធៀបជាមួយបណ្ដាខេត្តរាជធានីទូទាំងប្រទេសកម្ពុជា គឺខេត្តកំពង់ចាម ជាប់ចំណាត់ថ្នាក់លេខ១នេះ គឺជាមោទនភាពរបស់ខេត្តកំពង់ចាម ក្រោមការរៀបចំអភិបាលខេត្តបានល្អ ។ ព្រោះក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០២៣ កន្លងទៅអាជ្ញាធរខេត្តបានសន្យា និងរៀបចំ ។ សង្ក្រាន្តឆ្នាំថ្មី២០២៤ ឱ្យបានធំហ្នឹងទូលំទូលាយគ្រប់ស្រុកក្រុងតែម្ដង ។
ក្នុងនាមមន្ទីរទេសចរណ៍ខេត្តក៏ដូចជា កម្លាំងសមត្ថកិច្ច ក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងខេត្ត និងក្រៅខេត្តដែលមកលេងកម្សាន្តនៅកំពង់ចាមដោយពួកគាត់ម្នាក់ៗ មានការយល់ដឹងច្រើន គឺពេលដែលមានបញ្ហាកើតឡើងបន្តិចបន្តួច គឺចេះអធ្យាស្រ័យគ្នាទៅវិញទៅមកដោយឈរនៅលើគោលការណ៍សាមគ្គីភាព ៕
ចែករំលែកព័តមាននេះ