រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើម្ចាស់ផ្ទះសនិ្នសីទអាស៊ី-ប៉ាស៊ីហ្វិករបស់សមាគមផ្តល់សេវាការងារសាធារណៈពិភពលោក ក្រោមប្រធានបទឌីជីថលនីយកម្ម ក្នុងសេវាការងារសាធារណៈ ។ ថ្លែ ងក្នុងពិធីបើកសនិ្នសីទនាព្រឹក ថ្ងៃទី០២ ធ្នូ នេះនៅខេត្តសៀមរាប ។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ជាក់ថា ៖ «សន្និសីទអាស៊ី-ប៉ាស៊ីហ្វិកនេះត្រូវបានធ្វើឡើងត្រូវចំកាលៈទេសៈ ព្រមទាំងមានសារៈប្រយោជន៍ខ្លាំងណាស់ ដោយបានផ្តល់ជាឱកាសដ៏មានតម្លៃសម្រាប់ប្រទេសសមាជិកទាំងអស់ចែករំលែក ស្វែងយល់ និងដកស្រង់យកចំណេះដឹងបទពិសោធន៍ និងការអនុវត្តល្អក្នុងការសិក្សា និងការចាប់យកមកប្រើប្រាស់នូវបច្ចេកវិទ្យាបច្ចុប្បន្ន និងពេលអនាគតសម្រាប់ជំរុញការធ្វើឌីជីថលនីយកម្មព្រមទាំងបំប្រួញគម្លាតនៃការអភិវឌ្ឍសេវាការងារសាធារណៈក្នុងចំណោមប្រទេសសមាជិករបស់ WAPES ជាពិសេសសម្រាប់ប្រទេសដែលទើបបានចាប់ផ្តើមអភិវឌ្ឍសេវាការងារសាធារណៈដូចជា កម្ពុជាក្នុងការខិតខំធ្វើដំណើរឈានទៅសម្រេចជោគជ័យនូវគោលដៅចុងក្រោយ គឺការប្រែក្លាយទៅជាសេវាការងារសាធារណៈឌីជីថលពេញលេញ» ។
លោកបន្តថា ក្នុងរយៈពេលពីរថ្ងៃនៃសន្និសីទថា្នក់តំបន់នេះមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ពីអ្នកឯកទេសផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៃសេវាការងារសាធារណៈ អ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងមន្ត្រីផ្នែកផ្តល់សេវាការងារសាធារណៈដែលអញ្ជើញមកពីបណ្តាលប្រទេសជាសមាជិកចំនួន១២ នៅទូទាំងពិភពលោក ។ លោកបញ្ជាក់«ការរៀបចំឡើងនូវសន្និសីទនាថ្ងៃនេះក៏បានឆ្លុះបញ្ចាំងឱ្យឃើញជាថ្មីម្តងទៀត អំពីតួនាទីកាន់តែសំខាន់ចាំបាច់របស់ WAPES នៅលើឆាកអន្តរជាតិក្នុងការបង្កើតជាវេទិកាសម្រាប់ការសិក្សា និងការកសាងចំណេះដឹង និងផ្តល់ការគាំទ្រដល់សមាជិកក្នុងការបង្កើនជំនាញ ។
កម្ពុជាប្តេជ្ញាបន្តចូលរួមផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រតាមលទ្ធភាពដល់រាល់សកម្មភាពរបស់ WAPES ក្នុងការឈានទៅសម្រេចបានជោគជ័យនូវគោលដៅរបស់ខ្លួននេះ» ។ លោករដ្ឋមន្ត្រី បន្តថា ដោយសារកម្ពុជាយើងទើបតែបានបង្កើតសេវាការងារសាធារណៈក្នុងឆ្នាំ២០០៩ ដូច្នេះការអភិវឌ្ឍប្រព័ន្ធផ្តល់សេវាដែលមានភាពប្រទាក់ក្រឡា និងការធ្វើស្វ័យប្រវត្តិកម្មដោយការប្រើប្រាស់បច្ចេកវិទ្យានៅមានកម្រិតទាបនៅឡើយ ។
ក្នុងន័យនេះ រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានកំពុងបន្តខិតខំអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងលឿននៃរចនាសម្ព័ន្ធប្រជាសាស្ត្រ សេដ្ឋកិច្ច និងទីផ្សារការងារព្រមទាំងការទាមទារកាន់តែខ្ពស់ឡើងរបស់ប្រជាពលរដ្ឋ នូវសេវាកាន់តែមានគុណភាព ការឆ្លើយតបបានឆាប់រហ័សប្រកបដោយសមធម៌និងមានតម្លាភាព។
គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាសមាជិកថ្មីមួយក្នុងចំណោមសមាជិកចំនួន១២ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់សមាគមពិភពលោកនៃសេវាការងារសាធារណៈ (WAPES) ដែលមានសមាជិកសរុបចំនួន៨២ ។ ឱកាសក្នុងការរៀបចំសន្និសីទនេះ គឺជាវេទិកាដែលផ្តល់នូវកាលានុវត្តភាពក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តល្អពាក់ព័ន្ធការផ្តល់សេវាការងារសាធារណៈក្នុងចំណោមរដ្ឋសមាជិកដែលមានការអភិវឌ្ឍខ្លាំងក្លាផ្នែកការផ្តល់សេវាការងារតាមប្រព័ន្ធឌីជីថល ព្រមទាំងការបង្ហាញពីករណីសិក្សានៃការចាប់ផ្តើមស្រូបយកបច្ចេកវិទ្យាឌីជីថលចូលក្នុងការផ្តល់សេវាការងាររបស់រដ្ឋជាសមាជិកថ្មីដូចជា កម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ