ខេត្តកំពង់ឆ្នាំង៖ «ប្រវាស់» ជាកិរិយាស័ព្ទមានន័យថា ចូលហ៊ុនគ្នារកស៊ីបានប្រយោជន៍ចែកគ្នា ដោយភាគីម្ខាងមានរបស់ ហើយម្ខាងទៀតជាអ្នកកាន់ការ ។ ឧទាហរណ៍ «ខ្ញុំមានស្រែច្រើនណាស់ ឆ្នាំនេះធ្វើមិនទាន់ទេ ខ្ញុំបានប្រវាស់ស្រែខ្លះទៅអោយគេ ។ ក្រៅពីប្រវាស់ស្រែ គឺនៅមានការប្រវាស់ជាច្រើនទៀតដូចជា ប្រវាស់គោ ប្រវាស់ជ្រូក និងប្រវាស់ដៃជាដើម ។
ការប្រវាស់ទាំងអស់ខាងលើ គឺជាកិច្ចព្រមព្រាងគ្នារវាង២ភាគី ឬច្រើនជាងនេះ ដោយសន្យានៅពេលបានផលមកតើត្រូវចែកដោយរបៀបណា? បច្ចុប្បន្នមុខរបរប្រវាស់នេះ ស្ទើរបាត់អស់ទៅហើយ ព្រោះតែការរកស៊ីប្រវាស់មិនសូវកាក់កបឡើយ ពេលខ្លះភាគីម្ខាងក្បត់ភាគីម្ខាងទៀត ធ្វើភាគីដែលជាម្ចាស់ទ្រព្យបានខាតបង់ធនធានរបស់ខ្លួន ។
ជាក់ស្តែងកោះសន្តិភាព សូមលើកយកបុរសម្នាក់ជាអ្នករស់នៅក្នុងក្រុងកំពង់ឆ្នាំងបានប្រវាស់មេគោចំនួន៤ក្បាល ទៅអោយ២គ្រួសារ នៅជនបទចិញ្ចឹម ដើម្បីបានកូនគោចែកគ្នា តែលទ្ឋផលអស់ទាំងមេគោ អស់ទាំងកូនគោមិនបានអ្វីមកវិញសោះ ។ លោក ថារិទ្ធ អាយុ៦០ឆ្នាំ ជាអ្នករស់នៅក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា នៅឆ្នាំ២០០៦ គាត់បានទិញគោញី៤ក្បាលក្នុង១ក្បាលតម្លៃជាង១លានរៀល (កាលណោះលុយខ្មែរនៅថ្លៃណាស់)។
បន្ទាប់មក គាត់បានប្រវាស់ទៅអោយបុរស២នាក់ជាអ្នកចិញ្ជឹម ។ បុរសទាំង២នាក់ ម្នាក់ឈ្មោះ ផ្លុង សំអាត និងម្នាក់ទៀត ឈ្មោះ តែម ថុល ពួកគាត់ទាំង២នាក់ ជាកសិកររស់នៅភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយក្នុងម្នាក់ៗ ពួកគាត់ទទួលចញ្ជឹមគោញី២ក្បាល ។
ក្នុងកិច្ចព្រមព្រាង កូនគោកើតមកទីមួយត្រូវបានទៅលើអ្នកទទួលប្រវាស់ គឺជាអ្នកដែលចិញ្ជឹមគោដោយផ្ទាល់ ។ចំណែកកូនទី២ ត្រូវបានទីម្ចាស់គោ គឺលោក ថារិទ្ឋ និងកូនបន្តបន្ទាប់មកទៀត ត្រូវចែកអោយគ្នាម្តងម្នាក់ៗតរហូតទៅ។ ក្រោយមកនៅឆ្នាំ២០០៩ គឺ៣ឆ្នាំក្រោយមកគាត់ទទួលបានកូនគោចំនួន៤ក្បាល (៣ឆ្នាំមេគោ១ក្បាលកើតកូន២ដង) ពីអ្នកទទួលប្រវាស់ម្នាក់ ដូច្ឋេះគាត់ទទួលបានកូនគោសរុបពីកសិករទាំង២នាក់ចំនួនសរុប៨ក្បាល ក្នុងនោះកូនគោ៤ក្បាលជាចំណែកអ្នកចិញ្ជឹម និង៤ក្បាលទៀតជាចំណែករបស់គាត់ ។
លោក ថារិទ្ធបានបន្តថា ៣ឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ២០១២ មេគោរបស់គាត់បានកើតកូនក្នុងមេគោ១បាន២ក្បាលទៀត សរុបរយៈ ពេល៦ឆ្នាំ កូនគោដែលបានកើតមានចំនួន១៦ក្បាល ចំណែកគាត់ត្រូវទទួលបានកូនសរុប៨ក្បាល និងអ្នកចិញ្ជឹមបានម្នាក់៨ក្បាល ។ ប៉ុន្តែស្រាប់តែនៅឆ្នាំ២០១៥ ពេលគាត់ទៅមើលគោជាលើកទី៣ អ្នកចិញ្ជឹមប្រាប់ថាៈ ដោយសារបញ្ហាជីវភាពពួកគេបានលក់គោទាំងមេទាំងកូនអោយគេយកប្រាក់មកដោះទាល់មួយគ្រាសិន នឹងទិញមេគោមកសងជំនូសវិញ គាត់ហួសចិត្តខ្លាំងណាស់ គិតថាៈ ចង់ប្តឹងទៅតុលាការដែរ តែគាត់អាណិតព្រោះអ្នកចិញ្ជឹមក៍ជាសាច់ញាត្តិដែរ ។
ម្ចាស់គោបានបន្តថា៖ គាត់ចាំការដោះស្រាយពី១ឆ្នាំទៅ១ឆ្នាំមិនឃើញអ្នកទទួលប្រវាស់នោះ សងប្រាក់មកគាត់វិញសោះ លេខទូរសព្ទ័ខលលែងចូល គាត់ទៅតាមដល់ផ្ទះមិនដែលជួប ប្រពន្ឋកូនប្រាប់ថា៖ បានឡើងភ្នំកាប់ឈើ ១០ថ្ងៃឬកន្លះខែទើបមកម្តង ។ បន្ទាប់មក នៅឆ្នាំ២០១៧ គាត់បានប្តឹងផ្ទាល់មាត់ទៅអធិការនគរបាលស្រុកទឹកផុស ដើម្បីអោយ មន្ត្រីនគរបាលប៉ុស្តិ៍ កោះហៅអ្នកប្រវាស់ទាំង២នាក់មកសាកសួរ ហើយពួកគេទទួលស្គាល់ថា៖ ពិតជាបានប្រវាស់គោញីម្នាក់២ក្បាលពិតមែន និងបានធ្វើកិច្ចសន្យាដោយឈ្មោះ ផ្លុង សំអាត ព្រមសងចំនួន៤លានរៀល និងឈ្មោះ តែម ថុល ព្រមសងចំនួន៨លានរៀល ហើយសុំសងត្រឹម១ខែ១លានរៀល រហូតអស់ ។
គាត់ក៏យល់ព្រមបានប៉ុណ្ណោះក៏យកដែរ ខាតប៉ុណ្ណាក៏ខាតទៅ ។ ប៉ុន្តែតាំងពីធ្វើកិច្ចសន្យាមក គឺពួកគាត់សងបានតែម្នាក់១លានរៀលទេ ហើយក៍បាត់ដល់បច្ចុប្បន្ន ។ លោកថារិទ្ឋបានបញ្ជាក់ថា៖ បើសិនពួកគេកុំក្បត់គាត់ រយៈពេលចញ្ចឹមមកដល់ពេលនេះគាត់បានគោជាង១០ក្បាល អាចបានប្រាក់ជាង១០លានដែរ នេះនៅមិនទាន់គិតមេគោ៤ក្បាលរបស់គាត់ផង ។
ទាំងអស់ខាងលើ គ្រាន់តែលើកឡើងពីការប្រវាស់មេគោ ដែលម្ចាស់គោជាអ្នកខាតបង់ ដោយភាពមិនស្មោះត្រង់ពីអ្នកទទួលចិញ្ជឹម ។ សម្រាប់ពាក្យថាៈ ប្រវាស់នៅមានច្រើនទៀត ដូចជាប្រវាស់មេជ្រូក តាមការអោយដឹងពីអ្នកដែលធ្លាប់ប្រវាស់ គឺនៅពេលជ្រូកកើតកូន គេចែកគ្នាដោយអ្នកចិញ្ជឹមដកយកកូនជ្រូក១ក្បាលចេញ និងសល់ប៉ុន្មានទើបចែកគ្នាស្មើ ។
ឧទាហរណ៍ កើតបានកូនជ្រូក១១ក្បាល អ្នកទទួលចិញ្ជឹមបាន៦ក្បាល ចំណែកម្ចាស់មេជ្រូកបាន៥ក្បាល ។ ចំណែកឯការប្រវាស់ដៃវិញ គឺជាកិច្ចព្រមព្រៀងគ្នារវាង២ភាគីឬច្រើនជាងនេះ ដូចជាស្ទូងស្រូវប្រវាស់គ្នា មានន័យថាៈ ថ្ងៃនេះក្នុងក្រុមប្រវាស់មានគ្នា៧នាក់ ត្រូវទៅស្ទូងស្រូវអោយអ្នកទី១ ថ្ងៃស្អែកទៅស្ទូងអោយអ្នកទី២ និងថ្ងៃបន្ទាប់ទៅស្ទូងអ្នកទី៣ និងទី៤ជាបន្តបន្ទាប់គ្នារហូតដល់ជុំចឹងទៅ ។ ចំណែកឯការច្រូតស្រូវ ឬ ភ្ជួររាស់ ក៍គេធ្វើដូចគ្នាដែរ ។ ពាក្យថាៈប្រវាស់នេះនៅតាមស្រុកខ្លះគេហៅថា៖ ធ្វើស្រែយកដៃគ្នា
ដោយឡែកពាក្យថា ប្រវាស់ស្រែមួយទៀត គឺខុសគ្នាពីប្រវាស់ដៃ ។ប្រវាស់ស្រែគឺភាគីម្ខាងមានដីស្រែ ភាគីម្ខាងទៀតមានពូជ មានកម្លាំងពលកម្ម និងជាអ្នកធ្វើស្រែថែររក្សាទឹក ចាប់តាំងពីភ្ជួរាស់ ដក ស្ទូងច្រូតកាត់ បោកបែន រួចរាល់ ទើបគេចែកស្រូវគ្នានៅលើ ទីលានស្រូវតែម្តង ។
ការចែកស្រូវគ្នានេះ គឺមានខុសគ្នាតាមតំបន់ ខ្លះគេចែកគ្នាស្មើគឺ៥០%ម្នាក់ តែតំបន់ខ្លះចែកតាមរបៀប ៤០/៦០ គឺម្ចាស់ស្រែទទួលបាន៤០% អ្នកធ្វើស្រែផ្ទាល់ទទួលបាន៦០% និងតំបន់ខ្លះទៀតអ្នកធ្វើស្រែផ្ទាល់បានច្រើនជាងនេះរហូតដល់៧០% ឯណោះ ។
ចែករំលែកព័តមាននេះ