ជាបន្តបន្ទាប់មកប្រជាជនកំណែនទាំងនោះនាំគ្នាសុំចុះចូលបំរើនាយញូង ហើយសុំតែងតាំងឲ្យឡើងធ្វើជាស្តេចនៅពេលដែលនាយញូង កំពុងតែមានកម្លាំងកើនមហិមាដូចដំរីសារប្រាំពីរ ស្រាប់តែមានដំបងមួយបានលេចចេញមកធ្វើជាអាវុធ គឺដំបងឈើគ្រញូងមានប្រវែងប្រាំហត្ថមួយចង្អាម នាយញូង ចាប់យកដំបងនោះមកគ្រវីវិលញាប់ស្មេដូចកងចក្រ ហើយនាយក៏អាចហក់លោតបានដល់កម្ពស់ទៅ១៥ហត្ថផងដែរ ។
មនុស្សម្នាទាំងឡាយដែលបានឃើញ ឬទ្ធិចេស្តារបស់នាយញូងខ្លាំងអស្ចារ្យដូចនេះ ក៏បានដាក់ឈ្មោះឲ្យថា ដំបងគ្រញូងជាប់ជារៀងដរាបរហូតមក ។ ដឹងច្បាស់ថា ខ្លួនមានកម្លាំងខ្លាំងក្លាពូកែ លើសអស់មនុស្សធម្មតា ហើយមានឬទ្ធិបុណ្យអំណាច នាយញូងក៏ចាប់ផ្តើមបែកគំនិតចង់សោយរាជ្យធ្វើជាស្តេចដូចដែលក្រុមជនកំណែនទាំងអស់ ឲ្យឈប់កាប់ឈើសម្រាប់យកទៅសង់ព្រះរាជវាំងស្តេច ។
ក្រុមកំណែនទាំងអស់ត្រូវនាំគ្នាកាប់ឈើធ្វើជាដំបងព្រនង់វិញ និងនាំគ្នាកាន់អាវុធមានកាំបិត ដាវលំពែង ពូថៅ ព្រួញ ធ្នូ ស្នា ហើយនាំគ្នារៀបចំហ្វឹកហ្វឺនជាកងទ័ព ដើម្បីចេញដំណើរទៅព័ទ្ធវាយវាំងប្រហារស្តេចព្រះបាទចក្រព័ត្រ ហើយប្រជាជនទាំងអស់បានស្មោះស្ម័គ្រនាំគ្នាមូលមីរដើរតាមដំបងគ្រញូង ដូច្នេះគេអាចរួចពីកំណែនលែងនឿយហត់កាប់ឈើជញ្ជូនថ្មបំរើស្តេចទៀត ។ ពង្សាវត្តាវត្តទឹកវិលប្រាប់ថា ដំបងគ្រញូងលើកទ័ព១០ម៉ឺននាក់ទៅឡោមព័ទ្ធព្រះមហានគរ ព្រះមហាក្សត្រព្រះនាមចក្រព័ត្រគ្រានោះដែលកំពុងមានជំងឺរោគាព្យាធិយ៉ាងទម្ងន់ព្រះអង្គបានចែកទ័ពជាពីរផ្នែកឲ្យចេញទៅទប់ទល់នឹងដំបងគ្រញូង ។
ទ័ពផ្នែកទីមួយត្រូវចេញទៅក្រៅទីក្រុងវាយប្រយុទ្ធ ប្រឈមមុខផ្ទាល់នឹងសត្រូវ ឯទ័ពផ្នែកទីពីរត្រូវនៅប្រចាំការពារព្រះរាជធានី ។ ការប៉ះទង្គិចរាំងជល់គ្នារវាងទ័ពទាំងពីរមានសភាព ខ្លាំងក្លាគួរឱ្យរន្ធត់ ។ ទាហានពលសេនាទាំងសងខាងស្លាប់ និងរបួសច្រើនមីរដាស ប៉ុន្តែមិនយូរប៉ុន្មានទ័ពរបស់គ្រញូងក៏ចាប់ផ្តើមមានប្រៀបជាង ហើយក៏យកបានជោគជ័យកម្ទេចទ័ពទីមួយរបស់ស្តេចព្រះចក្រព័ត្រ ។ ដំបងគ្រញូងវាយសម្រុករុលរុកតទៅមុខទៀត រហូតដល់ទៅព័ទ្ធជុំជិតព្រះនគរ ។ ខាងព្រះមហាក្សត្រនៅសល់តែទ័ពទុកសម្រាប់ការពារ ទីក្រុងតែប៉ុណ្ណោះ ។ ទោះបីជាដូច្នេះក៏ដោយក៏ទ័ពរបស់ដំបងគ្រញូងនៅតែពុំអាចវាយដណ្តើមយករាជធានីបានដែរ ។ កងទ័ពដំបងគ្រញូងឡោមព័ទ្ធព្រះមហានគរអស់រយៈពេល ២ខែហើយ នៅតែមិនទាន់បានជ័យជំនះផ្តាច់ព្រ័ត្រទៀត ។
ក្នុងឱកាសនោះដំបងគ្រញូងចាត់ពលសេនាគ្រប់រូបឲ្យប្រដាប់ជាប់នឹងខ្លួននូវចន្លុះ និងជ័រឈើ ។ លុះយប់ជ្រៅកាលណាដំបងគ្រញូងក៏បញ្ជាឲ្យពលរេហ៍ទាំងអស់វាយប្រហារសន្ធប់ យ៉ាងគគ្រឹកគគ្រេងដាក់ជណ្តើរលោតផ្លោះឡើងកំពែងមហានគរយ៉ាងរហ័សរហួន ហើយចាក់ស្រោចស្រព និងដុតជ័រឈើបោះចូលទៅលើផ្ទះសម្បែងក្នុងបរិវេណក្រុង ។ មិនយូរប៉ុន្មានកងទ័ពព្រៃរបស់ដំបងគ្រញូងក៏វាយកម្ទេចទ្វារមហានគរបានដោយជោគជ័យ ហើយក៏រត់សម្រុកចូលវាយលុករុករុលប្រហារកាប់ចាក់យ៉ាងសាហាវឥតត្រាប្រណីទៅលើកងទ័ពព្រះរាជា និងប្រជាពលរដ្ឋស្លូតត្រង់ ទាំងប្រុសស្រីទាំងចាស់ ទាំងក្មេង ។
ក្នុងគ្រានោះព្រះមហាក្សត្រព្រះចក្រព័ត្រដែលកំពុងដែលមានជំងឺយ៉ាងធ្ងន់ធ្ងរ ផ្ទំនៅលឺព្រះទែន កាលបើលឺសូរស្នូរអាវុធប៉ះទង្គិចគ្នាឃើញភ្លើងកំពុងតែឆាបឆេះព្របរមរាជវាំងលឺសូរ សម្លេងស្រែកហ៊ោរ កញ្ជ្រៀវអឺងកង លាយឡំដោយការយំយែកស្រែកឈឺចុកចាប់ព្រះអង្គខំប្រឹងងើបឈរដេកព្រះខ័ន ដើម្បីចេញទៅតស៊ូ ។ តែព្រះអង្គត្រូវដួលធ្លាក់មកលើព្រះក្រឡាបន្ទំវិញ ហើយសុគតក្នុងគ្រានោះទៅ ។ ដោយយោងតាមឯកសារពង្សាវតារសម្តេចវាំងជួនបានសរសេរថា ព្រះបាទចក្រព័ត្រព្រះមហាក្សត្រខ្មែរទី១៦ បានសុគតនៅក្នុងឆ្នាំជូតក្នុង ព្រះជន្ម៤៩វស្សា ។ ព្រះអង្គសោយរាជ្យបាន ២៩ឆ្នាំ ។
ពង្សាវតារវត្តទឹកវិលបានបញ្ជាក់ថា ដំបងគ្រញូងកាលបើបានជ័យជំនះត្រួតត្រានគរហើយ បានរៀបចំធ្វើបុណ្យបូជាព្រះសពព្រះបាទចក្រព័ត្រ ហើយយកព្រះអដ្ឋិធាតុព្រះអង្គទៅបញ្ចុះនៅភ្នំក្រោម ។ ថ្ងៃ១០កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស ១៥៤៥ ត្រូវនឹង គ.ស ១០០១ ដំបងគ្រញូងកូនរាស្ត្រ សាមញ្ញដែលមានពង្សចេញពីស្រទាប់ប្រជាជនកសិករបានទទួល អភិសេកឡើងសោយរាជ្យ សម្បត្តិគ្រប់គ្រងប្រទេសកម្ពុជា ។ ដំបងគ្រញូងក្លាយជាស្តេចទី ១៧បន្ទាប់ពីព្រះបាទចក្រព័ត្រ ហើយបានដាក់ឈ្មោះថ្មីជាព្រះមហាក្សត្រថា ព្រះបាទគោត្តមអមរទេវរាជ ។
គ្រាន់តែបានទទួលជ័យជំនះឡើងកាន់អំណាច និងសោយរាជ្យភ្លាមស្តេចដំបងគ្រញូងមិនបង្អង់ទុកដោយរាជវង្សានុវង្ស ព្រះមហាក្សត្រមុនបានសុខឡើយ ដោយព្រះអង្គបានចេញបញ្ជាទៅគ្រប់មន្ត្រីពលសេនាទៅតាមភូមិស្រុកតំបន់នានាក្នុងព្រះរាជាអាណាចក្រឲ្យដើរស្រាវជ្រាវឆែកឆេររកចាប់ចងឃុំឃាំងសមាជិកក្រុមព្រះញាតិវង្សទាំងអស់ហើយយកទៅសំលាប់ចោលដោយដុតក្នុងភ្លើងទាំងរស់ ។ ចំពោះរឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ