ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ទុរេន១ផ្លែ! តារាហុងកុងដ៏ល្បីម្នាក់ ជួបរឿងដ៏ហួសចិត្ត នៅប្រទេសម៉ាឡេស៊ី

3 អាទិត្យ មុន

ហុងកុង ៖ តារាចម្រៀង និងសម្ដែងដ៏ល្បីរបស់ហុងកុង អ្នកនាង Kelly Chen កាលពីពេលថ្មីៗនេះ

ហុងកុង ៖ តារាចម្រៀង និងសម្ដែងដ៏ល្បីរបស់ហុងកុង អ្នកនាង Kelly Chen កាលពីពេលថ្មីៗនេះ បានរំលេចរឿងរ៉ាវដ៏ភ្ញាក់ផ្អើល ហួសចិត្ត និងអស់សំណើចដំណាលគ្នា បន្ទាប់ពីអ្នកនាងត្រូវបានឃាត់ដំណើរដោយបុគ្គលិក នៅអាកាសយានដ្ឋានមួយរបស់ម៉ាឡេស៊ី ពាក់ព័ន្ធនឹងរឿងវេចទុរេន១ផ្លែដាក់ក្នុងវ៉ាលីអីវ៉ាន់។ នេះបើយោងតាមប្រភពពី The Straits Times របស់សិង្ហបុរី ចេញផ្សាយកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។

រឿងរ៉ាវដ៏ហួសចិត្តមួយនេះ កើតឡើងអំឡុងពេលការប្រគំតន្ត្រីទេសចរណ៍ពិភពលោក រដូវកាលទី ២ នៅតំបន់កម្សាន្ត Genting Highlands របស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ហើយកាលពីពេលថ្មីៗនេះ អ្នកនាង Kelly Chen វ័យ៥១ឆ្នាំ បានចែករំលែកបទពិសោធដ៏ភ្ញាក់ផ្អើល និងអស់សំណើចរបស់ខ្លួនថា អ្នកនាងបានភ្លក់ទុរេនពូជមូសាំងឃីង (Musang King) ដ៏ល្បីរបស់ម៉ាឡេស៊ីជាលើកដំបូង កាលពេលអ្នកនាងទៅលេងម៉ាឡេស៊ីប៉ុន្មានឆ្នាំមុន ហើយបាន​ជាប់ចិត្ត​នឹងឱជារសឈ្ងុញឆ្ងាញ់របស់វា។

យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រីនៅម៉ាឡេស៊ី ដោយដកចិត្តមិនរួចជាមួយនឹងរសជាតិដ៏ឆ្ងាញ់នៃទុរេនមូសាំងឃីង តារាចម្រៀងប៉ុបរូបនេះ និងក្រុមការងារបានសម្រេចចិត្តទិញ ហើយខ្ចប់ដាក់ក្នុងវ៉ាលីអីវ៉ាន់ត្រឡប់ទៅហុងកុងវិញ។ ទោះយ៉ាងណាក៏ដោយ នៅពេលទៅដល់អាកាសយានដ្ឋាន ស្រាប់តែត្រូវបុគ្គលិកទីនោះឃាត់ដំណើរតែម្ដង ហើយ Kelly Chen បាននិយាយថា «នៅពេលនោះហើយ ដែលខ្ញុំបានដឹងថា ផ្លែទុរេនមិនត្រូវបានអនុញ្ញាតឱ្យយកឡើងយន្តហោះនោះទេ»។

អ្នកនាងបន្តថា ដោយស្ដាយរសជាតិដ៏ឆ្ងាញ់នៃទុរេនមូសាំងឃីង អ្នកនាង និងក្រុមការងារប្រញាប់យកចេញទៅក្រៅអាកាសយានដ្ឋាន ហើយសម្រុកញ៉ាំទាល់តែអស់តែម្ដង ទើបត្រឡប់មកវិញ។

សូមជម្រាបថា អ្នកនាង Kelly Chen ចាប់ផ្តើមការប្រគំតន្ត្រីដំណើរទេសចរណ៍ពិភពលោករដូវកាលទី ២ របស់ខ្លួន នៅទីក្រុងម៉ាកាវក្នុងពីខែកញ្ញា ឆ្នាំ ២០២៣ បន្ទាប់មកគឺទីក្រុងឡាសវេហ្គាស (Las Vegas) សហរដ្ឋអាម៉េរិក, ទីក្រុងតូរូនតូ (Toronto) ប្រទេសកាណាដា, ទីក្រុងក្វាងចូវ (Guangzhou) និងសៀងហៃ (Shanghai) ប្រទេសចិន ខណៈការសម្ដែងបន្ទាប់របស់អ្នកនាង នៅទីក្រុងសិនជិន (Shenzhen) ប្រទេសចិន។

អ្នកនាង Kelly Chen ត្រូវបានស្គាល់យ៉ាងច្បាស់តាមរយៈការសម្ដែងក្នុងខ្សែភាពយន្តដ៏ល្បីក្នុងទសវត្សឆ្នាំ ១៩៩០ និង ២០០០ ដូចជា Anna Magdalena ឆ្នាំ ១៩៩៨, Tokyo Raiders ឆ្នាំ ២០០០ និង Infernal Affairs ឆ្នាំ ២០២២។ អ្នកនាងបានរៀបការជាមួយលោក Alex Lau ដែលជាអ្នកជំនួញ នៅថ្ងៃទី២ ខែតុលា ឆ្នាំ ២០០៨។ អ្នកនាង Kelly Chen បានផ្តល់កំណើតកូនប្រុសដំបូង ឈ្មោះ Chace Lau នៅខែកក្កដា ឆ្នាំ ២០០៩ និងកូនប្រុសទី២ ឈ្មោះ Riley Lau នៅខែមីនា ឆ្នាំ ២០១២៕ (ប្រភព ៖ The Straits Times)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ