ខេត្តបាត់ដំបង ៖ សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យម្នាក់ ដែលត្រូវឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀន កាលពីរសៀលថ្ងៃទី២២ តុលា នៅចំណុច ភូមិអូរម៉ាល់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អាន កុសល ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំជ្រៃ សស្រុកថ្មគោល ។ ជននេះត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការក្រុងបង្ក្រាបបានពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែងនៅចំណុចភូមិសង្កាត់ខាងលើ។
លោកអធិការបានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួនភ្លាមៗ មន្ត្រីជំនាញរឹបអូសថ្នាំញៀន ICE (ម៉ាទឹកកក) ជាក់ស្ដែងចំនួន០២ថង់ និង ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៩។ប៉ុន្តែក្រោយពេលជននេះបានផ្ដល់ចម្លើយបឋម ទើបលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានបញ្ជាឲ្យកម្លាំងជំនាញឲ្យឆែកឆេរលំនៅឋានជននេះ រហូតរកឃើញថ្នាំញៀន រួមទាំងវត្ថុតាងដែលពាក់ព័ន្ធមួយចំនួនទៀត។
បើតាមរបាយការណ៏សមត្ថកិច្ច វត្ថុតាងដែលបានដកហូត រួមមាន៖ ថ្នាំញៀនប្រភេទICE (ម៉ាទឹកកក) ចំនួន០៣ថង់ ស្មើទម្ងន់២,៦៤ក្រាម(ទាំងសំបក) ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ និងម៉ូតូ០១គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះអាន កុសល បានសារភាពទទួលស្គាល់វត្ថុតាងដែលសមត្ថកិច្ចបានដកហូត តែពេលនេះមន្ត្រីជំនាញកំពុងបន្តការសួរនាំបន្ថែមទៀត ដើម្បីស្រាវជ្រាវរកប្រភពនៃគ្រឿងញៀននេះ ។
លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានបញ្ជាក់ថា ជនសង្ស័យឈ្មោះអាន កុសល ជាមុខសញ្ញាជូញដូរថ្នាំញៀន ដែលកម្លាំងជំនាញបានតាមដានយ៉ាងសកម្មនាពេលកន្លងមក រហូតឈានដល់ការបង្ក្រានបានតែម្ដង។ ពេលនេះមន្ត្រីជំនាញកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕
ចែករំលែកព័តមាននេះ