រាជធានីភ្នំពេញ ៖ កាលពីថ្ងៃសៅរ៍ ទី១៩ ខែតុលា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាហែលទឹកកម្ពុជាបានធ្វើពិធីជួបជុំនិងសំណេះសំណាល ក៏ដូចជាបង្ហាញឈ្មោះកីឡាករកីឡាការិនីដែលត្រូវត្រៀមចេញទៅប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣០នៅប្រទេសហ្វ៊ីលីពីន ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា បានឱ្យដឹងថា រហូតមកដល់ ពេលនេះបញ្ជីឈ្មោះប្រតិភូកីឡា និងកីឡាករកីឡាការិនី ដែលត្រូវចេញទៅប្រកួតកីឡាស៊ីហ្គេម
នៅប្រទេសហ្វ៊ីលីពីនបានរៀបចំរួចរាល់អស់ហើយ ក្នុងនោះប្រតិភូដឹកនាំមានចំនួន៣រូបគឺ រូបលោកផ្ទាល់ជាប្រធានដឹកនាំ និងប្រតិភូអមចំនួន២រូបគឺលោក ហែម ថុនពន្លឺ និងលោក ចេង ពិរោទ ។ ចំពោះកីឡាករវិញមានចំនួន៤រូប គឺកីឡាករ លឹម កែវឧត្តម កីឡាករ អួង លីហេង កីឡាករ ហែម ប៉ុច និងកីឡាករ ឌឿន វ៉ាត់ឌីឌុន ។
កីឡាការិនីមាន៤រូបគឺ កីឡាការិនី សុខ វរល័ក្ខ កីឡាការិនី កាំង មុយនីន កីឡាការិនី ឃីន ប៊ុន ពេជ្រមរកត និងកីឡាការិនី ឆោម ស្រីវល័ក្ខណ៍។
លោកបានឱ្យដឹងទៀតថា ចំពោះវិញ្ញាសាដែលក្រុមកម្ពុជាត្រូវចូលរួមប្រកួតរួមមាន ហែលរបៀបមេអំបៅ ហែលរបៀបកង្កែប ហែលរបៀបផ្ងារ និងហែលរបៀបសេរី និងវិញ្ញាសាហែលបណ្ដាក់១០០ម៉ែត្រគុណ៤ដងបុរសនារី ។
ចំពោះកីឡាករកីឡាការិនីដែលត្រូវបញ្ជូនឱ្យទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកនេះ ភាគច្រើនសុទ្ធសឹងតែជាកីឡាករកីឡាការិនីដែលមានវ័យក្មេង ព្រោះពួកគេទាំងអស់នេះគឺជាកីឡាករថ្នាលដែលបានប្រមូលផ្ដុំក្នុងជំរំហ្វឹកហាត់ សម្រាប់ ត្រៀមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ