រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់អាយុ៨ឆ្នាំបានវង្វេងផ្ទះ ហើយដើរតាមផ្លូវទាំងស្ថានភាពភិតភ័យគ្មានគោលដៅឡើយ ត្រូវបានបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ប្រទះឃើញក៏នាំទៅកាន់ប៉ុស្តិ៍ចោមចៅ៣ ដើម្បីសួរនាំនិងស្រាវជ្រាវរកឪពុកម្ដាយឲ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ ។ ប៉ុន្តែពេលអាជ្ញាធរនិងនគរបាលសួរនាំ ក្មេងប្រុសម្នាក់នោះស្គាល់តែឈ្មោះឪពុក ចំណែកឯឈ្មោះម្ដាយអត់ស្គាល់ទេ ព្រមទាំងអត់ស្គាល់ភូមិសង្កាត់ដែលខ្លួនរស់នៅទៀត។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចរង្វង់មូលថ្នល់បំបែកចោមចៅ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីនគរបាលបានឱ្យដឹងថា ពេលសួរនាំ ក្មេងប្រុសខាងលើបានប្រាប់ថា ខ្លួនឈ្មោះភា អាយុ៨ឆ្នាំ មានឪពុកឈ្មោះឌី ចំណែកម្ដាយអត់ស្គាល់ឈ្មោះទេ គ្រាន់តែដឹងថាជាកម្មការិនីរោងចក្រកាត់ដេរ ហើយខ្លួនមិនស្គាល់ថាភូមិសង្កាត់ដែលខ្លួនរស់នៅសព្វថ្ងៃទេ ។
តាមប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ក្មេងប្រុសរូបនេះចេញដើរលេងក៏ស្រាប់តែវង្វេងរកផ្លូវត្រឡប់ទៅផ្ទះវិញមិនឃើញឡើយ ហើយចេះតែដើរៗទៅរហូតមកដល់រង្វង់មូលថ្នល់បំបែកចោមចៅក៏ជួបបុរសម្នាក់ជាអ្នករត់ម៉ូតូឌុបនាំយកមកប្រគល់ជូននគរបាលដើម្បីឲ្យជួយស្រាវជ្រាវរកឪពុកម្ដាយតែម្ដង។
តាមប្រភពពីបុរសជាអ្នករត់ម៉ូតូឌុបម្នាក់បាននិយាយថា នៅមុនពេលកើតហេតុ ខណៈពេលគាត់កំពុងឈប់រង់ចាំម៉ូយនៅត្រង់ចំណុចខាងលើ ស្រាប់តែប្រទះឃើញក្មេងប្រុសម្នាក់នោះដើរតាមផ្លូវតែម្នាក់ឯង ក្នុងទឹកមុខស្លេកស្លាំង និងភិតភ័យ ។ បន្ទាប់ពីឃើញគួរឲ្យសង្ស័យបែបនេះ គាត់បានហៅសួរនាំ តែក្មេងប្រុសខាងលើប្រាប់ថាវង្វេងផ្ទះ ហើយពេលនោះគាត់បម្រុងជូនទៅផ្ទះដែរ ប៉ុន្តែដោយសារតែសួរនាំទៅគឺមិនស្គាល់អ្វីទាំងអស់នោះទើបគាត់នាំក្មេងប្រុសម្នាក់នោះទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីជួយស្រាវជ្រាវរកអាណាព្យាបាលក្មេងនេះតែម្ដង ព្រោះខ្លាចដើរកាន់តែឆ្ងាយទៅៗថែមទៀត។
តាមប្រភពពីនគរបាលប៉ុស្តិ៍ចោមចៅ៣បានបន្តទៀតថា គិតរហូតមកដល់វេលាម៉ោង២រសៀលថ្ងៃដដែលនេះ នៅមិនទាន់ឃើញឪពុកម្ដាយក្មេងប្រុសខាងនេះមកទទួលយកកូនត្រឡប់ទៅផ្ទះវិញនៅឡើយ ដូច្នេះបើបងប្អូនណាមានបាត់កូនដូចភិនភាគខាងលើ សូមមកទំនាក់ទំនងនគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីទទួលយកកូនត្រឡប់ទៅវិញ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ