ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកត្រូវតែគិតពីអតិថិជនជារៀងរាល់ថ្ងៃព្រោះពួកគេ គឺជាប្រភពចំណូលរបស់អ្នក ។ ប៉ុន្តែអ្វីមួយទៀតដែលអ្នកតែងតែត្រូវគិតលើ គឺផលិតផល ឬសេវាដែលអ្នកផ្គត់ផ្គង់ថា វាពិតជាជួបនឹងតម្រូវការបច្ចុប្បន្ន ឬទេ ? ដើម្បីឆ្លើយនឹងសំណួរនេះសហគ្រិន និងម្ចាស់អាជីវកម្មត្រូវដឹងថា តើអតិថិជនរបស់អ្នកត្រូវការអ្វី? មានវិធីសាស្ត្រច្រើនដែលអ្នកអាចប្រើដើម្បីឆ្លើយនឹងសំណួរខាងលើដោយអាស្រ័យតាមប្រភេទអាជីវកម្មនីមួយៗ ។ យ៉ាងណាក្តី ជាទូទៅអ្នកអាចប្រើមធ្យោបាយខាងក្រោមនេះ៖
១. ការស្ទង់មតិ៖
ការដាក់ប្រអប់សុំមតិយោបល់របស់អតិថិជនជាផ្នែកមួយដ៏សំខាន់សម្រាប់អាជីវកម្មដើម្បីដឹងពីគំនិតរបស់អ្នកទិញ ។ ក្រៅពីការដាក់ប្រអប់នេះហើយ អាជីវកម្មមួយចំនួនក៏មានមធ្យោបាយបែបឌីជីថលក្នុងការប្រមូលមតិយោបល់ដែរ ដូចជាការប្រើប្រព័ន្ធសង្គមជាដើម ។ លទ្ធផលនៃការស្ទង់មតិនឹងប្រាប់អ្នកជាក់ស្តែងពីអ្វីដែលអតិថិជនចង់បានពីអ្នក ហើយអ្នកអាចប្រមូលទិន្នន័យដែលប្រមូលមកបានដើម្បីបង្កើតផលិតផល ឬសេវាថ្មី ព្រមទាំងបង្កើនគុណភាពផលិតផល និងសេវាដែលកំពុងតែផ្គត់ផ្គង់ស្រាប់ផងដែរ ។
២. ការតាមដាន៖
ការសួរ ស្តាប់ និងតាមដានមើលគឺជាកត្តាសំខាន់ក្នុងការស្វែងយល់ពីតម្រូវការអតិថិជន ។ ពេលខ្លះ អតិថិជនផ្តល់មតិយោបល់តាមរយៈអាកប្បកិរិយា ឬទឹកមុខជាដើមដូច្នេះអ្នកត្រូវចេះរៀនមើលកាយភាសាទាំងនេះ ។ ដើម្បីចៀសវាងការយល់ច្រឡំ អ្នកក៏អាចសួរនាំបញ្ជាក់ដោយផ្ទាល់ពីពួកគេផងដែរប្រសិនបើអ្នកសង្កេតឃើញថាអតិថិជនអ្នកមានទឹកមុខមិនល្អបន្ទាប់ពីដើរចេញពីហាងរបស់អ្នក ឬទិញផលិតផល និងសេវារបស់អ្នក ។
៣. បង្ហាញការស្វាគមន៍៖
ប្រសិនបើអ្នក និងបុគ្គលិករបស់អ្នកមានការស្វាគមន៍ទទួលភ្ញៀវរបស់អ្នកនោះ ពួកគេក៏មិនមានចិត្តចង់លាក់បាំងកង្វល់ ឬការមិនពេញចិត្តពីអ្នកដែរ ។ ការបង្កើតទំនាក់ទំនង និងការសន្ទនាជាមួយនឹងអតិថិជនអាចបង្កើនភាពជឿជាក់ និងអនុញ្ញាតឲ្យអ្នកយល់ដឹងបន្ថែមពីតម្រូវការ និងក្រុមមនុស្សដែលទិញទំនិញ និងសេវាពីអ្នក៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ