រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអរគុណដល់ប្រជាពលរដ្ឋដែលរួមគ្នារក្សាសន្តិភាពក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស ។ សម្តេចតេជោបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី២៤ កញ្ញានេះថា សុខសប្បាយជាទេបងប្អូនជនរួមជាតិ ? ថ្ងៃទី២៤ កញ្ញានេះគឺបិណ្ឌទី១១ហើយ នៅតែ៤ថ្ងៃទៀត គឺបុណ្យភ្ជុំបិណ្ឌធំនឹងមកដល់ដែលត្រូវចំថ្ងៃសៅរ៍ទី២៨ ។
សម្តេចបញ្ជាក់ថា«ខ្ញុំរីករាយណាស់ដែលបានឃើញបងប្អូនជនរួមជាតិ និងកូនក្មួយមានឱកាសបានជួបជុំក្រុមគ្រួសារធ្វើបុណ្យភ្ជុំជាមួយគ្នានៅទូទាំងប្រទេស ដោយក្តីសប្បាយរីករាយ ។ ការប្រារព្ធធ្វើពិធីបុណ្យតូចធំ និងការអភិវឌ្ឍន៍ប្រទេសជាតិទៅបាន គឺអាស្រ័យដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ ។ ខ្ញុំសូមអរគុណដល់បងប្អូនជនរួមជាតិដែលបានចូលរួមថែរក្សា និងការពារសន្តិភាពមកដល់សព្វថ្ងៃ»។
សម្តេចបានបន្តថា សូមបងប្អូនជនរួមជាតិ និងកូនក្មួយជាពិសេសក្មួយៗកម្មករកម្មការិនីធ្វើដំណើរទៅផ្ទះជួបជុំក្រុមគ្រួសារមានសុខសុវត្ថិភាពតាមផ្លូវ ។ សូមបងប្អូនបើកបរមានការប្រុងប្រយ័ត្នខ្ពស់ យោគយល់ អធ្យាស្រ័យ និងគោរពច្បាប់ទាំងអស់គ្នា ។ ជាមួយគ្នានោះដែរ សម្តេចក៏បានសូមជូនពរដល់ប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ សូមជួបតែសេចក្តីសុខ សេចក្តីចម្រើន និងពរ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ