នៅក្នុងគម្ពីរធម្មបទមាននិយាយអំពីមាណពម្នាក់ឈ្មោះមាឃនៅស្រុកមួយ គាត់ជាមនុស្សមាននិស្ស័យចូលចិត្តខាងការធ្វើផ្លូវឱ្យសាធារណជនធ្វើដំណើរទៅមកបានស្រួល ។
នៅពេលធ្វើផ្លូវនោះគាត់បបួលជនដែលមាននស្ស័យត្រូវគ្នាបាន៣២នាក់រួមទាំងខ្លួនផងជា៣៣នាំគ្នាធ្វើថ្នល់តម្រង់ទៅរាជធានី។ កាលធ្វើទៅមានអ្នកស្រុកសួរថា ជនទាំងនេះធ្វើផ្លូវទៅណា? ជនទាំង៣៣នាក់នោះឆ្លើយថា ធ្វើផ្លូវទៅកាន់ឋានសួគ៌ ។
ដោយអំណាចនៃការសាងផ្លូវថ្នល់ បណ្តាជនទាំងនោះអស់អាយុសង្ខារទៅ គឺមាឃមាណពទៅកើតជាព្រះឥន្ទ្រស្តេចទេវតានៅឋានត្រៃត្រិង្សសួគ៌ ចំណែកជនទាំង៣២នាក់ជាមិត្តសម្លាញ់បានទៅកើតជាទេវបុត្រ ។ ឋាននោះបានឈ្មោះថា ឋានត្រៃត្រិង្សប្រែថា ឋានសាមសិបបីតាំងពីត្រឹមនោះមក ។
នេះជាអានិសង្សនៃការសង់ផ្លូវថ្នល់ឱ្យបានសុខស្រួលដល់សាធារណជន តែងបានសេចក្តីសុខស្រួលដល់ខ្លួនយើងវិញ ត្រូវតាមគន្លងពុទ្ធភាសិតថា សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ ប្រែថា ជនដ៏មានប្រាជ្ញាណាបានឱ្យសេចក្តីសុខដល់អ្នកដទៃ ជននោះរមែងបានជួបប្រទះនឹងសេចក្តីសុខជារៀងរហូត ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ