ខេត្តរតនគិរី ៖ លោកសុខ សំណាង ចាងហ្វាងកាសែតដំណឹងថ្មី ដែលដួលក្នុងបន្ទប់ទឹករហូតដាច់សរសៃឈាមក្នុងខួរក្បាលនៅខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ។ ក្រោយពេលបានទទួលប្រាក់ឧបត្ថម្ភពីសប្បុរសជន ដែលបានផ្តល់ជូនរូបលោកដើម្បីព្យាបាលជំងឺបានធូរស្បើយកាន់តែប្រសើរឡើង គឺអាចងើបអង្គុយបាន ហូបបានសុខភាពល្អមាំមួនឡើងវិញមួយកំរិត។ លោកមានការចងចាំបានច្រើនជាងមុន អាចនិយាយស្តីបានច្បាស់បន្តិច និងសាច់ឈាមស្រស់ថ្លាឡើងវិញ។
នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១០ កន្លងមក លោកសុខ សំណាង បានទទួលនៅកញ្ចប់ទឹកប្រាក់ចំនួន៤០០ដុល្លារ នៅគេហដ្ឋានសាច់ញាតិរបស់លោក ខណៈដែលលោកបានទៅចូលរួមបុណ្យប្រាំពីរថ្ងៃនៃសពម្តាយមីងនៅភូមិនិរោធ សង្កាត់និរោធ ខណ្ឌមានជ័យ ដែលទទួលឧបត្ថម្ភពីលោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃព្រះរាជាណាចក្រកម្ពុជាចំនួន១០០ដុល្លារ តាមរយៈលោកយូ ដារ៉ាវុធ ជាតំណាងរបស់លោកជំទាវ។ លោកជំទាវស៊ុយ សុផាន ចំនួន១០០ដុល្លារ លោកជំទាវអ៊ឹង ស៊ីស្រ៊ន គណៈកម្មការសាខាកាកបាទក្រហមរាជធានីភ្នំពេញ និងស្វាមីចំនួន១០០ដុល្លារ និងលោកសុខ ផេង ព្រមទាំងលោកជា ហាវ ចំនួន១០០ដុល្លារ ។ លោកសេង ស៊ីចាង អគ្គនាយកទស្សនាវដ្តីអង្គរធំក៏បានជួយឧបត្ថម្ភប្រាក់ចំនួន៥០ដុល្លារផងដែរ នៅគេហដ្ឋានរបស់លោកសុខ សំណាង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១០ កន្លងទៅផងដែរ។
នាឱកាសទទួលអំណោយជាប្រាក់ដ៏ថ្លៃថ្លានេះលោកសុខ សំណាង ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានជួយឧបត្ថម្ភដល់រូបលោក។ លោក សុខ សំណាង និងក្រុមគ្រួសារបានសំដែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ចំពោះសន្តានចិត្តអាណិតអាសូររបស់លោកជំទាវម៉ែន សំអន ដែលតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះរូបលោក និងសប្បុរសជនជាច្រើនរូបផ្សេងទៀតផងដែរ ដែលបានជួយឧបត្ថម្ភដល់រូបលោកកំពុងជួបគ្រោះអាសន្ន។លោកបានលើកដៃសំពះបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមជួយថែរក្សាការពារ និងប្រសិទ្ធពរជ័យសិរីមង្គលវិបុលសុខគ្រប់ប្រការចូលមានដល់សម្តេចតេជោហ៊ុន សែន និងលោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រាបុត្រី និងលោក លោកជំទាវ អស់លោក លោកស្រីដែលបានជួយឧបត្ថម្ភដល់រូបលោក។ លោកក៏សុំក្តីករុណាជួយឧបត្ថម្ភជាបន្តទៀតពីសប្បុរសជនដើម្បីមានឱកាសព្យាបាលបន្តឱ្យជាសះស្បើយ៕
ចែករំលែកព័តមាននេះ