ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំធ្វើការត្រួតពិនិត្យអ្នកបើកបររថយន្តនៅលើកដងផ្លូវជាតិ នាចំណុចឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីស្វែងរកសារធាតុញៀននៅក្នុងខ្លួន ការចុះប្រតិបត្តិការណ៍នេះចាប់ពីពេលព្រលប់រហូតដល់ម៉ោង១២អធ្រាត្រថ្ងៃទី០៥ ខែសីហានេះ ។
ជាលទ្ធផលនគរបាលបានធ្វើការពិនិត្យចំពោះអ្នកបើកបររថយន្ត១៨២នាក់លើចំនួន១៨០គ្រឿង ដែលក្នុងនោះមានមនុស្សចំនួន០២នាក់ជាជំនួយការបើកបរ ដើម្បីស្វែងរកសារធាតុញៀននៅក្នុងខ្លួន ហើយលទ្ធផលបានបង្ហាញថា មានអ្នកបើកបររថយន្តចំនួន០៨នាក់ ដែលមានផ្ទុកសារធាតុ ញៀននៅក្នុងខ្លួន ខណៈកំពុងកាន់ចង្កូតរថយន្តលើដងផ្លូវសាធារណៈ ហើយក្នុងនោះកត់សម្គាល់ឃើញថា អ្នកបើកបររថយន្តដឹកទំនិញមានអត្រាប្រើប្រាស់សារធាតុញៀនច្រើនជាងគេ ។
នៅក្រោយពេលធ្វើតេស្តទឹកនោមរកឃើញថា ពួកគាត់មានសារធាតុញៀននៅក្នុងខ្លួនតាមបញ្ជារបស់លោកព្រះរាជអាជ្ញារង គឺ ប៊ុណ្ណារ៉ា នគរបាលបាននាំទាំងរថយន្ត និងអ្នកបើកបររថយន្តមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី ។
លោកព្រះរាជអាជ្ញារង គឺ ប៊ុណ្ណារ៉ា ដែលបានដឹកនាំបញ្ជាផ្ទាល់ក្នុងកិច្ចប្រតិបត្តិការ នអំពាវនាវដល់ ប្រជាពលរដ្ឋទូទៅអ្នកបើកបររថយន្តក៏ដូចជា ម្ចាស់ក្រុមហ៊ុន ឬម្ចាស់រថយន្តដែលប្រើប្រាស់ ឬជួលអ្នកបើកបររថយន្តឲ្យខ្លួននោះ សូមចូលរួមអប់រំណែនាំ និងផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនដល់សមាជិកគ្រួសារ អ្នកធ្វើការបើកបររថយន្តរបស់ក្រុមហ៊ុនខ្លួន ឬរបស់សាមីខ្លួនព្រោះថា អ្នកបើកបររថយន្តដឹកទំនិញ ឬបើកបររថយន្តដទៃទៀតនៅលើដងផ្លូវសាធារណៈមានផ្ទុកដោយសារធាតុញៀននៅក្នុងខ្លួនបែបនេះ គឺជាហានិភ័យ សម្បើមណាស់ សម្រាប់អាយុជីវិតខ្លួនឯង និងអាយុជីវិតអ្នកប្រើប្រាស់ផ្លូវជាមួយផងដែរ ។
លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងបានបញ្ជាក់ថា ពីពេលនេះតទៅអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ការអនុវត្តចំពោះអ្នកបើកបររថយន្ត ដើម្បីស្វែងរកសារធាតុញៀននៅក្នុងខ្លួនគឺ នគរបាលយើងនៅតែបន្តធ្វើសកម្មភាពបានជាប់ជាប្រចាំ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ