ព្រះបរមសាស្តាទ្រង់ប្រារព្ធនូវអាយុវឌ្ឍនកុមារដែលព្រាហ្មណ៍ម្នាក់បានទស្សន៍ទាយទុកថា ៧ថ្ងៃទៀត កុមារនេះនឹងស្លាប់ហើយ ។ មាតាបិតានៃកុមារមានសេចក្តីតក់ស្លុតព្រួយបារម្ភយ៉ាងខ្លាំង ហើយបានដើរសួររកនូវហេតុដែលជាគ្រឿងការពារមរណភ័យនោះ គឺការការពារមិនឱ្យកូនស្លាប់ ។
ព្រាហ្មណ៍ក៏គាត់មិនបានដឹងច្បាស់អំពីហេតុនោះដែរ ហើយបានប្រាប់ឱ្យម្តាយឪពុកទៅទូលសួរដល់ព្រះសាស្តា។ មាតាបិតាបាននាំកូននោះទៅក្រាបថ្វាយបង្គំព្រះសាស្តា ព្រះសាស្តា ទ្រង់បានព្យាករដូចព្រាហ្មណ៍ដែរ ហើយត្រាស់សម្តែងនូវហេតុជាគ្រឿងការពារមរណភ័យនោះ ដោយត្រាស់ឱ្យនិមន្តព្រះសង្ឃមកចម្រើនព្រះបរិត្តមិនឱ្យឈប់ក្នុងរវាង៧ថ្ងៃ គឺរហូតដល់៧ថ្ងៃ នៅក្នុងថ្ងៃទី៧ ព្រះសាស្តាទ្រង់បាននិមន្តទៅដោយព្រះអង្គឯង ។
គ្រានោះពួកយមបាលដែលមានបំណងមកយកជីវិតរបស់កុមារនោះ គ្រាន់តែឃើញព្រះសាស្តាភ្លាមក៏ភ័យខ្លាចនូវអានុភាពរបស់ព្រះអង្គ ហើយបានរត់បាត់ទៅមួយរំពេចនោះឯង។ លុះថ្ងៃទី៧បានកន្លងផុតទៅហើយ ថ្ងៃទី៨ក៏បានចូលមកដល់ ហើយបានហួសកំណត់នឹងផ្តាច់នូវអាយុជីវិតរបស់កុមារនោះ នៅថ្ងៃទី៨នេះឯង។
កុមារនោះបានរួចផុតពីសេចក្តីស្លាប់ ហើយបានដល់នូវសិរីសួស្តីមានអាយុរស់រានឡើងរហូតដល់ទៅ១២០ឆ្នាំ បាននាមថា អាយុវឌ្ឍនកុមារប្រាកដ ។
ចែករំលែកព័តមាននេះ