រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ភ័យស្លន់ស្លោរ ស្រែកឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជួយធ្វើជាសាក្សីឱ្យគាត់ផង ខណៈពេលគាត់កំពុងបើកម៉ូតូកង់បីសុខៗ អត់ដឹងថា មានកុមារាអាយុ២ខួបរត់ឡើងមកអង្គុយតាំងពីពេលណាមកទេ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ271 ទល់មុខនឹងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
តាមប្រភពពីបុរសអ្នករត់ម៉ូតូកង់បីសុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុ គឺរូបគាត់បើកកង់បីឥណ្ឌាធ្វើដំណើរតាមផ្លូវ 3BT នៅភូមិចម្រើនផល ពីកើតទៅលិច ដោយសារតាមផ្លូវនោះស្ទះចរាចរណ៍ គាត់បើកយឺតៗមករហូតដល់ផ្លូវ២៧១ ក៏បត់ឆ្វេងមកពេទ្យរុស្ស៊ី រួចអែបកៀនឈប់ក្រែងមានគេរកម៉ូតូកង់បីជិះ ខណៈឈប់គាត់អង្គុយរាប់លុយដែលរកបាន ហើយក្រឡេកមើលកៅអីក្រោយស្រាប់តែឃើញមានក្មេងប្រុសតូចម្នាក់អង្គុយនៅលើកង់បីគាត់ធ្វើឱ្យគាត់ភ័យស្លន់ស្លោយ៉ាងខ្លាំងខ្លាចអាណាព្យាបាលក្មេងចោទប្រកាន់គាត់ថា ចាប់កូនគេមក គាត់ក៏ស្រែកហៅប្រជាពលរដ្ឋនៅជិតនោះ ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទីនោះជួយធ្វើសាក្សីឱ្យយគាត់ផង និងឱ្យជួយមកមើលក្មេងប្រុសនោះផង ក្រែងស្គាល់អាណាព្យាបាលក្មេងនឹងបានជូនត្រលប់ទៅផ្ទះវិញ តែគ្មានអ្នកណាស្គាល់ឡើយ ក៏បង្កជាភ្ញាក់ផ្អើលនៅពេញមុខមន្ទីរពេទ្យរុស្ស៊ី និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗដែរ ។
ប្រភពដដែលបន្តថា ក្រោយភ្ញាក់ផ្អើលរំលងប្រមាណកន្លះម៉ោងក្រោយ ស្រាប់តែឃើញឪពុកក្មេងជិះម៉ូតូមកដល់កន្លែងភ្ញាក់ផ្អើលធ្វើឲ្យគាត់អរផង ភ័យផង សួរនាំដំណើររឿងទាក់ទងនឹងកុមារា លុះដឹងរឿងហើយក៏ប្រគល់កូនឱ្យវិញ និងសុំទោសឪពុកកុមារា ព្រោះគាត់ពិតជាមិនដឹងមែន ។ ហើយឪពុកកុមារាមិនចោទប្រកាន់អ្វីទេ និងបានអរគុណ ហើយសុំទោសលោកពូដែលជាម្ចាស់កង់បីឥណ្ឌា ដែលខ្លួនធ្វេសប្រហែសមួយភ្លែតធ្វើឱ្យមានរឿងនេះកើតឡើង ។
តាមប្រភពពីឪពុកកុមារានោះប្រាប់ ថា គាត់ស្នាក់នៅភូមិចម្រើនផល ផ្លូវ3BT សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ហើយកូនប្រុសគាត់អាយុ២ខួបកន្លះ កូនគាត់នឹងរពឹសណាស់ ព្រមទាំងចូលចិត្តជិះម៉ូតូកង់បីឥណ្ឌាណាស់ ឱ្យតែមានគេឈប់កង់បីនៅមុខផ្ទះដឹងតែកូនគាត់ឡើងទៅលេងលើកង់បីនោះហើយ ទោះហៅក៏មិនចង់ចុះមកវិញទេ ។
លុះមុនកើតហេតុ គាត់នឹងកូនប្រុសនៅក្នុងផ្ទះជាមួយគ្នាបិទទ្វារផ្ទះដែល តែមិនបានដាក់គន្លឹះទេ ស្រាប់តែកូនគាត់បើកទ្វាររត់ចេញមកក្រៅ ទំនងជាកូនគាត់ឃើញម៉ូតូកង់បីនោះបើកយឺតៗនៅមុខផ្ទះ ក៏ទាញទ្វារចេញរត់ឡើងកង់បីគេតែម្តងទៅ ព្រោះកន្លងមក កុមារានោះក៏ធ្លាប់ឡើងកង់បីគេដែរ តែគាត់ទាន់ក៏ចាប់ចុះមកវិញ ។
ប្រភពដដែលបន្តថា តែថ្ងៃនេះគាត់ភ្លេចខ្លួនតែមួយភ្លែត ស្រាប់តែបាត់កូនប្រុស គាត់ភ័យស្លន់ស្លោជិះម៉ូតូតាមរកកូនប្រុសជុំវិញពេទ្យរុស្ស៊ី ឡើងមកដល់មុខពេទ្យក៏ឃើញមានគេភ្ញាក់ផ្អើលចោមរោមមើលម៉ូតូកង់បី ក៏ចូលទៅមើលស្រាប់តែឃើញកូនប្រុសគាត់នៅក្នុងកង់បីនោះ ធ្វើឱ្យគាត់ត្រេកអរយ៉ាងខ្លាំងរកអ្វីប្រៀបផ្ទឹមមិនបាន ។
ក្រោយកើតហេតុ ពូម្ចាស់កង់បីរៀបរាប់ដំណើររឿងប្រាប់ដូចខាងលើ និងសុំទោសឪពុកកុមារាទាំងភ័យស្លន់ស្លោ ព្រោះគាត់មិនដឹងថា កុមារានោះឡើងមកលើម៉ូតូកង់បីគាត់តាំងពីពេលណា ហើយពីកន្លែងណាមកទេ ពេលគាត់ធ្វើដំណើរមកដល់មុខពេទ្យរុស្ស៊ីនេះទើបដឹងក៏ភ្ញាក់ខ្លួនព្រឺត ស្រែករកគេឱ្យជួយតែម្តង ។ ដោយឡែកឪពុកកុមារារងគ្រោះមិនបានរករឿង ឬក៏ចោទប្រកាន់អ្វីទៅលើពូម្ចាស់កង់បីនោះទេ ថែមទាំងអរគុណ និងសុំទោសចំពោះពូម្ចាស់កង់បីវិញ ចំពោះការធ្វេសប្រហែសរបស់ខ្លួន ធ្វើឲ្យមានរឿងបែបនេះ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ