រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តាំទៅកាន់ក្រុមប្រឆាំងយ៉ាងដូច្នេះថា យមរាជមិនត្រូវការជីវិតខ្ញុំទេ ក្នុងរយៈពេលមិនតិចជាង៤០ឆ្នាំ ។ សម្តេចតេជោបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី០៧ ខែកក្កដានេះថា ខ្ញុំសូមអរគុណចំពោះជនរួមជាតិដែលជូនពរដល់ខ្ញុំ និងបារម្ភអំពីសុខភាពរបស់ខ្ញុំ ។
លោកបញ្ជាក់ថា ៖ «ខ្ញុំសូមជម្រាបជូនថា បន្ទាប់ពីការព្យាបាលដោយយកចិត្តដាក់ពីសំណាក់គ្រូពេទ្យក្នុងចន្លោះម៉ោង២ទៅម៉ោង៣ទៀបភ្លឺ ម៉ោងសិង្ហបូរីគ្រូពេទ្យបានដោះស្រាយដោយជោគជ័យនូវកន្លែងគ្រេចស្មាស្តាំ ។ អ្វីដែលបាត់បង់ គឺគ្រូពេទ្យតម្រូវឱ្យខ្ញុំផ្អាកវាយកូនគោលមួយរយៈដែលខ្ញុំគោរពតាមបានយ៉ាងស្រួល! ។
ទន្ទឹមនឹងប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យខ្ញុំឆាប់ជាសះស្បើយ ក៏មានជនមួយក្តាប់តូច លួចចូលមក comment ឬបង្ហោះតាម Facebook បន់អោយខ្ញុំឆាប់ស្លាប់ ឬបង្កើតព័ត៌មានក្លែងក្លាយអំពីស្ថានភាពជំងឺរបស់ខ្ញុំទៅវិញ ។ សម្តចតេជោក៏បានគូសថា ៖«ខ្ញុំសូមជូនយោបល់ទៅអ្នកទាំងនោះវិញថា (ឈប់បានឈប់ទៅ) ព្រោះការធ្វើនយោបាយរង់ចាំឱ្យខ្ញុំស្លាប់ ដើម្បីដណ្តើមអំណាចសូមរង់ចាំជាតិក្រោយទៅចុះ ព្រោះយមរាជមិនត្រូវការជីវិតខ្ញុំទេ ក្នុងរយៈពេលមិនតិចជាង៤០ឆ្នាំពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅបន្តបម្រើប្រជាជន និងកំចាត់ពួកក្បត់ជាតិ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត » ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ