រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកដួលនៅកណ្ដាលផ្លូវសន្លប់ស្ដូកស្ដឹងម្នាក់ឯងនៅជាប់នឹងម៉ូតូស្មាស់វី ពណ៌ក្រហម កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៨ មីនា នៅតាមវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូស្មាស់វី ពណ៌ក្រហម តាមបណ្តោយវិថីសហព័ន្ធរុស្ស៊ីពីលិចទៅកើត ខណៈមកដល់មុខផ្សារទំនើបបាយ័នជាប់របងអតីតស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ហាក់ដូចជាអស់ ខ្យល់ ស្រាប់តែដួលម្នាក់ឯងតែម្ដង បណ្ដាលឱ្យរងរបួសធ្ងន់ត្រូវសមត្ថកិច្ចទូរស័ព្ទហៅរថយន្ដសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ ។
ប្រភពដដែលបន្ដទៀតថា មុនដំបូងស្មានតែបុរសនោះគ្រោះថ្នាក់ចរាចរណ៍ដោយសារបុកគ្នាជាមួយរថយន្ដ ឬក៏ម៉ូតូ ទើបដេកស្ដូកស្ដឹងនៅកណ្ដាលថ្នល់បែបនេះ ប៉ុន្ដែបើតាមការពិនិត្យសមត្ថកិច្ចបានសន្និដ្ឋានថា បុរសនោះស្រវឹងស្រាជោកជាំខ្លាំងពេកទើបជិះម៉ូតូដួលម្នាក់ឯង រីឯម៉ូតូមិនមានរងការខូចខាតអ្វីទាំងអស់៕
ចែករំលែកព័តមាននេះ