ខេត្តសៀមរាប ៖ ជាការខ្លោចចិត្តបំផុតសម្រាប់មហាជន ពេលដែលសម្រែកស្ត្រីជាម្តាយ ដែលកំពុងមានកូនខ្ចីបានទ្រហោយំដោយការរន្ធត់ ចំពោះការបាត់បង់កូនស្រីតូចដែលក្លាយជាចំណីក្រពើ សល់តែលលាដ៍ក្បាលរបស់កូនស្រី ហើយត្រូវបានសមត្ថកិច្ចប្រគល់ឱ្យឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ។ សូមបង្កើនការការពារនិងប្រុងប្រយ័ត្នឱ្យច្រើនជាងនេះ ស្ថិតនៅទីតាំងដែលអាចបង្កគ្រោះថ្នាក់ ព្រោះបើវាបានកើតឡើងហើយ គឺមានតែវិប្បដិសារីតែប៉ុណ្ណោះ ។
សូមរំលឹកថា ក្មេងស្រីតូចម្នាក់ទើបមានអាយុជាង២ឆ្នាំ ដែលជាទីស្រឡាញ់គាប់ចិត្តសម្រាប់មាតាបិតា បានក្លាយជាចំណីក្រពើ ដោយសារនាងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើនៅខាងក្រោយផ្ទះ ហើយត្រូវក្រពើត្របាក់ខាំហែកស៊ីស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មបំផុត ដោយបន្សល់ទុកតែឆ្អឹងលលាដ៍ក្បាលឱ្យឪពុកម្តាយ ឱបទ្រហោយំយ៉ាងសង្វេគបំផុត បន្ទាប់ពីឪពុកចូលទៅវាយដណ្តើមលលាដ៍ក្បាលកូនពីមាត់ក្រពើ២ទៅ៣ក្បាលដែលកំពុងដណ្តើមគ្នាលេប ។
ហេតុការណ៍គួរឱ្យរន្ធត់ចិត្តបំផុតនេះ បានកើតឡើងនៅចន្លោះពីម៉ោង១០ទៅម៉ោង១១ព្រឹកថ្ងៃទី៣០ ខែ មិថុនា នៅចំណុចអាងចិញ្ចឹមក្រពើខាងក្រោយផ្ទះឪពុកម្តាយក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលពេញភូមិ រហូតដល់សមត្ថកិច្ច ។ បើតាម របាយការណ៍របស់លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ រ៉ែម រដ្ឋនារី អាយុទើបបានជាង២ឆ្នាំ ។ ចំណែកឪពុក ក្មេងស្រីឈ្មោះ រ៉ែម រដ្ឋ អាយុ៣៥ឆ្នាំ ម្តាយឈ្មោះ នល់ សុលី អាយុ៣២ឆ្នាំ ប្រកបរបរលក់ដូរ និងចិញ្ចឹមក្រពើមួយអាងមានជាង១ពាន់ក្បាល ។
ពួកគាត់មានកូនចំនួន៣នាក់(ស្រី១ប្រុស២នាក់) ហើយកុមារីរងគ្រោះជាកូនទី២ ។ បើតាមការសាកសួរឪពុកក្មេងស្រីបានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងប្រហែល១០ព្រឹកថ្ងៃនោះ គាត់បានជិះម៉ូតូទៅក្នុងភូមិដោយទុកកូនស្រីឱ្យនៅជាមួយប្រពន្ធដែលទើបតែសម្រាលកូនខ្ចីនៅផ្ទះ ។ រហូតដល់ម៉ោងជាង១០ព្រឹកទើបគាត់ត្រឡប់មកវិញ ក៏សួរប្រពន្ធថា កូនទៅណាហើយ ខណៈអត់ឃើញកូន ក៏ដើររកតែមិនឃើញ ហើយព្យាយាមដើររកជុំវិញផ្ទះ នៅតែមិនឃើញទៀត ។
លុះគាត់ឡើងទៅមើលក្នុងអាងក្រពើដែលគាត់ចិញ្ចឹម ស្រាប់តែឃើញលលាល៍ក្បាល១នៅក្នុងអាង ទើបដឹងថា កូនគាត់ពិតជាដើរលេងលើអាងក្រពើ ហើយធ្លាក់ចូលក្នុងអាង ក៏ត្រូវក្រពើស៊ីនៅសល់តែលលាល៍ក្បាលបុ៉ណ្ណោះ ។
ជារឿងគួរឱ្យសោកស្តាយ ហើយក៏ជាវិប្បដិសារីបំផុតក្នុងជីវិតមួយផងដែរ ដោយសារតែការប្រហែស
និងភ្លេចខ្លួនតែមួយភ្លែតក៏ត្រូវសត្វក្រពើដែលយើងចិញ្ចឹមវារាល់ថ្ងៃ បានឆក់ជីវិតកូនវិញដោយចាប់ហែកស៊ី
គួរឱ្យរន្ធត់ខ្លាំងណាស់ ។ សូមរំលែកទុក្ខជាមួយក្រុមគ្រួសាររងគ្រោះខាងលើ ហើយនេះចាត់ទុកជាមេរៀនមួយចែករំលែកដល់អ្នកដែលចិញ្ចឹមសត្វក្រពើ គួរតែបង្កើនការការពារ និងប្រុងប្រយ័ត្នឱ្យច្រើនជាងនេះ ព្រោះបើវាបានកើតឡើង យើងមិនអាចជួយជីវិតអ្នករងគ្រោះបានវិញឡើយ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ