ប្រទេសអារ៉ាប៊ីសាអូឌីត ៖ យោងតាមទូរទស្សន៍AL JAZEERAថា ព្រលានយន្តហោះអារ៉ាប៊ីសាអូឌីតក្រុងABHA រងការវាយប្រហារកាលពីថ្ងៃ២៣មិថុនាដោយដ្រូន បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ហើយមនុស្ស៧នាក់ទៀតរងរបួស។
ក្រោយការវាយប្រហារនោះ អាជ្ញាធរអារ៉ាប៊ីសាអូឌីតក៏អះអាងពីអ្នកស្លាប់ម្នាក់និងអ្នករបួស៧នាក់ដែរ។ ពួកឧទ្ទាមហ៊ូធីយេម៉ែនអះអាងពីការវាយប្រហារដោយដ្រូន លើព្រលានយន្តហោះ២របស់អារ៉ាប៊ីសាអូឌីត។ តាមសេចក្ដីថ្លែងការណ៍មួយពួកហ៊ូធីនិយាយថា ការវាយប្រហារដោយដ្រូនត្រូវបានធ្វើប្រឆាំងព្រលានយន្តហោះទីក្រុងABHA និងក្រុងJIZAN។ ប៉ុន្តែពួកឧទ្ទាមហ៊ូធីពុំបានផ្ដល់ភាពលម្អិតឡើយ ពីបណ្ដាផលវិបាកនៃការវាយប្រហាររបស់ពួកគេ។
ទូរទស្សន៍៍AL JAZEERAបញ្ជាក់ថា ជនជាតិស៊ីរីម្នាក់ដែលរស់នៅអារ៉ាប៊ីសាអូឌីតបានត្រូវស្លាប់។ ក្នុងខែមិថុនានេះពួកហ៊ូធីបានបង្កើនការវាយប្រហារប្រឆាំងអារ៉ាប៊ីសាអូឌីត ដែលធ្វើអន្តរាគមន៍យោធានៅយេម៉ែន ចាប់តាំងពីឆ្នាំ២០១៥មក ជាប្រមុខក្រុមចម្រុះយោធាអារ៉ាប់មួយ។ កាលពីថ្ងៃទី១២មិថុនាពួកឧទ្ទាមបានបាញ់មីស៊ីល ប្រឆាំងព្រលានយន្តហោះទីក្រុងABHA បណ្ដាលឲ្យជនស៊ីវិល២៦នាក់រងរបួសក្នុងការផ្ទុះមួយ។
បន្ទាប់មកទៀតពួកហ៊ូធីបានបាញ់នាយប់ថ្ងៃទី១៩មក២០មិថុនានូវមីសីុលបណ្ដែត១គ្រាប់ មកលើមជ្ឈមណ្ឌលអគ្គិសនីមួយស្ថិតនៅភាគខាងត្បូងអារ៉ាប៊ីសាអូឌីត៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ