ខេត្តបន្ទាយមានជ័យ ៖ ក្រោយកោះសន្តិភាពចុះផ្សាយរឿងរ៉ាវដ៏កំសត់វេទនារបស់គ្រួសារទុរគត២នាក់ឪពុកនិងកូនស្រីតូចដែលកន្លងមករស់នៅក្រោមខ្ទមគ្មានជញ្ជាំង ស្ថិតក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក រួចមក ពេលនេះគ្រួសារទុរគតមួយនេះទទួលបានផ្ទះថ្មីមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំ៤ម៉ែត្រគុណនឹង៦ម៉ែត្រ ពីអាជ្ញាធរខេត្តបន្ទាយមានជ័យ ដោយលោកហ៊ីប សាមៀត មេភូមិប្រាសាទត្បែងបានអះអាងថានឹងជួយសាងសង់ផ្ទះថ្មីឲ្យរួចរាល់ក្នុងពេលឆាប់ៗនេះ។
គ្រួសារទុរគតខាងលើមានឪពុកឈ្មោះជុំ មឿន អាយុ៧៦ឆ្នាំ និងកូនស្រីឈ្មោះមឿន ដាវ អាយុ៤ឆ្នាំ ។
កាលពីព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៩ នេះ អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិការបស់សប្បុរសជនតាមរយៈភ្នាក់ងារកោះសន្តិភាពត្រូវបានយកទៅប្រគល់ជូនគ្រួសារទុរគតខាងលើដោយផ្ទាល់ដៃតែម្តង។
ម្ចាស់អំណោយទាំងអស់ខាងលើ រួមមាន ១-ម្ចាស់ភោជនីយដ្ឋានអាស៊ានបៀនៅខេត្តបាត់ដំបង លោកយី យក់សាន និងលោកស្រីសុខ សេរីឃីម ព្រមទាំងបុត្រ ឧបត្ថម្ភអង្ករ១ការ៉ុង ស្មើនឹង៥០គីឡូក្រាម និងថវិកា២០ម៉ឺនរៀល ព្រមទាំងសម្ភារៈប្រើប្រាស់ជាច្រើនមុខ ២-អ្នកស្រីហៀង និងលោកស្រេង ជាម្ចាស់សណ្ឋាគារប៉ារីសនៅខេត្តបាត់ដំបង ឧបត្ថម្ភអង្ករ១ការ៉ុង ស្មើនឹង៥០គីឡូក្រាម ៣-កញ្ញាសុខ សេរីរតន ជាអ្នកលក់ក្រដាសបិទជញ្ជាំងនៅខេត្តបាត់ដំបង ឧបត្ថម្ភមុងភួយកម្រាល និងសម្ភារៈមួយចំនួន ។
៤-លោកលឹម រតនា និងក្រុមគ្រួសារនៅខេត្តបាត់ដំបងឧបត្ថម្ភមីចំនួន៥កេស ៥-បងស្រី តង នៅខេត្តបាត់ដំបង ឧបត្ថម្ភប្រាក់ចំនួន៥ម៉ឺនរៀល ៦-កញ្ញាស្រី ពៅ លក់គ្រឿងក្រអូបម៉ីសាងនៅខេត្តបាត់ដំបង ឧបត្ថម្ភប្រាក់២ម៉ឺនរៀល ៧-ប្អូនប្រុសឈ្មោះធារ៉ា នៅខេត្តបាត់ដំបងឧបត្ថម្ភប្រាក់២ម៉ឺនរៀល ៨-កញ្ញារស់ សុផាន់នី នៅខេត្តបាត់ដំបង ឧបត្ថម្ភប្រាក់ចំនួន៤ម៉ឺនរៀល ៩-លោកលី ឧសភា នៅខេត្តបាត់ដំបង ឧបត្ថម្ភប្រាក់ចំនួន១០ម៉ឺនរៀល និង១០-ក្រុមហ៊ុនធៀនធៀនសូឡាគ្រុប នៅខេត្តបាត់ដំបង ក៏បានជួយឧបត្ថម្ភគ្រួសារទុរគតខាងលើចំនួន៥០ម៉ឺនរៀលតាមរយៈភ្នាក់ងារកោះសន្តិភាពផងដែរ។
តាមរយៈភ្នាក់ងារកោះសន្តិភាពដែលបានយកអំណោយទៅប្រគល់ជូនដោយផ្ទាល់ដល់គ្រួសារទុរគតខាងលើបានឱ្យដឹងថា គ្រាន់តែទទួលបានអំណោយជាកាបូបស្ពាយទៅរៀនភ្លាម កូនស្រីតូចអាយុ៤ឆ្នាំស្ពាយកាបូបនោះដោយក្តីត្រេកអរ និងសប្បាយចិត្តយ៉ាងខ្លាំង លុះពេលភ្នាក់ងារកោះសន្តិភាពសួរថាចង់ទៅរៀនទេ? នាងតូចឆ្លើយថា ចង់ទៅរៀន ។
ក្រោយទទួលបានអំណោយទាំងអស់ខាងលើរួចហើយ គ្រួសារទុរគតទាំង២នាក់ឪពុកនិងកូនស្រីតូចបានលើកដៃសំពះអរគុណ និងជូនពរដល់អាជ្ញាធរ ព្រមទាំងសប្បុរសជនទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕ (កែសម្រួលដោយ ៖ ធីតា)
គួររំលឹកថា ទប់ទឹកភ្នែកមិនបាន! ក្រោយដឹងរឿងរ៉ាវដ៏កំសត់វេទនារបស់ឪពុកនិងកូនក្នុងខ្ទមមួយនេះ (មានវីដេអូ)
ចែករំលែកព័តមាននេះ