ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ចុះ​ពិនិត្យ​ការ​ស្តារ​ប្រឡាយ​និង​ដាក់​លូ​មេ ដើម្បី​រំដោះ​ទឹក​ផ្នែក​ខាងត្បូង​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៩​នេះ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង​នៃ​ការ​ស្ដារ​ប្រឡាយ និង​ការ​ដាក់​លូ​មេ​ដើម្បី​រំដោះ​ទឹកភ្លៀង​តំបន់​ភាគ​ខាងត្បូង​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៩​នេះ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង​នៃ​ការ​ស្ដារ​ប្រឡាយ និង​ការ​ដាក់​លូ​មេ​ដើម្បី​រំដោះ​ទឹកភ្លៀង​តំបន់​ភាគ​ខាងត្បូង​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ខណៈ​ដែល​តំបន់​នេះ​នៅ​តែ​ប្រឈម​នឹង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ពេល​ដែល​ភ្លៀង​ធ្លាក់​ខ្លាំង​ម្ដង​ៗ​។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ដើម្បី​រំដោះ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​រដូវវស្សា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​ណែនាំ​ពី​លោក​ឃួ​ង​ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​អោយ​ស្ដារ​ប្រឡាយ និង​ការ​ដាក់​លូ​ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញពី​តំបន់​មួយ​ចំនួន​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​៣ សង្កាត់​កា​កាប​១ សង្កាត់​កា​កាប​២ និង​មួយ​ប៉ែក​ទៀត​នៅ​ក្នុង​សែន​សុខ​។ ដើម្បី​អោយ​ដំណើរការ​នៃ​ការ​ស្តារ​ប្រឡាយ និង​ការ​ដាក់​លូ ដំណើរការ​ទៅ​បាន​រលូន និង​រួចរាល់​ទៅ​តាម​ផែនការ​និង​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​ផង​នោះ ។

លោកអភិបាល​រាជធានី​ភ្នំពេញ​ក៏​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ចុះ​មក​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​តែ​ម្តង​។ ក្នុង​ការ​ចុះ​ពិនិត្យ​នោះ​ឃើញ​ថា មាន​លំនៅ​ដ្ឋា​ន​មិន​រៀបរយ​មួយ​ចំនួន​បាន​សង់​រំលោភ​ប្រឡាយ​តែ​ម្តង​។

លោក​ឃួ​ង ស្រេង បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី​ធ្វើ​សេចក្តីជូនដំណឹង​ដើម្បី​អោយ​ប្រជាពលរដ្ឋ​រុះរើ​លំនៅ​ដ្ឋា​ន​របស់​ខ្លួន​ចេញ​ពីលើ​តួ​ឡាយ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ក៏​ដូច​ជា​មន្ទីរ​ជំនាញ​ងាយស្រួល​ក្នុង​ការ​ស្ដារ​ប្រឡាយ​នេះ​។

ដោយឡែក​រោងចក្រ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ ត្រូវ​បាន​លោក​អភិបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី​ជម្រុញ​អោយ​រោងចក្រ​ខាងលើ​ធ្វើការ​ដាក់​លូ​ទំហំ​២​ម៉ែត្រ​ជំនួស​លូ​ចាស់​ដែល​មាន​ទំហំ​ត្រឹមតែ​៨​តឹក ប្រវែង​២០០​ម៉ែត្រ ដោយ​ត​ភ្ជាប់​ទៅ​ប្រឡាយ​ភូមិ​ចំការឪឡឹក ។ បន្ថែម​ពី​នេះ​ទៀត រដ្ឋបាល​រាជធានី​ត្រូវ​ដាក់​លូ​ទំហំ​២​ម៉ែត្រ​ប្រវែង​១១៧០​ម៉ែត្រ​ថែម​ទៀត​។ ប្រឡាយ​ដែល​បាន​និង​កំពុង​ស្ដារ​នេះ បាន​ចាប់ផ្តើម​ពី​ប្រឡាយ​រ៉ា​ដា រហូត​ទៅ​ដល់​ប្រឡាយ​ទួល​សំពៅ ។

បើ​តាម​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រំដោះ​ទឹក​ផ្នែក​ខាងត្បូង​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ដោយ​មិន​ឲ្យ​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ព្រ​លាន​យន្តហោះ​ភ្នំពេញ​។ រំដោះ​ទឹក​មិន​អោយ​ទឹកភ្លៀង​លិចលង់​នៅ ភូមិ​ត្រពាំង​ជ្រៃ ភូមិ​ត្រពាំង​ពោធិ៍ ព្រៃ​ព្រីង​ខាងជើង ភូមិ​ព្រៃ​ទា សង្កាត់​កា​កាប​១ សង្កាត់​កា​កាប​២ សង្កាត់​ចោម​ចៅ​៣ និង​មួយ​ផ្នែក​ទៀត​រំដោះ​ទឹក​នៅ​ក្នុង​ខណ្ឌ​សែន​សុខ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ