ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមបានឱ្យដឹងថា ជនមិនស្គាល់អត្តសញ្ញាណដែលគេសង្ស័យជិះ
រថយន្តមួយគ្រឿងផង បានដឹកបក្សពួកទៅទម្លាក់ ដើម្បីធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងរួចជិះគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៣០ ឧសភា នេះ ស្ថិតនៅចំណុចខាងមុខផ្សារ«ហេងថេង» ក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក តែសកម្មភាពជនសង្ស័យនិងថយន្តបានថតជាប់ក្នុងកាមេរ៉ាសុវត្ថិភាព ។
ប្រភពបានឱ្យដឹងទៀតថា ម៉ូតូដែលត្រូវចោរលួចនោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខបាត់ដំបង 1AD-7559 ដែលមានម្ចាស់ឈ្មោះស៊ាង ចាន់ថា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
សេចក្ដីរាយការណ៍ដដែលនេះបានបញ្ជាក់ថា ជនល្មើសបានលួចយកម៉ូតូនេះ ខណៈពេលស្រ្តីរងគ្រោះទុកម៉ូតូនៅខាងមុខផ្សារ«ហេងថេង» រួចដើរចូលក្នុងផ្សារ ដើម្បីរកទិញអីវ៉ាន់ លុះចេញពីផ្សារមកវិញ ស្រាប់តែបាត់ម៉ូតូ ទើបធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្សារតែម្ដង ។
ប៉ុន្តែយ៉ាងណា បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យអាចមានបក្សពួកលើសពី២នាក់ ហើយមានទាំងរថយន្តទៀតផង។ ជនសង្ស័យ និងរថយន្តនោះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅខាងមុខផ្សារ និងនៅក្នុងផ្សារ ។
មន្រ្តីដដែលបានប្រាប់ថា អ្វីដែលគេសង្ស័យ គឺរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌កាំម៉ៃ ដែលចតនៅខាងមុខផ្សារ និងរូបបុរសម្នាក់ដែលធ្វើជាដើរចូលក្នុងផ្សាររកទិញទំនិញ ។ ក្រោយពីបក្សពួកលួចបានម៉ូតូជិះចេញទៅ គេឃើញជនម្នាក់បានរត់ចូលរថយន្តនោះ រួចបើកចេញភ្លាមៗដែរ ។ ទោះបីយ៉ាងណា ពេលនេះ សមត្ថកិច្ចកំពុងតាមស្រាវជ្រាវ និងស្វែងរកមុខសញ្ញានោះហើយ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ