រាជធានីភ្នំពេញ ៖ កីឡាករជើងខ្លាំងកម្ពុជា៣រូបត្រូវបានគេផ្គូផ្គងឱ្យជួបប្រកួតលក្ខណៈអន្តរជាតិជាមួយកីឡាករបរទេសនៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ីនាថ្ងៃសៅរ៍ទី១ មិថុនា ខាងមុខនេះ ។ អ្នកនិយមទស្សនាកីឡាប្រដាល់កំពុងតែទន្ទឹងរង់ចាំមើលថាតើកីឡាករកម្ពុជាទាំង៣រូបអាចសម្រេចគោលដៅរបស់ខ្លួនឬយ៉ាងណា ខណៈកីឡាករបរទេសដែលពួកកេត្រូវជួបនាពេលនោះសុទ្ធតែមានវិជ្ជាគុនខ្លាំងមិនអាចមើលស្រាលបែបហ្នឹងនោះ ។
គូអន្តរជាតិទី១ កីឡាករកម្ពុជា ឡុង ជិនមកពីក្លិបខ្លារខិនមានរិទ្ធ ត្រូវជួបប្រកួតជាមួយកីឡាករថៃ ហ្វាម៉ៃ ប៉.យុទ្ធភូមិ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ សម្រាប់ការប្រកួតលើកនេះ នៅមិនទាន់ដឹងថាយ៉ាងណានោះទេ ក្នុងពេលពួកគេធ្លាប់ជួបគ្នាចំនួន២លើករួចមកហើយ កាលពីឆ្នាំ២០១៧ ដោយឡុង ជិនធ្លាប់ឈ្នះដោយពិន្ទុម្ដងនិងវាយឱ្យសន្លប់ក្នុងទឹកទី៣ម្ដងទៀត ។ ប៉ុន្តែរយៈពេលជាង១ឆ្នាំកន្លងមកនេះគេមិនដឹងថា កីឡាករថៃម្នាក់នេះមានការផ្លាស់ប្ដូរយ៉ាងណានោះទេ ក្នុងពេល ឡុង ជិន រាងធ្លាក់កូដបន្តិចទៅហើយដែរ ទាំងកម្លាំងនិងបច្ចេកទេសមានការស្រុតចុះជាងមុនឆ្ងាយណាស់ ។ ចាំមើលគូនេះនរណាឈ្នះ?
គូអន្តរជាតិទី២ ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ត្រូវជួបប្រកួតជាមួយកីឡាករអុីរ៉ង់ ឈ្មោះ Younes Teymour ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ រវាងកីឡាករទាំង២មិនធ្លាប់ជួបគ្នាពីមុនមកទេ ក្នុងពេលកីឡាករអុីរ៉ង់ទើបតែឈានជើងចូលមកប្រកួតនៅស្រុកខ្មែរជាលើកទី១ ។
យោងតាមប្រវត្តិ កីឡាករអុីរ៉ង់ម្នាក់នេះធ្លាប់ប្រកួតបាន២៦ដងប៉ុណ្ណោះ ពេលមកប៉ះឃីម បូរ៉ា ដែលជាអ្នកប្រដាល់ចាស់វស្សាប្រហែលជាគ្មានសង្ឃឹមទៅរួចនោះទេ ។ តាមធម្មតាកីឡាករបរទេសមិនសូវមានបច្ចេកទេសនិងបទពិសោធន៍ប្រកួតប៉ុន្មានឡើយ អាងតែកម្លាំងមួយមុខប៉ុណ្ណោះទើបពិបាកសង្ឃឹមក្នុងការយកឈ្នះកីឡាករកម្ពុជា។
គូអន្តរជាតិទី៣ ម៉ឺន មេឃា មកពីក្លិបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវជួបប្រកួតជាមួយកីឡាករថៃ ភិតណាមអេក ស.ស.ប៉ាកន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ ម៉ឺន មេឃា និងកីឡាករថៃម្នាក់នេះក៏មិនធ្លាប់ជួបគ្នាពីមុនមកដែរប៉ុន្តែគេធ្លាប់មកប្រកួតនៅស្រុកខ្មែរចំនួន៩លើករួចមកហើយ និងធ្លាប់ផ្ដួលអ្នកប្រដាល់ជើងចាស់កម្ពុជាឱ្យចាញ់នៅក្រោមកណ្ដាប់ដៃរបស់គេជាច្រើននាក់រួចមកហើយដែរ ។
លើកនេះមកប៉ះចំអ្នកប្រដាល់ជើងថ្មី ម៉ឺន មេឃា នៅមិនទាន់ដឹងថា អាចស៊ូរួចឬអត់នោះទេ ព្រោះអី មេឃា ទើបតែយកឈ្នះកីឡាករជើងខ្លាំងថៃកាលពីថ្ងៃអាទិត្យមុននេះ ៕ (កែសម្រួលដោយ ៖ បុប្ផា )
ចែករំលែកព័តមាននេះ