រាជធានីភ្នំពេញ ៖ និស្សិតស្រីសាលាច្បាប់ម្នាក់បានទុកកាបូបលុយ និងទូរស័ព្ទនៅលើក្បាលដំណេក ស្រាប់តែត្រូវបានចោរញីឈ្មោល៤នាក់ ជិះម៉ូតូ១គ្រឿងទៅធ្វើសកម្មភាពលួចយកទៅបាត់ ប៉ុន្តែដោយសារតែទូរស័ព្ទមានភ្ជាប់ប្រព័ន្ធ GPS ទើបនាងដឹងពីគោលដៅ ដែលជនសង្ស័យកំពុងសង្ងំលាក់ខ្លួន ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
និស្សិតស្រីម្នាក់នោះឈ្មោះ គង់ រស្មី អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ហើយនាង គឺជាជានិស្សិតឆ្នាំទី៣ នៅសាលាច្បាប់ ហើយនៅក្នុងកាបូបដែលត្រូវជនសង្ស័យលួចនោះ មានលុយចំនួន៥១០ដុល្លារ និង១០ម៉ឺនរៀល ទូរស័ព្ទចំនួន៣គ្រឿង ។ ប៉ុន្តែក្រោយពេលចាប់ខ្លួនជនសង្ស័យ កាបូបនោះត្រូវបានដកហូតមកវិញ តែបាត់លុយអស់ចំនួន៤០០ដុល្លារ រកមិនឃើញឡើយ ហើយនគរបាលកំពុងសួរជនសង្ស័យពីរឿងនេះហើយ ។
ដោយឡែកជនសង្ស័យចំនួន៤នាក់រួមមាន ១- ឈ្មោះហេង សុភា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ២ -ឈ្មោះ ព្រំ វិបុល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង។ ៣ -ឈ្មោះ វិន រតនា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ។ ៤-ឈ្មោះ ជា ស្រីតី ភេទស្រី អាយុ២១ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា។ ជនទាំង៤នាក់នេះត្រូវចាប់ខ្លួន កាលពីវេលាម៉ោង៣និង១០នាទីយប់ទៀបភ្លឺ ថ្ងៃដដែលនៅក្នុងផ្ទះសំណាក់ ខូយ ឡាក់ តាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីឈ្មោះ ស៊ុន សុខនី អាយុ៥១ឆ្នាំ ដែលជាម្ចាស់ផ្ទះកើតហេតុ និងត្រូវជាម្ដាយរបស់និស្សិតស្រីនោះបានឲ្យដឹងថា សព្វថ្ងៃនេះផ្ទះរបស់គាត់គ្មានសុវត្ថិភាពទេ ព្រោះកំពុងសាងសង់មិនទាន់មានទ្វារនៅឡើយ ដូច្នេះគាត់ពិបាកក្នុងការការពារទ្រព្យសម្បត្តិខ្លាំងណាស់ ។ ម្យ៉ាងទៀតនៅក្នុងផ្ទះគ្មានមនុស្សប្រុសជាជំហទេ គឺមានតែស្រីៗ៣នាក់ ក្នុងនោះមានរូបគាត់ ម្ដាយគាត់ និងកូនស្រីគាត់ដែលជានិស្សិតស្រីនេះប៉ុណ្ណោះ ហើយនៅវេលាយប់ថ្ងៃកើតហេតុ ខណៈពេលកំពុងដេកលក់ ស្រាប់តែជនសង្ស័យចូលទៅធ្វើសកម្មភាពលួចកាបូបដល់ក្នុងផ្ទះ លុយ និងទូរស័ព្ទដែលដាក់នៅលើក្បាលដំណេក ។ ប៉ុន្តែពេលនេះគាត់បានភ្ញាក់ដឹងខ្លួនទាន់ស្ទុះក្រោកឡើងស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលទាំងយប់ ហើយគាត់បានដេញតាមដែរ តែដេញមិនទាន់ ជនសង្ស័យបានយកកាបូបជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
នគរបាលបានឲ្យដឹងថា ក្រោយពេលកើតហេតុជនរងគ្រោះបានទូរស័ព្ទប្តឹងនគរបាលប៉ុស្តិ៍សំរោងក្រោមឲ្យជួយអន្តរាគមន៍ ហើយដោយសារទូរស័ព្ទដៃដែលជនសង្ស័យលួចយកទៅមានភ្ជាប់ប្រព័ន្ធ GPS ទើបនិស្សិតស្រីមើលដឹងពីគោលដៅដែលជនសង្ស័យកំពុងសង្ងំលាក់ខ្លួន ។ បន្ទាប់មកនាងបានសហការណ៍ជាមួយកម្លាំងនគរបាលតាមរហូតដល់ផ្ទះសំណាក់យីហោ « ខូយ ឡាក់ »ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ទើបចាប់ខ្លួនជនសង្ស័យប្រុសស្រីបានទាំង៤នាក់ និងដកហូតយកបានកាបូបមកវិញ ប៉ុន្តែឆែកមើលបាត់លុយអស់ចំនួន៤០០ដុល្លារ ។ ទោះជាយ៉ាងណានគរបាលកំពុងសាកសួរ និងកសាងសំណុំររឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ហើយ ៕ កែសម្រួលដោយ៖ សុឃាក់
ចែករំលែកព័តមាននេះ