រាជធានីភ្នំពេញ ៖ អ្នកជំនាញមកពីវិទ្យាស្ថានផ្នែកគំរូប្លង់ និងនគររូបនីយកម្ម នៃទីក្រុង ស៊ិនជិន(Shenzhen) ប្រទេសចិនថ្មីៗបានចូលរួមលើការសិក្សាពង្រាងប្លង់មេសម្រាប់អភិវឌ្ឍន៍ខេត្តព្រះសីហនុ ដែលខេត្តមាត់សមុទ្រមួយនេះ ត្រូវបានរាជរដ្ឋាភិបាលចាត់ចូលជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ នេះបើតាមការចេញផ្សាយរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មចេញកាលពីព្រឹកថ្ងៃទី ២៣ ខែឧសភា កន្លងទៅនេះ ។
ក្នុងជំនួបពិភាក្សាការងាររវាង លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយប្រតិភូវិទ្យាស្ថានគំរូប្លង់ និងនគររូបនីយកម្ម នៃទីក្រុង Shenzhen ប្រទេសចិន ដឹកនាំដោយលោក ស៊ាវ ស៊ីម៉ា (Xiao Sima ) កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩ ដៃគូសន្ទនាបានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើការងារពង្រាងប្លង់មេ ដែលធ្វើឡើងដោយអ្នកជំនាញមកពីវិទ្យាស្ថានផ្នែកគំរូប្លង់ និងនគររូបនីយកម្ម នៃទីក្រុង Shenzhen សម្រាប់អភិវឌ្ឍន៍ខេត្តព្រះសីហនុ ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធបានថ្លែងប្រាប់អ្នកជំនាញការរបស់ចិនថា «គំរូប្លង់មេដែលធ្វើឡើងដោយអ្នកជំនាញផ្នែកនគររូបនីយកម្ម នៃទីក្រុង Shenzhen នឹងមានលក្ខណៈល្អប្រសើរសម្រាប់អភិវឌ្ឍន៍នៅខេត្តព្រះសីហនុ ឲ្យមានលក្ខណៈស៊ីវិល័យ ការពារបាននូវកំរិតបរិស្ថានខ្ពស់ និងជាទីតាំងដ៏ទាក់ទាញសម្រាប់ការវិនិយោគ និងតំបន់ឧស្សាហកម្ម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤យើងនេះ » ។ លោកបានបញ្ជាក់បន្ថែមទៀតថា នៅពេលដែលពង្រាងប្លង់មេនេះ លេចចេញជារូបរាងហើយ យើងនឹងយកមកដាក់ការពិភាក្សាក្នុងកិច្ចប្រជុំអន្តរក្រសួង មុននឹងដាក់ឆ្លងទៅគណៈរដ្ឋមន្ត្រីសម្រេច។
យ៉ាងណាមិញ លោក ស៊ាវ ស៊ីម៉ា បានបញ្ជាក់ថាក្រុមការងារបច្ចេកទេសនៃវិទ្យាស្ថានរបស់លោក បានមកសិក្សាលើកទី១ កាលពីខែ មីនា កន្លងទៅ ដោយបានឃើញនូវភាពរីកចម្រើន និងសក្តានុពលរបស់កម្ពុជា គួរជាទីចាប់អារម្មណ៍សម្រាប់ការវិនិយោគ និងបង្កើតសួនឧស្សាហកម្ម។ លោក ស៊ាវ ស៊ីម៉ា បានបន្ថែមថា «វិទ្យា ស្ថានរបស់លោក នឹងយកបទពិសោធជោគជ័យ និងដំណោះស្រាយឈ្នះៗ ដែលធ្លាប់បានអភិវឌ្ឍន៍នៅទីក្រុង Shenzhen មកអភិវឌ្ឍន៍នៅកម្ពុជា ដោយធ្វើយ៉ាងណាឲ្យស្របនិងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០២៥» ។
ប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តព្រះសីហនុ បានប្រែប្រួលមុខមាត់យ៉ាងខ្លាំង ដោយសារតែការសម្រុកវិនិយោគលើវិស័យសំណង់អាគារ កាស៊ីណូ និងក្លឹបកំសាន្តនានា ពីសំណាក់វិនិ យោគិនចិន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ