ខេត្តព្រៃវែង ៖ កំលាំងអាវុហត្ថចំនួន៣ខេត្ត រួមទាំងកំលាំងលើផ្ទៃប្រទេសផងនោះបានសហការគ្នាបំបែកសំណុំរឿងឃាតកម្មកាប់សម្លាប់យុវជនម្នាក់នៅខេត្តព្រៃវែង កាលពីអំឡុងពេលមុនចូលឆ្នាំខ្មែរ ដោយសមត្ថកិច្ចបានតាមប្រមាញ់ជនសង្ស័យរហូតដល់ខេត្តកំពង់ធំ ទើបធ្វើការចាប់ឃាត់ខ្លួនបាន និងបញ្ជូនមកកាន់ខេត្តព្រៃវែងវិញ។
ប្រតិបត្តិការខាងលើនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងខេត្តកំពង់ធំ ដោយមានការសហការចូលរួមពីកំលាំងអាវុធហត្ថខេត្តពោធិសាត់ អាវុធហត្ថខេត្តកំពង់ធំ និងកំលាំងអាវុធហត្ថលើផ្ទៃប្រទេសផងដែរ ដោយអនុវត្តន៏តាមដីការបញ្ជាអោយចូលខ្លួនលេខ៦០ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ របស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើឈ្មោះ គល់ ធី ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅក្នុងភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានកំលាំងអាវុធហត្ថចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៥និង៤០នាទី ល្ងាចថ្ងៃទី២២ ឧសភា នៅចំណុចភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយជាប់ចោទពីបទ « ហិង្សាមានស្ថានទម្ងន់ទោស» ដែលបានប្រព្រឹត្តទៅលើជនរងគ្រោះម្នាក់ឈ្មោះ ទ្រា ហ៊ា ភេទប្រុស អាយុ២៧ឆ្នាំ កាលពីថ្ងៃទី១២ខែមេសា ឆ្នាំ២០១៩ នៅចំណុចវត្តហាបូរ ស្ថិតក្នុងភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ បណ្តាលអោយជនរងគ្រោះស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
លោកវរៈសេនីយត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែង បានអោយដឹងថា ក្រោយពីត្រូវបានចាប់ឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតកែកកាប់ទៅលើជនរងគ្រោះឈ្មោះ ទ្រា ហ៊ា ភេទប្រុស អាយុ២៧ឆ្នាំ នៅចំនុចវត្តហាបូរ ស្ថិតក្នុងភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ បណ្តាលអោយស្លាប់ ពិតប្រាកដមែន ដោយមូលហេតុគឺបណ្តាលមកពីជនរងគ្រោះតែងតែនិយាយឌឺដង និងជិះម៉ូតូមករោទិ៍នៅមុខផ្ទះរបស់ខ្លួនជារៀងរាល់ថ្ងៃ ទើបធ្វើអោយខ្លួនខឹងហើយគុំក្នុងចិត្ត លុះមកដល់ថ្ងៃកើតហេតុពេលមានកម្មវិធីបុណ្យក្នុងវត្ត ហើយបានជួបជនរងគ្រោះ ទើបធ្វើសកម្មភាពកាប់ប្រហារជនរងគ្រោះតែម្តងទៅ ហើយក្រោយពីធ្វើសកម្មភាពរួចហើយ ខ្លួនក៏បានរត់គេចខ្លួនមករស់នៅខេត្តកំពង់ធំ រហូតដល់ថ្ងៃត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការទៅតាមនិតិវិធី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ