រាជធានីភ្នំពេញ ៖ ម៉ឺន មេឃា ជើង ខ្លាំងប្រចាំក្លិបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងរឿង សារ័ត្ន ជើងខ្លាំងប្រចាំក្លិបទ័ពពិសេសឆត្រយោង៩១១ ត្រូវបានគណៈកម្មការរៀបចំការប្រកួតផ្គូផ្គងឱ្យជួបប្រកួតដណ្ដើមប្រាក់លានជាមួយកីឡាករថៃ នៅលើសង្វៀនទូរទស្សន៍ ស៊ីអិនស៊ី នៅថ្ងៃសៅរ៍ ទី២៥ ឧសភា សប្ដាហ៍នេះ ។ អ្នកនិយមទស្សនាកីឡាប្រដាល់កំពុងតែទន្ទឹងរង់ចាំមើលថាតើកីឡាករកម្ពុជាទាំងពីររូបនេះអាចសម្រេចគោលដៅរបស់ខ្លួនឬយ៉ាងណាខណៈកីឡាករថៃដែលពួកគេត្រូវជួបនាពេលនេះហាក់មានសមត្ថភាពខ្លាំងពិបាកផ្ដួលអ៊ីចឹងនោះ។
ម៉ឺន មេឃា ត្រូវជួបប្រកួតជាមួយកីឡាករ ថៃឈ្មោះ ផានុវ៉ាត សក្ដ័ឆ័យយុង ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ ម៉ឺន មេឃា បទពិសោធ ប្រកួតនៅលើសង្វៀនមិនសូវជាច្រើនប៉ុន្មាននោះទេ ប៉ុន្តែបើនិយាយពីថ្វីដៃប្រកួតវិញគឺ ល្អខ្លាំងណាស់ កម្លាំងក៏រឹងមាំ ឯចិត្តក៏សឿងទៀត ។
មិនតែប៉ុណ្ណោះកីឡាករជើងថ្មីវ័យក្មេងម្នាក់នេះធ្លាប់ឆ្លងកាត់ការប្រកួតជាមួយកីឡាករបរទេសរាប់ភ្លេច ។ លើកនេះ ម៉ឺន មេឃា នៅតែមានជំនឿចិត្តខ្ពស់ក្នុងការប្រជែងយកប្រាក់លានជាមួយកីឡាករថៃ ផានុវ៉ាត ស័ក្ដឆ័យយុង។
ចំណែក រឿង សារ័ត្ន ត្រូវប៉ះជាមួយកីឡាករ ថៃឈ្មោះ ណាំខៈបួន តូងប្រាសាទហ៊ីនដែល មានវិជ្ជាគុនល្អ ។ ជាក់ស្ដែង រាល់ការមកប្រកួតនៅលើសង្វៀនស្រុកខ្មែរជាច្រើនឆ្នាំមកនេះ គេរមែងស្ពាយជ័យជម្នះត្រឡប់ទៅវិញក្នុងភាគរយច្រើនគួរសម ។ ប៉ុន្តែលើកនេះប្រហែលជាគ្មានសំណាងដូចមុនទៀតនោះទេ ដោយសាររឿង សារ័ត្ន ជាអ្នកប្រដាល់ជើងចាស់មួយរូប មានបទពិសោធន៍ប្រកួតនៅលើសង្វៀនយូរឆ្នាំដូច្នេះគេនឹងមិនបណ្ដោយឱ្យកីឡាករថៃម្នាក់នេះដណ្ដើមប្រាក់លានពីរូបគេបានសម្រេចដោយងាយនោះទេ។
នៅលើសង្វៀនដដែលសម្រាប់គូប្រកួតមិត្តភាពវិញក៏ត្រូវគេមើលឃើញថាសុទ្ធតែជាកីឡាករខ្លាំងៗនៅក្នុងពិភពប្រដាល់ដូចជា កីឡាករ ខាំ រស្មី មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ប្រកួតជាមួយកីឡាករបារាំងឈ្មោះLoan Garol ខណៈកីឡាករលីន វិរៈ មកពីក្លិបបុរីរាជសីហ៍ ប្រកួតជាមួយកីឡាករ សេក ចៅជូត មកពីក្លិបអង្គរមានជ័យខេត្តសៀមរាប ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ