ខេត្តស្ទឹងត្រែង ៖ស្រ្តីម្នាក់រងរបួសដាច់រលាត់ស្បែក បែកប្រអប់ដៃខាងស្តាំខ្ទេចត្រូវអ្នកភូមិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២៦ កុម្ភៈ ២០១២ បន្ទាប់ពីភ្លាត់ស្នៀតចូលដៃក្នុងម៉ាស៊ីនកិនទឹកអំពៅ។
ប្រភពបានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះមួយ គា អាយុ៦០ឆ្នាំ រស់នៅចំណុចអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ នៅថ្ងៃកើតហេតុស្រ្តីរងគ្រោះបានប្រើម៉ាស៊ីនកិនទឹកអំពៅដើម្បីលក់ឱ្យភ្ញៀវ ខណៈពេលកំពុងតែកិន ស្រាប់តែរអិលដៃចូលក្នុងម៉ាស៊ីនត្រឹមប្រអប់ដៃកិនខ្ទេចតែម្តង។ ភ្លាមៗនោះស្ត្រីរងគ្រោះបានស្រែកពេញទំហឹងធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាងរត់ទៅមើលស្រាប់តែឃើញដៃស្តាំរបស់គាត់រមូរនៅក្នុងម៉ូទ័រកិនទឹកអំពៅស្រេចទៅហើយ ទើបប្រញាប់ប្រញាល់ពន្លត់ម៉ាស៊ីនកិនទឹកអំពៅ និងទាញដៃចេញពីម៉ាស៊ីនរួចដឹកទៅសង្គ្រោះ ។
ក្រោយមកដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានព្យាយាមសង្គ្រោះអស់ពីសមត្ថភាព ដោយធ្វើការកាត់ម្រាមដៃចោល ព្រោះវាខ្ទេចអស់ទៅហើយមិនអាចតភ្ជាប់បាន៕
ចែករំលែកព័តមាននេះ