ខេត្តកំពង់ឆ្នាំង ៖ បច្ចុប្បន្ន ការលួចឈូសឆាយដីព្រៃរបស់រដ្ឋ ដីដែនជម្រកសត្វព្រៃ និងដីព្រៃលិចទឹក នៅតែមានសកម្មភាពគ្រប់កន្លែងក្នុងខេត្ត ហើយបើចំណុចណាដែលត្រូវបានសារព័ត៌មាននិងទូរទស្សន៍ចុះផ្សាយពីសកម្មភាពបទល្មើសនៅចំណុចណា គឺចំណុចនោះគ្រាន់តែស្ងប់ស្ងាត់មួយរយៈខ្លី ក្រោយមកក៏មានសកម្មភាពវិញដដែល ជួនកាលខុសកន្លែងចាស់តិចតួចប៉ុណ្ណោះ ។
ជាក់ស្តែង ដីគម្របព្រៃឈើរបស់រដ្ឋជាង១០ហិកតា នៅចំណុចខ្ទមអ្នកដូនរាជ ស្ថិតក្នុងភូមិរមាស ឃុំតាំង ក្រសាំង ជាប់ព្រំប្រទល់ភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ត្រូវក្រុមឈ្មួញដីលួចដាក់គ្រឿងចក្រឈូសឆាយទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ដោយមិនឃើញមានសមត្ថកិច្ច ឬជំនាញណាទប់ស្កាត់ការពារដីរបស់រដ្ឋនោះឡើយ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឲ្យដឹងថា គេឃើញមានរថយន្តដឹកគ្រឿងចក្រ៣គ្រឿង មកឈូសឆាយគម្របព្រៃឈើនៅចំណុចខាងលើ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ។ ប៉ុន្តែនៅពេលក្រុមអ្នកកាសែតទូរស័ព្ទសួរនាំលោកស្នងការរងនគរបាលខេត្តមួយរូបដែលពាក់ព័ន្ធនឹងដីខាងលើនេះ ក៏ត្រូវបែកការណ៍ ហើយគ្រឿងចក្រទាំងនោះត្រូវបានគេដឹកយកចេញពីកន្លែងឈូសឆាយដីព្រៃខាងលើនេះវិញ ។
ទាក់ទងនឹងបញ្ហានេះ លោក ថោង វិរ៉ាវិឌ្ឍី នាយខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែឧសភាថា លោកមិនប្រាកដថាដីចំណុចណាឱ្យបានច្បាស់លាស់នោះទេ ប៉ុន្តែតាមលោកចាំដីនៅចំណុចដូចបានប្រាប់នោះ គឺមានដីប្រជាពលរដ្ឋខ្លះ និងដីគម្របព្រៃឈើរបស់រដ្ឋខ្លះ ។ ទោះជាយ៉ាងនេះក្តី លោកនឹងចាត់មន្ត្រីឲ្យទៅពិនិត្យមើលនៅចំណុចដែលមានការឈូសឆាយដីព្រៃនោះ ដើម្បីទប់ស្កាត់ បើពិតជាដីរដ្ឋមែន ។
ជាមួយគ្នានេះ លោក ម៉េង ហាក់ អភិបាលស្រុកទឹកផុស បានឱ្យដឹងថា ដីនៅចំណុចខាងលើភាគច្រើនគឺជាដីរបស់ប្រជាពលរដ្ឋ និងជាប់គម្របព្រៃខ្លះ ។ ចំពោះភូមិរមាស ឃុំតាំងក្រសាំង និងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ គឺត្រូវបានខណ្ឌចែកព្រំគ្នាដោយអូរ ។ លោកបញ្ជាក់ថា លោកមិនបានដឹងរឿងហ្នឹងដែរ តែលោកនឹងឲ្យមន្ត្រីសាលាស្រុកទៅពិនិត្យមើល ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ដីនៅចំណុចខាងលើគឺជាដីព្រៃរបស់រដ្ឋ មិនមែនដីកេរមរតករបស់អ្នកណាឡើយ ហើយមកដល់ពេលនេះគេបានលួចឈូសឆាយអស់ប្រមាណជាង១០ហិកតាទៅហើយ ដោយមិនទាន់ឃើញមានមន្ត្រីជំនាញណាម្នាក់ចុះទៅទប់ស្កាត់ឡើយ។អ្នករំលោភយកដីរបស់រដ្ឋ គឺសុទ្ធតែជាអ្នកមានអំណាច មិនមែនជាប្រជាពលរដ្ឋទន់ខ្សោយឡើយដោយប្រើរូបភាពទិញពីប្រជាពលរដ្ឋ និងដោយមានការគាំទ្រពីអាជ្ញាធរមួយចំនួនផងដែរ ៕
ចែករំលែកព័តមាននេះ