ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​អំពាវនាវ​ឲ្យ​អ្នកបើកបរ​រួសរាន់​ទៅ​រៀន និង​ប្រឡង​យក​ប័ណ្ណបើកបរ​ឲ្យ​បាន​គ្រប់​ៗ​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយ​កោះសន្តិភាព​ដឹង​ថា ម៉ូតូ​កង់​បី​ដែល​បាន​ចុះបញ្ជី​ផ្លូវការ និង​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​២៤.៤២៩ គ្រឿង ក្នុង​នោះ​ម៉ូតូ​កង់​បី​ខ្មែរ​មាន​ចំនួន​១០០៩១​គ្រឿង…

រាជធានី​ភ្នំពេញ ៖ លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយ​កោះសន្តិភាព​ដឹង​ថា ម៉ូតូ​កង់​បី​ដែល​បាន​ចុះបញ្ជី​ផ្លូវការ និង​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​២៤.៤២៩ គ្រឿង ក្នុង​នោះ​ម៉ូតូ​កង់​បី​ខ្មែរ​មាន​ចំនួន​១០០៩១​គ្រឿង និង​ម៉ូតូ​កង់​បី​ឥណ្ឌា​មាន​ចំនួន​១៤៣៣៨​គ្រឿង ដែល​អ្នកបើកបរ​មិន​ទាន់​មាន​បណ្ណ​បើកបរ​ត្រឹមត្រូវ និង​ត្រូវ​ឲ្យ​ពួក​គាត់​រួសរាន់​ទៅ​រៀន​ច្បាប់ និង​ប្រឡង​យក​បណ្ណ​បើកបរ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។

លោក​សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រយៈពេល​កន្លង​មក​ក្រុម​បងប្អូន​អ្នកបើកបរ​ត្រីចក្រយានយន្ត ជា​ពិសេស​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ភាគច្រើន​ពុំ​មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ ព្រមទាំង​មិន​ទាន់​បាន​យល់​ដឹង​ពី​ច្បាប់ និង​ស្លាក​សញ្ញា ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ដែរ ។ ដោយសារ​ហេតុផល​បែប​នេះ​ទើប​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក្រសួង​សាធារណការ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាត់​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​រាជធានី​ភ្នំពេញ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ឥត​គិតថ្លៃ ដើម្បី​ឲ្យ​បងប្អូន​រត់​ម៉ូតូ​កង់​បី​ចេះ​ច្បាប់​ចរាចរណ៍ និង​ឲ្យ​មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ ។

លោក​បន្ត​ថា វគ្គ​បណ្តុះបណ្តាល​នោះ​មាន​រយៈពេល​២​ខែ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​០២ ខែមីនា ដល់​ថ្ងៃ​ទី​០៤ ខែឧសភា ដែល​ទើបតែ​បញ្ចប់​ក្នុង​ពេល​ថ្មី​ៗ​នេះ និង​ត្រូវ​បាន​ចែក​ចេញ​ជា​៩​វគ្គ ដោយ​មាន​អ្នក​ចូល​រៀន​វគ្គ សរុប​ចំនួន​៦៤៣៥​នាក់ បេក្ខជន​ដាក់​ពាក្យ​ប្រឡង​ចំនួន​៣០៦០​នាក់ អវត្តមាន​ចំនួន​១១៤​នាក់ និង​ប្រឡង​ជាប់​មាន​ចំនួន​១៦១០​នាក់ ។ លោក​សាំ ពិសិដ្ឋ បាន​បញ្ជាក់​ថា ការ​បណ្តុះបណ្តាល​នេះ គឺជា​ធ្វើ​ឡើង​ដោយ​ឥត​គិតថ្លៃ តែ​សិក្ខាកាម​ដែល​ជា​ម្ចាស់​ម៉ូតូ​កង់​បី​ដាក់​ពាក្យ​ប្រឡង​នោះ​ត្រូវ​បង់ថ្លៃ​សេវា​រដ្ឋ សរុប​រួម​ចំនួន​៤​ម៉ឺន​រៀល​ក្នុង​នោះ​ពិនិត្យ​សុខភាព​១​ម៉ឺន​រៀល​ផង​ដែរ ។

ចំពោះ​បងប្អូន​មាន​បណ្ណ​បើកបរ​រថយន្ត បើ​ទៅ​បើកបរ​ម៉ូតូ​កង់​បី​ក៏​ត្រូវ​តែ​មាន​ប័ណ្ណបើកបរ​ម៉ូតូ​កង់​បី​ដែរ ។ លោក នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី​ទាំងអស់​រួសរាន់​ទៅ​រៀន និង​ប្រឡង​យក​ប័ណ្ណបើកបរ​ឲ្យ​បាន​គ្រប់​ៗ​គ្នា ជៀសវាង​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​តាម​ផ្លូវ ចំណែកឯ​ក្រុមការងារ​បាន និង​កំពង់​ត្រៀមចាំ​ទទួល​បងប្អូន​ជា​និច្ច ។

គួរ​រំលឹក​ថា លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ​នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​របស់​គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោល នៅ​ពី​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៩ ធ្លាប់​បាន​បញ្ជាក់​ថា ក្រសួង​សម្រេច​ទុក​ពេល​៣​ខែ​ឱ្យ​អ្នក​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី​ទាំងអស់​ចូល​ទៅ​រៀន និង​ប្រឡង​យក​ប័ណ្ណបើកបរ ដើម្បី​រួមចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ