ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ការភ្ញាក់ផ្អើលដែលអ្នកភូមិចាប់បានសត្វក្រពើ២ក្បាល ជាបន្តបន្ទាប់នៅក្នុងទឹកស្ទឹងសង្កែនោះ សមត្ថកិច្ចនិងប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកបាណន់ បាននិងកំពុងនាំគ្នាចុះត្រូតពិនិត្យតាមដងស្ទឹងសង្កែ ដើម្បីស្វែងរកសត្វក្រពើផ្សេងទៀត ក្រែងអាចមាននៅសេសសល់ ដែលគេអះអាងថា អាចជាសត្វក្រពើដែលរួចចេញពីកន្លែងចិញ្ចឹមណាមួយ ។
អធិការស្រុកបាណន់ លោកប៉ាន់ វ៉ាន់នី បានថ្លែងប្រាប់កោះសន្តិភាព នៅរសៀលថ្ងៃទី០៦ ឧសភា នេះថា ពិតជាមានសត្វក្រពើមែន ដែលអ្នកភូមិចាប់បាននៅតាមដងស្ទឹងសង្កែចំនួន២ក្បាល ។ លោកអធិការបានប្រាប់ថា សត្វក្រពើទាំង២ក្បាលនោះ ត្រូវអ្នកភូមិចាប់បាននៅកន្លែងផ្សេងគ្នា និងចាប់បាន២ថ្ងៃជាប់ៗគ្នា។ លោកនិយាយទៀតថា កាលពីរសៀលថ្ងៃទី០៣ ឧសភា អ្នកភូមិម្នាក់ឈ្មោះស៊ត សុហេង ភេទប្រុស អាយុ៣២ឆាំ្ន រស់នៅភូមិទួលច្រនៀង ឃំំុបាយដំរាំ បានចុះទៅងូតទឹកស្ទឹងសង្កែ ដែលនៅខាងលិចផ្ទះរបស់គាត់បន្តិច ។ ពេលនោះ ស្រាប់តែឆ្កែគាត់បានប្រទះឃើញសត្វក្រពើមួយក្បាល កំពុងសំងំនៅលើគោកក្បែរមាត់ទឹក ហើយក៏ស្ទុះដេញព្រូសសត្វក្រពេី ទើបគាត់ស្ទុះទៅវាយក្រពើនោះបាន ដែលមានទម្ងន់ប្រហែល១០គីឡូក្រាម ។
ដោយឡែក សត្វក្រពើមួយក្បាលទៀតដែលមានទម្ងន់ប្រហែល៣០គីឡូក្រាម ត្រូវបានអ្នកភូមិម្នាក់ទៀតឈ្មោះថៃ ជ្រូក ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទូលច្រនៀងជាមួយគ្នាដែរ ចាប់បាននៅវេលាម៉ោង៩យប់ថ្ងៃទី០៤ ឧសភា ពេលដែលគាត់ចុះទៅរកបង់សំណាញ់នៅក្នុងស្ទឹង ដែលស្ថិតនៅខាងលិចផ្ទះរបស់គាត់បន្តិច ។
លោកប៉ាន់ វ៉ាន់នី បានបញ្ជាក់ថា អ្នកបង់សំណាញ់បានប្រទះឃើញក្រពើនោះកំពុងហែលនៅកន្លែងទឹករាក់ ទើបគាត់បង់សំណាញ់គ្របចាប់បានតែម្ដង។ ការចាប់បានសត្វក្រពើនៅក្នុងស្ទឹងសង្កែនេះ បើតាមលោក
ស៊ត សុហេង ដែលចាប់បានក្រពើលើកដំបូង បាននិយាយប្រាប់សមត្ថកិច្ចថា តាំងពីដើមមក គាត់មិនដឹងថា មានសត្វក្រពើនៅក្នុងស្ទឹងបែបនេះទេ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើទំព័រកោះសន្តិភាព ។
ចែករំលែកព័តមាននេះ