ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយ​ឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​អស់​ជាង​៦០​ខ្នង​នៅ​ស្រុក​សាលា​ក្រៅ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​យោង​តាម​សេចក្ដីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​១​មេ​យ៉ាង​ខ្លាំង បាន​វាយប្រហារ​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ធ្វើ​ឱ្យ​ខូចខាត​អស់​ជា​ច្រើន​ខ្នង តែ​មិន​បណ្តាល​ឱ្យ​មនុស្ស ឬ​សត្វ​រង គ្រោះថ្នាក់​នោះ​ឡើយ…

ខេត្ត​ប៉ៃលិន ៖ បើ​យោង​តាម​សេចក្ដីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​១​មេ​យ៉ាង​ខ្លាំង បាន​វាយប្រហារ​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ធ្វើ​ឱ្យ​ខូចខាត​អស់​ជា​ច្រើន​ខ្នង តែ​មិន​បណ្តាល​ឱ្យ​មនុស្ស ឬ​សត្វ​រង គ្រោះថ្នាក់​នោះ​ឡើយ ។

ហេតុការណ៍​ភ្លៀង​ធ្លាក់​លាយ​ខ្យល់​កន្ត្រាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៩ បណ្ដាល​ឱ្យ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​៦៤​ខ្នង ត្រូវ​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយ​ក្នុង​នោះ​មាន​១២​ខ្នង បាន​ខូចខាត​អស់ ទាំងស្រុង​តែ​ម្តង ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មេឃ​ខ្មៅ​អួរ​អាប់​ខ្យល់​បក់​បោក​មក​ពី​ទិស ខាងលិច លុះ​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​មាន​ធ្លាក់​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បក់​បោក​យ៉ាង​ខ្លាំង បណ្តាល​ឱ្យ​ប៉ើង​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ ហើយ​រលំ​ដើមឈើ​អស់​ជា​ច្រើន​ដើម​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា អស់​រយ​:​ពេល​ជិត​១​ម៉ោង ទើប​ខ្យល់​បាន​ស្ងប់​ទៅ​វិញ តែ​ក៏​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព ដោយ​អ្នកខ្លះ​ស្រែក​ទ្រហោយំ​ហៅ​កូនចៅរ​ត់ទៅ​ជ្រក​នៅ​កន្លែង​មាន​សុវត្ថិភាព ចៀសវាង​របើក​ស័ង្កសី​ហើរ​មក​ត្រូវ បណ្តាល​ឱ្យ​រង​របួស​និង​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន អាជ្ញាធរ​មូលដ្ឋាន និង​ខាង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត កំពុង​នាំ​គ្នា​ចុះ​ទៅ​សួរនាំ​ស្រង់​ស្ថិតិ​អំពី​ផល​ប៉ះពាល់ ដោយសារ​ខ្យល់​កន្ត្រាក់​ដ៏​ខ្លាំង​មួយ​នេះ ដើម្បី​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់ តែ​ទោះបីជា​យ៉ាងណា គេ​មិន​ទាន់​ឃើញ​មាន​សេចក្ដីរាយការណ៍ ពី​ការ​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​សត្វ និង​ការ​ខូចខាត​ផលដំណាំ​នៅឡើយ​ទេ ។

សូម​បញ្ជាក់​ថា ករណី​ខ្យល់​កន្ត្រាក់​បាន​កើតឡើង​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​នា​ឆ្នាំ​២០១៩​នេះ មាន​ចំនួន​៣​លើក​មក​ហើយ ដែល​បណ្តាល​ឱ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​នរណា​ម្នាក់​ស្លាប់​បាត់បង់​អាយុជីវិត​នោះ​ឡើយ គឺ​គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ ។ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សុវត្ថិភាព​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ