ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​វាយប្រហារ​ផ្ទះ​ជា​ច្រើន​ខ្នង​ក្នុង​សង្កាត់​ចំនួន​៤​នៅ​ក្រុង​បាត់ដំបង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោង​តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២២ មេ​សា មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​ផង ធ្វើ​ឱ្យ​ប៉ះទង្គិច​ទៅ​លើ​សង្កាត់​ចំនួន​៤ នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​បណ្ដាល​ឲ្យ​ខូចខាត​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​យ៉ាងតិច​ចំនួន​១៧​ខ្នង​។ សមត្ថកិច្ច​បាន​រាយ​ការ​ណ៏​ថា…

ខេត្តបាត់ដំបង ៖ យោង​តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២២ មេ​សា មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ​យ៉ាង​ខ្លាំងក្លា​ផង ធ្វើ​ឱ្យ​ប៉ះទង្គិច​ទៅ​លើ​សង្កាត់​ចំនួន​៤ នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​បណ្ដាល​ឲ្យ​ខូចខាត​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​យ៉ាងតិច​ចំនួន​១៧​ខ្នង​។

សមត្ថកិច្ច​បាន​រាយ​ការ​ណ៏​ថា គិត​ត្រិ​ម​ម៉ោង​៧​យប់​ថ្ងៃ​ដដែល​នេះ គេ​នៅ​មិន​ទាន់​ទ​ទូល​បាន​ដំណឹង​ជាក់លាក់​ស្ដី​ពី​មហន្តរាយ​ដោយ​គ្រោះ​ធម្មជាតិ​ដ៏​សាហាវ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​ទ​ទូល​បាន​នូវ​របាយការណ៍​បឋម​ដំបូង​ថា មាន​លំនៅ​ឋាន​ចំនួន​១៧​ខ្នង​បាន​រង​ការ​ខូចខាត ក្នុង​នោះ​មាន​ចំនួន​៣​ខ្នង ត្រូវ​ខ្យល់​កន្ត្រាក់​វាយ​កំទេច​ទាំងស្រុង​។

សេចក្ដី​រាយ​ការ​ណ៏​ដដែល​បាន​បញ្ជាក់​ថា សង្កាត់​ចំនួន​៤ នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នេះ គឺ​មាន​សង្កាត់​អូរ​ចារ​, សង្កាត់​វត្ត​គរ​, សង្កាត់​អូរ​ម៉ា​ល់ និង សង្កាត់​ព្រែក​ព្រះស្ដេច តែ​មិន​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

ជាមួយ​គ្នា​នេះ​ដែរ បើ​តាម​ប្រភព​ព័​ត៌​ពី​មន្ត្រី​នានា​ថា ខ្យល់​កន្ត្រាក់​កាលពី​រសៀល​ថ្ងៃ​ទី​២២ មេ​សា នេះ​មិនមែន​ប៉ះទង្គិច​តែ​ទៅ​លើ​ក្រុង​បាត់ដំបង មួយ​ប៉ុណ្ណោះ​ទេ គឺ​បាន​ប៉ះ​ទៅ​លើ​តាម​បណ្ដា​ស្រុក​ជា​ច្រើន​ទៀត​នៅ​ក្នុង​ខេត្តបាត់ដំបង​។ ប៉ុន្តែ​ភ្លាម​ៗ​នេះ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​មិន​ទាន់​មាន​របាយ​ការ​ណ៏​ស្ដី​អំពី​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​ធម្មជាតិ​នេះ ព្រោះ​ទាំង​សមត្ថកិច្ច ទាំង​អាជ្ញាធរ​ដែនដី​កំពុង​ចុះ​ស្រាវជ្រាវ​នៅ
ឡើយ​។

បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ឯ​ស្រុក​សង្កែ ខ្យល់​កន្ត្រាក់​បាន​បោកបក់​បណ្តាល​ឱ្យ​រំលំ​រោង​ដែក​ដួល​សង្កត់​រថយន្ត​ស៊េរី​ទំនើប​ៗ​អស់​ប៉ុន្មាន​គ្រឿង​ទៀត​ផង​។ ប៉ុន្តែ​យ៉ាងណា ពេល​នេះ​អាជ្ញាធរ​បាន​នឹង​កំពុង​ចុះ​ធ្វើការ​ស្រាវជ្រាវ​អំពី​គ្រោះ​មហន្តរាយ​នេះ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ហើយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ