ខេត្តសៀមរាប ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ក្រុង/ស្រុក ត្រូវបានខ្យល់កន្ទ្រាក់វាយប្រហារយ៉ាងខ្លាំង បណ្តាលឱ្យមានរបើកដំបូលផ្ទះ, សាលារៀន និងដើមឈើជាច្រើនផងដែរ ខណៈមានភ្លៀងធ្លាក់មកល្មមៗទេ ដោយសារមានខ្យល់កន្ត្រាក់ខ្លាំង ទើបបណ្តាលឱ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋតែម្តង កាលពីម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ប៉ុន្តែសំណាងល្អ មិនមាននរណាម្នាក់ ឬសត្វពាហនៈរងរបួសឡើយ។
តាមប្រភពពីប៉ូលិសខេត្តបានប្រាប់ថា ផ្ទះប្រជាពលរដ្ឋចំនួន៣ក្រុង/ស្រុក ដែលត្រូវខ្យល់កន្ទ្រាក់វាយប្រហារធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនអស់ផ្ទះសំបែងរកជ្រកកោនមិនបាន ប៉ុន្តែសំណាងល្អគ្មាននរណាម្នាក់រងរបួសឡើយ ក្នុងហេតុការណ៍គ្រោះធម្មជាតិនោះ។ ប្រភពបានបញ្ជាក់ថា ផ្ទះពលរដ្ឋដែលត្រូវខ្យល់បោកបក់នៅតាមបណ្តាក្រុង-ស្រុកទាំង៣នោះមានដូចខាងក្រោម៖
១-ស្រុកពួក ៖ ប៉ះពាល់ចំនួន០២ឃុំ ក្នុងនោះមាន ឃុំរើល និងឃុំដូនកែវ បណ្ដាលឱ្យខូចខាតដូចជា៖ ឃុំរើល របើកដំបូលចំនួន០៥ខ្នង រលំចំនួន០២ខ្នង បាក់សំយ៉ាប១ខ្នង ទ្រេត១ខ្នង និងឃុំដូនកែវ របើកដំបូលចំនួន០៦ ខ្នងរលំចំនួន០៣ខ្នង ប៉ះពាល់សាលារៀន០១ខ្នង។
២ -ស្រុកបន្ទាយស្រី ៖ ឃុំព្រះដាក់ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១៥ខ្នង មានរបើកដំបូល១៣ខ្នងផ្ទះ រលំ០១ខ្នង ដើមឈើដួលសង្កត់មកលើផ្ទះពលរដ្ឋចំនួន០១ខ្នង។
៣ -ក្រុងសៀមរាប ក្នុងនោះមាន សង្កាត់នគរធំខូចខាតចំនួន០៥ខ្នង ៖ របើកដំបូល០៣ខ្នង ដួលរលំផ្ទាល់ដីចំនួន០២ខ្នង ។
សូមបញ្ជាក់ផងដែរថា ក្នុងករណីគ្រោះធម្មជាតិដ៏សាហាវនេះ ពុំបណ្តាលឱ្យមានមនុស្សរបួសអ្វីឡើយ៕
ចែករំលែកព័តមាននេះ