ខេត្តបន្ទាយមានជ័យ ៖ នៅអំឡុងសប្តាហ៍នេះក្នុង១ថ្ងៃពលករខ្មែរស្របច្បាប់ជិត២ពាន់នាក់និងពលករខុសច្បាប់ដែលថៃចាប់បញ្ជូនជិត៤០០នាក់បានចូលតាមច្រកទា្វអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់កាលពីថ្ងៃទី៩ ខែមេសាឆ្នាំ២០១៩ បានឱ្យដឹងថា ក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៩ជិតមកដល់នាពេលខាងមុខនេះ គេឃើញមានពលករខ្មែរចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩នេះមានប្រមាណជាង១.៥០០នាក់ និងពលករខ្មែរដែលភាគីថៃចាប់បញ្ជូនមកវិញមានចំនួន៤០០នាក់ ហើយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩នេះមានចំនួន១.៨២៨នាក់និងពលករខ្មែរដែលថៃចាប់បញ្ជូនមានចំនួន១២១នាក់។
មន្ត្រីដដែលបានបញ្ជាក់ថា បើប្រៀបធៀបកាលពីឆ្នាំ២០១៨កន្លងទៅនេះ ថ្ងៃបុណ្យឆ្នាំប្រពៃណីខ្មែរគឺប្រជាពលរដ្ឋត្រឡប់ពីធ្វើការនៅប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឃើញថា ប្រជាពលរដ្ឋដែលមកស្របច្បាប់មានចំនួនច្រើនជាងឆ្នាំ២០១៩នេះ អាចថានៅអំឡុងប៉ុន្មានថ្ងៃខាងមុខនេះគឺប្រជាពលរដ្ឋសម្រុកចូលមកច្រើនដូចឆ្នាំមុនៗ។
កន្លងមកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានការរិះគន់ថា ប្រជាពលរដ្ឋខ្មែរដែលឆ្លងកាត់ចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតយកលុយខុសពីគោលការណ៍ច្បាប់នោះ តែត្រូវបានមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបញ្ជាក់ថា គឺគ្មានកម្លាំងនគរបាលអន្តោប្រវេសន៍ណាមួយហ៊ានទារលុយពីប្រជាពលរដ្ឋដែលចេញចូលខុសគោលការណ៍ឡើយ ប្រសិនជាមាន និងរកឃើញថាមានកម្លាំងនគរបាលអន្តោប្រវេសន៍ណាយកឬទារលុយពីប្រជាពលរដ្ឋនោះនឹងចាត់វិធានការតាមច្បាប់ មិនអោយប៉ះពាល់ដល់អង្គភាពឡើយ៕
ចែករំលែកព័តមាននេះ