ខេត្តកំពត ៖ កម្មករសំណង់២នាក់បានត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ខណៈកំពុងធ្វើសំណង់ក្នុងការដ្ឋានអគារមួយកន្លែង នៅកាច់ជ្រុងផ្លូវបែកជាបួន ចូលទៅវត្តត្រើយកោះ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។ ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១ ខែមេសា។
ប្រភពជាច្រើនបានរិះគន់ទៅលើម្ចាស់សំណង់អគារ និងមន្ត្រីរមន្ទីរជំនាញក្រុងកំពតថា សំណង់អគារដែលឆក់កម្មករនេះ គឺបណ្តាលមកពីការសាងសង់រំលោភលើចំណីផ្លូវ ដែលសំណង់នេះជាប់កៀកនឹងខ្សែភ្លើងស្រាតគឺប្រមាណកន្លះម៉ែត្រពីជញ្ជាំងអគារ លុះពេលកម្មករលើកដែករន្ទានៅជិតខ្សែភ្លើង ក៏បណ្តាលឲ្យចរន្តអគ្គិសនីស្រូបឆក់តែម្តង ។
ប្រភពដដែលលើកឡើងទៀតថា សំណង់នេះបើតាមច្បាប់សាងសង់គឺមិនអាចអនុញ្ញាតឲ្យសាងសង់រំលោភចំណីផ្លូវដូច្នេះទេ ប៉ុន្តែការសាងសង់សំណង់ខាងលើនេះទៅបាន គេមានការសង្ស័យថាមន្ត្រីជំនាញបិទភ្នែកជាមួយម្ចាស់សំណង់ ទើបបានជាហ៊ានសង់កៀកនឹងខ្សែភ្លើងបង្កឲ្យមានគ្រោះថ្នាក់ដល់កម្មករសំណង់បែបនេះ ។
ជុំវិញហេតុការណ៍ខាងលើ កោះសន្តិភាពបានភ្ជាប់ទូរសព្ទ័ទៅលោក ផូ បូរ៉ា ប្រធានសំណង់ក្រុងកំពត ដើម្បីសុំការបំភ្លឺជុំវិញសំណង់នេះ តែទូរស័ព្ទហៅចូលហើយក៏មានអ្នកចុចថាជាប់រវល់ ។ ជាមួយគ្នានេះ ភ្នាក់ងារយើងបានភ្ជាប់ទូរសព្ទ័ទៅលោក លាង រឿនសុទ្ធី អភិបាលក្រុងកំពតដើម្បីស្រាយបំភ្លឺជុំវិញសំណង់ខាងលើដែរ និងត្រូវបានលោកប្រាប់ថា សំណង់ភាគច្រើននៅក្នុងក្រុងកំពតសុទ្ធតែមានច្បាប់ទាំងអស់ ។
ប៉ុន្តែសំណង់អគារដែលកំពុងសង់នៅចំណុចកើតហេតុ ដែលមតិមួយចំនួនសង្ស័យថាសំណង់នោះសង់រំលោភចំណីផ្លូវនេះ លោកពុំទាន់បានដឹងថាតើមានច្បាប់ឬមិនមានច្បាប់នោះទេ ពីព្រោះលោកពុំទាន់បានសួរទៅមន្ត្រីជំនាញនៅឡើយ ។ កម្មកររងគ្រោះដែលត្រូវខ្សែភ្លើងឆក់ទាំង២នាក់នេះ ម្នាក់ឈ្មោះ អុន អាត ភេទប្រុស អាយុ ២៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ធា ធី ភេទប្រុស អាយុ២៦ឆ្នាំ ទាំង២នាក់មានស្រុកកំណើតនៅឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
ជនរងគ្រោះទាំង២នាក់បានឲ្យដឹងថា មុនកើតហេតុ ពួកគេបានដោះរន្ទាដែកនៅជញ្ជាំងដែលបូកហើយ ។ នៅពេលខ្លួនកំពុងកាន់ដែកផ្តេកដើម្បីរៀបដំឡើងរន្ទានៅជញ្ជាំងម្ខាងទៀត ប៉ុន្តែមិនទាន់បានរៀបផង គ្រាន់តែផ្តេករន្ទាក៏ប៉ះនឹងខ្សែភ្លើងស្រាតបីសរសៃនៅក្បែរជញ្ជាំងនោះ បណ្តាលឲ្យឆក់ធ្លាក់មកទើរនឹងស្បៃដែលបាំងការដ្ឋានសំណង់ទាំងពីរនាក់តែម្តង ។
ភ្លាមៗនោះមានអ្នកដំណើរនិងប្រជាពលរដ្ឋឃើញ ក៏រាយការណ៍ទៅខាងអង្គភាពអគ្គិសនីឲ្យបិទប្រព័ន្ធភ្លើងនៅចំណុចខាងលើ ទើបមួយម៉ោងក្រោយមក មានបុគ្គលិកអគ្គិសនីយករថយន្តមានដងសន្ទូចមកជួយទ្រពីក្រោមស្បៃ រួចកម្មករនិងបុគ្គលិកអគ្គិសនីជួយលើកឡើងចូលទៅក្នុងអគារហើយគ្រាហ៍ចុះពីលើអគារមកដាក់ក្នុងរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យបង្អែកខេត្ត ។
ចំណែកក្រុមគ្រូពេទ្យដែលជួយសង្គ្រោះជនរងគ្រោះនិយាយថា ជនរងគ្រោះអាចរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតហើយ ប៉ុន្តែក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ពិនិត្យឈាមនិងដាក់សេរ៉ូមដើម្បីជួយសង្គ្រោះបឋមសិន ។
ចែករំលែកព័តមាននេះ