ប្រទេសអីុស្រាអែល-ប៉ាឡេស្ទីន ៖ ក្រុមហាម៉ាស់ប៉ាឡេស្ទីនប្រកាសកាលពីយប់ថ្ងៃទី២៥មីនាថា បទឈប់បាញ់គ្នាមួយត្រូវបានចុះហត្ថលេខា រវាងបណ្ដាក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅជ្រោយហ្គាហ្សានិងអីុស្រាអែល ដោយមានអេហ្ស៊ីបជាអាជ្ញាកណ្ដាល ក្រោយភាពតានតឹងដែលនាំឲ្យមានការភ័យខ្លាច ពីការប៉ះទង្គិចគ្នាដោយចំហថ្មី ពេលកំពុងមានភាពតានតឹងខ្លាំងស្រាប់។
ក្នុងសេចក្ដីប្រកាសមួយលោកFAWZI BARHOUM អ្នកនាំពាក្យរបស់ក្រុមហាម៉ាស់និយាយថា ក្រោមការខិតខំប្រឹងប្រែងរបស់អេហ្ស៊ីប ទើបឈានទៅដល់ការចុះហត្ថលេខាលើបទឈប់បាញ់គ្នាមួយ រវាងអីុស្រាអែលនិងបណ្ដាអង្គការតស៊ូប៉ាឡេស្ទីន។
ការវាយប្រហារពិសេសតាមអាកាសរបស់អីុស្រាអែល និងការបាញ់គ្រាប់រ៉ុក្កែតរបស់ពួកប៉ាឡេស្ទីន នៅបន្តក្រាយការប្រកាសពីបទឈប់គ្នានោះ តែចុះថយមុនពាក់កណ្ដាលយប់។
ជាការតបតចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតប្រឆាំងអីុិស្រាអែល កាលពីយប់មុន កងទ័ពអីុស្រាអែលគូសបញ្ជាក់ថា បានវាយប្រហារគោលដៅលើគោក ជាច្រើនសិបរបស់ពួកភេរវករនៅហ្គាហ្សា។ តាមប្រភពពីហ្គាហ្សាមកថា ជនប៉ាឡេស្ទីន៧នាក់រងរបួស។
ពួកប៉ាឡេស្ទីនបានបង្កើនការបាញ់គ្រាប់រ៉ុក្កែតចេញពីភាគខាងជើងជ្រោយហ្គាហ្សា សំដៅទៅអីុស្រាអែល។ កងទ័ពអីុស្រាអែលនិយាយថាមុនម៉ោង២២យប់ថ្ងៃទី២៥មីនា រាប់ឃើញការបាញ់គ្រាប់រ៉ុក្កែត និងគ្រាប់កាំភ្លើងត្បាល់ប្រមាណជា៣០គ្រាប់ មកពីជ្រោយហ្គាហ្សា ដោយគ្រាប់ទាំងនោះមួយចំនួនត្រូវស្ទាក់កម្ទេច ដោយប្រព័ន្ធការពារអាកាស។ គ្រាប់រ៉ុក្កែតភាគច្រើនធ្លាក់ក្នុងតំបន់គ្មានមនុស្សរស់នៅ។
ការប្រទូស្តរ៉ាយគ្នាថ្មីនេះ កើតមានតាមរយៈការបាញ់គ្រាប់រ៉ុក្កែតចម្ងាយឆ្ងាយមួយគ្រាប់ មកពីហ្គាហ្សាបណ្ដាលឲ្យមនុស្ស៧នាក់រងរបួសនៅភាគខាងជើងក្រុងតែលអាវីវកាលពីយប់មុន។ ភាពតានតឹងថ្មីកើតឡើងពេលនាយករដ្ឋមន្ត្រីអីុស្រាអែល លោកបេនចាមីននេតាន់យ៉ាហ៊ូ កំពុងតែបំពេញទស្សនកិច្ចមួយនៅអាមេរិក។ បណ្ដាយន្តហោះអីុស្រាអែលបានទម្លាក់គ្រាប់បែក ថ្វើឲ្យខូតខាតធ្ងន់ធ្ងរការិយាល័យរបស់ប្រមុខក្រុមហាម៉ាស់ លោកISMAIL HANIYEH និងកម្ទេចអគារ២ទៀតក្នុងទីក្រុងហ្គាហ្សា៕
ចែករំលែកព័តមាននេះ