ប្តីប្រពន្ធ បើទោះជាថាមានរូបរាងផ្សេងគ្នា តែគួរមានបេះដូងតែមួយគឺក្នុងបំណងផ្តល់សុភមង្គលដល់គ្នាទៅវិញទៅមកទើបក្នុងផ្ទះមានសិរីស្តីដ៏ឧត្តម ។
មែនហើយប្តីប្រពន្ធត្រូវតែជាមនុស្សយកហេតុផលជាសំខាន់ កុំធ្វើអ្វីៗស្រេចតែចិត្តចង់ កុំអាងខ្លួនឯងជាធំក្នុងផ្ទះឲ្យជ្រុលហួសហេតុពេក។ សកម្មភាពបែបនេះពិតមែនតែគ្រួសារមិនបែកបាក់គ្នាមែន តែត្រូវគេងបែរខ្នងដាក់គ្នាមិនខាន ព្រោះតែហេតុមិនសប្បាយចិត្ត និងមិនចុះសម្រុងគ្នា ។
តាមពិតទៅស្ត្រីជាភរិយាច្រើនតែរអ៊ូរទាំនិយាយច្រើន ចំណែកបុរសជាស្វាមីក៏រអ៊ូខ្លះដែរ តែតិចតួច ដោយសារតែដើមហេតុមកពីមនុស្សនៅក្នុងផ្ទះមិនរួមដៃគ្នាជួយកិច្ចការអ្វីៗ ហើយត្រូវធ្លាក់មកលើតែមនុស្សម្នាក់ឬពីរនាក់ទាំងការងារខាងក្រៅ ការងារខាងក្នុងត្រូវដោះស្រាយស្ទើរតែកើតរោគសរសៃប្រសាទទៅហើយ ។
ដូច្នេះដើម្បីបន្ធូរភាពតានតឹងខ្លះ មានតែមនុស្សទាំងអស់នៅក្នុងផ្ទះទាំងម្តាយទាំងឪពុកទាំងកូនត្រូវរួមដៃគ្នា ធ្វើអ្វីដែលគួរជួយបានធ្វើបាន ក៏ជួយធ្វើគ្នាទៅ វាជារឿងប្រសើរបំផុត ។
គួរចងចាំថា មេផ្ទះដែលឆ្លាត មិនត្រូវចងការងារក្នុងផ្ទះសម្រាប់តែខ្លួនឯង អ្នកណាៗធ្វើមិនត្រូវចិត្តនោះទេ គួរបង្រៀនប្តី បង្រៀនកូនៗឲ្យចេះដឹង ហើយឲ្យកូនធ្វើនូវកិច្ចការនោះជំនួសខ្លួន ។
គ្រប់គ្នាត្រូវយល់ថា ការងារអ្វីក៏ដោយ បើយើងធ្វើទៅហើយមានផលឲ្យបានសុខទាំងអស់គ្នា ការងារនោះយើងត្រូវរីករាយនឹងធ្វើ ព្រោះជាបុណ្យក្នុងជីវិតប្រចាំថ្ងៃ ។
ចែករំលែកព័តមាននេះ