រាជធានីភ្នំពេញ ៖ ប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់នៅក្នុងសហព័ន្ធកីឡាគុនចម្រុះកម្ពុជាបានអះអាងប្រាប់អ្នកសារព័ត៌មានថា ព្រឹត្តិការណ៍ប្រដាល់ MMA របស់ខ្មែរដែលប្រសិទ្ធនាមថា Cambodian Fighting Championship នឹងបង្ហាញវត្តមាននៅកម្ពុជា នាអំឡុងខែមិថុនា ខាងមុខនេះ ។
លោក ហ៊ុន ចាន់រាជ អគ្គលេខាធិការសហព័ន្ធកីឡាគុនចម្រុះកម្ពុជា បានបង្ហើបឲ្យដឹងថា ព្រឹត្តិការណ៍ MMAរបស់ខ្មែរដែលសហព័ន្ធកីឡាគុនចម្រុះកម្ពុជាបង្កើតឡើងនេះក្នុងគោលដៅរួម
ចំណែកបំផុសវិស័យកីឡានៅកម្ពុជាឱ្យកាន់តែផុសផុល ពិសេសគឺចង់បង្ហាញពិភពលោកថា កម្ពុជាក៏មាន MMA របស់ខ្លួនដែរ ។
លោកអះអាងថា ព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិមួយនេះ ក្នុងមួយឆ្នាំរៀបចំប្រកួតតែ៣ទៅ៤លើកប៉ុណ្ណោះ ដោយមានការអញ្ជើញកីឡាករអន្តរជាតិមកប្រកួតដូចព្រឹត្តិការណ៍ONE : Championship ដែរ ។
លោកបន្តថា ការបង្កើតព្រឹត្តិការណ៍ ដែលជាអត្តសញ្ញាណខ្លួននេះ វានឹងរួមចំណែកផ្តល់ទីផ្សារប្រកួតដល់កីឡាករគុនខ្មែរ និង MMA របស់ខ្មែរបានឡើងប្រកួត ដើម្បីពង្រឹងសមត្ថភាពឈានជើងឆ្ពោះទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ធំកម្រិតអាស៊ី និងពិភពលោក ។ មិនត្រឹមតែប៉ុណ្ណោះវាថែមទាំងផ្តល់ការងារមួយចំនួនដល់កីឡាករចាស់ៗដែលចូលនិវត្តន៍ពីអាជីពប្រដាល់ផងដែរ ។
លោក ហ៊ុន ចាន់រាជ ក៏បានបញ្ជាក់ផងដែរថា សម្រាប់ព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិរបស់ខ្មែរមួយនេះ នឹងដំណើរការនាអំឡុងខែមិថុនាក្រោមការជួយជ្រោមជ្រែងពីលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាគុនចម្រុះកម្ពុជា ។
គម្រោងប្រកួតនេះ មានគូអន្តរជាតិពិសេសៗ និងមានប្រកួតដណ្តើមខ្សែក្រវាត់ជើងឯកប្រចាំសង្វៀនផងដែរ ។ តាមរយៈអ្នកសារព័ត៌មាន លោកក៏ស្នើឲ្យមហាជនដែលគាំទ្រវិស័យកីឡាគុនខ្មែរចូលរួមគាំទ្រលើកស្ទួយព្រឹត្តិការណ៍របស់ខ្មែរមួយនេះផង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍MMAរបស់ខ្មែរដែលប្រសិទ្ធនាមថា Cambodian Fighting
Championship នឹងចាប់ផ្តើមបង្ហាញវត្តមាននៅកម្ពុជា នាពាក់កណ្តាលខែមិថុនា ឆ្នាំ២០១៩
នេះតទៅ ដោយការរៀបចំអាចធ្វើឡើង៣ខែម្តង ហើយមានគូអន្តរជាតិចំនួន១២គូក្នុងនោះកីឡាករខ្មែរមានតម្លៃខ្លួនចាប់ពី៣០០ដុល្លារ រហូតដល់ជាង១០០០ដុល្លារ ៕
ចែករំលែកព័តមាននេះ