ខេត្តកំពង់ឆ្នាំង ៖ ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង នឹងឈានចូលមកដល់នាថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ២០១៩ នេះហើយ ខណៈដែលគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យបានរៀបចំកិច្ចការងាររបស់ខ្លួនរួចជាស្រេចហើយដែរក្នុងការស្វាគមន៍វត្តមានប្រជាពលរដ្ឋ និងភ្ញៀវ ទេសចរមកពីគ្រប់ទិសទី។
ពិធីបុណ្យទន្លេលើកទី៥នេះ ធ្វើឡើងក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាពប្រជាជន និងទេសចរណ៍» ហើយនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ។ ចំណែកការតុបតែងលម្អនៅតាមដងផ្លូវនៃក្រុងកំពង់ឆ្នាំង ពិតជាមានភាពស្រស់ស្អាតគួរឱ្យទាក់ទាញតែម្តង ហើយខណៈនេះមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានមកទស្សនាកម្សាន្តជាបណ្ដើរៗផងដែរ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ការងារត្រៀមរៀបចំបុណ្យទន្លេនេះ បានឆ្លងកាត់ការប្រជុំត្រួតពិនិត្យជាច្រើនលើក ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ឱ្យប្រព្រឹត្តទៅដោយភាពរលូន ប្រកបដោយភាពអធិកអធមជាងមុន។ ជាក់ស្តែងកាពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ លោករួមជាមួយលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកស្រី ដោក សទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីរាជការ ក្រោមឱវាទបើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំចុងក្រោយ។
លោករដ្ឋមន្ត្រីបានលើកឡើងក្នុងកិច្ចប្រជុំនោះដោយសង្កត់ធ្ងន់លើការពង្រឹងសុវត្ថិភាពទូទៅ សុវត្ថិភាពចរាចរណ៍ សន្តិសុខសណ្ដាប់ធ្នាប់ក្នុងពិធី និងទូទាំងក្រុងកំពង់ឆ្នាំង ពិសេសគឺត្រូវសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ និងគណៈអធិបតីឱ្យបានល្អប្រសើរ។
លោក ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារបន្ថែមការតុបតែងភ្លើងលម្អនៅកន្លែងមួយចំនួនទៀត ពិសេសភ្លើងលម្អនៅតាមដើមឈើ ទីសាធារណៈជាដើម ខណៈការតុបតែងលម្អនៅកន្លែងនានា ក្រុមការងារក៏បានខិតខំធ្វើយ៉ាងល្អប្រសើរហើយដែរ ។ ប៉ុន្តែលោកបាន ស្នើដល់អគ្គិសនីកម្ពុជាសូមកុំឱ្យមានការដាច់ភ្លើងអគ្គិសនីក្នុងពេលពិធីបុណ្យទន្លេរយៈពេល៣ថ្ងៃនោះឱ្យសោះ។
ទាក់ទិននឹងកម្មវិធីសម្តែងសិល្បៈ និងកីឡា លោករដ្ឋមន្ត្រីបានឲ្យដឹងថា ចំពោះកម្មវិធីទាំងពីរនេះ គឺយើងបានត្រៀមរួចរាល់អស់ផងដែរ ប៉ុន្តែព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះ ក៏មានការសម្ដែងសិល្បៈពីក្រុមសិល្បកររបស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌូនេស៊ី ផងដែរ។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រីក៏បានណែនាំដល់ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ក្នុងក្រុងកំពង់ឆ្នាំង ត្រូវស្លៀកពាក់ឯកសណ្ឋានឱ្យបានស្អាតបាតត្រឹមត្រូវ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ដែលមកទស្សនាកម្សាន្តក្នុងពិធីបុណ្យទន្លេ ព្រមទាំងសូមចូលរួមក្នុងយុទ្ធនាការ «គ្មានសំរាមក្រោមតុនៅតាមភោជនីយដ្ឋាន-អាហារដ្ឋាន» ឱ្យបានសស្រាក់សស្រាំ ។ ចំណែកក្រុមយុវជនក៏ដូចជា អ្នកមានគូស្រករ គប្បីចូលរួមដាំដើមឈើក្នុងពិធីបុណ្យទន្លេ ទុកជាអនុស្សាវរីយ៍ឱ្យបានកុះករ ដើម្បីចូលរួមដល់ការការពារបរិស្ថាន។
សូមជម្រាបថា ការរៀបចំពិធីបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងលើកនេះមានការរៀបចំខុសប្លែកច្រើន បើ ប្រៀបធៀបទៅនឹងពិធីបុណ្យទន្លេលើកមុនៗ ខណៈដែលក្រុមមន្ត្រីជំនាញបានបង្ហាញ នូវក្តីរំពឹងថា បុណ្យទន្លេឆ្នាំនេះនឹងមានអ្នកចូលរួមប្រមាណ៥០ម៉ឺននាក់ឯណោះ ៕
ចែករំលែកព័តមាននេះ